Sunday, May 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវបង្ក្រាបករណីឃាតកម្ម នៅស្រុកភ្នំព្រឹក

ខេត្តបាត់ដំបង ៖ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ នៅចំណុចអូរចម្លងស្នេហ៍ ស្ថិតក្នុងភូមិដីល្អ ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មានករណីប្រទះឃើញសាកសពបុរសម្នាក់ដេកស្លាប់ ដោយសង្ស័យជាករណីឃាតកម្ម ជនរងគ្រោះមានឈ្មោះ ផន សីហា ហៅកិប ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅភូមិ ឃុំកើតហេតុ។

ក្រោយពីមានហេតុការណ៍ខាងលើកើតឡើង ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូណា និងលោកវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង, ខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ ដោយបានធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញរហូតកំណត់បានអត្តសញ្ញាណ និងទីតាំងលាក់ខ្លួនរបស់ជនសង្ស័យដែលបានប្រព្រឹត្តបទល្មើសខាងលើ។

លុះនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង១៥និង៤០នាទី កម្លាំងជំនាញបានបន្តដឹកនាំសហការ ដោយឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ សេន ណាយ ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ ត្រង់ចំណុចភូមទំនប់ចាស់ ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

ជនសង្ស័យខាងលើបានឆ្លើយសារភាពថា កាលពីថ្ងៃកើតហេតុ(មិនចាំថ្ងៃ) ខ្លួន និងជនរងគ្រោះបានផឹកស៊ីជាមួយគ្នា ដោយបានទាស់ពាក្យសម្តីជាមួយគ្នា បន្ទាប់មកខ្លួនក៏បានយកម៉ាលេត វាយទៅលើក្បាលជនរងគ្រោះ បណ្តាលស្លាប់ភ្លាបៗតែម្តង ។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានបញ្ជូនខ្លួនមកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីធ្វើការសាកសួរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×