Sunday, May 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការអភិវឌ្ឍប្រទេស ការកសាងសមិទ្ធផល គឺត្រូវកសាងជំនាញពីបរទេសដែលមកជួយ ហើយត្រូវបណ្តុះបណ្តាលធនធានមនុស្សខាងក្នុង ដើម្បីអាចមានសមត្ថភាពដែលជារបស់យើង ហើយមានលទ្ធភាពធ្វើការដោយខ្លួនឯង ជាមួយភាពម្ចាស់ការខ្ពស់ ដោយមិនពឹងដង្ហើមគេដក

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធី “សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានអាកាសមរតកតេជោ” នាព្រឹកថ្ងៃចន្ទ ទី៧ ខែមេសា ឆ្នាំ២០២៥ ថាការអភិវឌ្ឍប្រទេស ការកសាងសមិទ្ធផល និងភាពប្រែប្រួលប្រកបដោយចីរភាព គឺត្រូវកសាងជំនាញពីបរទេសដែលមកជួយ ហើយត្រូវបណ្តុះបណ្តាលធនធានមនុស្សខាងក្នុង ដើម្បីអាចមានសមត្ថភាពដែលជារបស់យើង ហើយមានលទ្ធភាពធ្វើការដោយខ្លួនឯង ប្រកបដោយភាពម្ចាស់ការខ្ពស់ ដោយមិនពឹងដង្ហើមគេដក។ ជាឧទាហរណ៍, អគារវិមានសន្តិភាព គឺឈ្មោះបញ្ជាក់អំពីសន្តិភាពដែលយើងចង់បាន ត្រូវថែរក្សា និងការពារឱ្យបាន ជាពិសេសកសាងដោយកូនខ្មែរសុទ្ធសាទ ទាំងស្ថាបត្យកម្ម និងសំណង់។

ជាមួយគ្នានេះ, សម្តេចបវរធិបតី បានលើកឡើងថា ពេលជីវភាពរស់នៅកាន់តែប្រែប្រួល ប្រជាពលរដ្ឋកាន់តែមានលទ្ធភាពទិញសម្ភារៈប្រើប្រាស់ និង មធ្យោបាយធ្វើដំណើរ យើងគ្មានសិទ្ធិហាមមិនឱ្យគេទិញនោះទេ ដូចនេះ យើងមានតែត្រូវខិតខំ គិតគូរពង្រីកហេដ្ឋារចនាសម្ព័ន្ធបន្ថែម។ រាជរដ្ឋាភិបាល បានណែនាំឱ្យសិក្សារៀបចំផ្លូវបន្ថែម ទាំងអាកាស ក្រោមដី ហើយឈានទៅក្រោមទឹក ដោយសម្តេចបវរធិបតី បញ្ជាក់ថា យើងមិនដើរថយក្រោយនោះទេ គឺយើងមានបុរេសកម្ម ដោយគ្រោងធ្វើស្ពានតភ្ជាប់មុននឹងទីក្រុងរីក ឬ មានកំណើននៃការរស់នៅ។ ជាក់ស្តែង, ក្នុងទីតាំងនេះ, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានមកសម្ពោធសមិទ្ធផលជាច្រើន សមិទ្ធផលទាំងនេះ គឺជាសមិទ្ធផលដែលដាក់បម្រើជូនប្រជាពលរដ្ឋប្រើប្រាស់ដោយមិនគិតប្រាក់។
ថ្ងៃនេះជាសមិទ្ធផលថ្មីមួយបន្ថែមទៀត ដែលជាដំណើរនៃការអភិវឌ្ឍពីមួយជំហានទៅមួយជំហានទៀត ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។

ឆ្លៀតក្នុងឱកាសនេះ, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ក៏បានចង្អុលបង្ហាញអំពីបញ្ហានៃការកកស្ទះ មិនមែនត្រឹមតែរឿងអំពីការកសាងហេដ្ឋារចនាសម្ព័ន្ធនោះទេ តែត្រូវគិតអំពីរំហូរចរាចរណ៍ និងចរន្តឱ្យបានល្អប្រសើរ ទើបអាចពិនិត្យ និងដោះស្រាយ។ សម្តេចបវរធិបតី បានបញ្ជាក់អំពីការគាំទ្រដល់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងសាធារណការ និងដឹកជញ្ជូន និង រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីសិក្សារៀបចំផែនការចរាចរណ៍ និងចរន្តឱ្យបានច្បាស់លាស់ គោលដៅធានាដល់រំហូរឱ្យបាន និងមិនមានការកកស្ទះ ហើយត្រូវរៀបចំការគិតគូរ ទូទាំងរាជធានីភ្នំពេញតែម្តង ទាំងចរន្តខាងក្នុង និងការចេញចូលរាជធានីភ្នំពេញ។

មុននឹងបញ្ចប់, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី លើកទឹកចិត្តឱ្យរដ្ឋបាលរាជធានីភ្នំពេញ សិក្សារៀបចំសួនច្បារសាធារណៈ ដើម្បីបម្រើជូនដល់ប្រជាជនក្នុងការលេងកីឡា កំសាន្ត និងព្រមទាំងបង្កើតភាពទាក់ទាញទេសចរក្នុងស្រុកផង និងឈានទៅទាក់ទាញទេសចរក្រៅស្រុក។ ជាក់ស្តែង, ទេសចរក្នុងស្រុក នាំទេសចរបរទេស ពេលប្រទេសយើងរីកចម្រើនកាន់តែខ្លាំង កម្រិតនៃការរស់នៅ ជីវភាព និងស្ថានភាពប្រចាំថ្ងៃនឹងប្រែប្រួលដូចប្រទេសជឿនលឿនផងដែរ។ អាស្រ័យហេតុនេះ, យើងអាចនឹងឃើញថាអ្នកមានលទ្ធភាពអាចធ្វើដំណើរទៅខេត្តព្រះសីហនុ ឬខេត្តជិតណាមួយនៃគោលដៅទេសចរណ៍នាចុងសប្តាហ៍ តែសម្រាប់ប្រជាពលរដ្ឋដែលមានពេលវេលាខ្លី ឬកម្រិតជីវភាពសមល្មម អាចទៅកំសាន្តនៅទីធ្លាសាធារណៈ ដែលនៅក្បែរផ្ទះ ឬ ក្នុងរាជធានីភ្នំពេញ បាន៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×