រាជធានីភ្នំពេញ : ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ បានចេញសេចក្តីប្រកាសព័ត៌មានឲ្យដឹងថា គម្រោងវិនិយោគចំនួន១៧២ ដែលមានទុនវិនិយោគសរុបប្រមាណ២,៥ពាន់លានដុល្លារអាម៉េរិក ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងត្រីមាសទី១ ឆ្នាំ២០២៥។
ក្នុងត្រីមាសទី១ នៃឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ១៧២គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ២,៥ពាន់លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបាន ចំនួនប្រមាណជិត ១២ម៉ឺនកន្លែង ក្នុងនោះគម្រោងពង្រីកផលិតកម្មមានចំនួន ៦គម្រោង។ ក្នុងចំណោមគម្រោង វិនិយោគសរុប គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៩៩គម្រោង និង គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៧៣គម្រោង។ ជារួមក្នុងត្រីមាស ទី១ ឆ្នាំ២០២៥ នេះ ការចុះបញ្ជីគម្រោងវិនិយោគមានការកើនឡើងចំនួន ៦៦គម្រោង ខណៈទុនវិនិយោគ មានការកើនឡើងប្រមាណជាង ៣០៥លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ១៤% ធៀបនឹងរយៈពេលដូច គ្នាក្នុងឆ្នាំ២០២៤។ ដោយឡែកក្នុងខែមីនានេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគសរុប ចំនួន ៦០គម្រោង ក្នុងទុនវិនិយោគប្រមាណ ១,៤ពាន់លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណជិត ៥ម៉ឺនកន្លែង ក្នុងនោះគម្រោងពង្រីកផលិតកម្មមានចំនួន ២គម្រោង៕ រក្សាសិទ្ធដោយ៖សុទ្ធលី






