Sunday, May 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ.ជ.ប បើកវគ្គបណ្តុះបណ្តាលស្តីពី ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ ជូន លធ.ខប គណបក្សនយោបាយ និងភាគីពាក់ព័ន្ធ

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បាន រៀបចំពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥” ជូនដល់មន្ត្រីបោះឆ្នោត តំណាងគណបក្សនយោបាយ តំណាងសមាគម អង្គការមិនមែនរដ្ឋាភិបាល និងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ នៅទីស្តីការ គ.ជ.ប ក្រោមអធិបតីភាពឯកឧត្តម ទេព នីថា អគ្គលេខាធិការ គ.ជ.ប។

ឯកឧត្តម ទេព នីថា បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនាពេលនេះ ត្រូវបាន រៀបចំជាពិសេសជូនដល់មន្ត្រី គ.ជ.ប ប្រធានលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) ប្រធានផ្នែកអប់រំ ព័ត៌មាន និងទំនាក់ទំនងសាធារណៈ អ្នកបច្ចេកទេសកុំព្យូទ័រនៃ លធ.ខប តំណាងគណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាល និងក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បី ត្រៀមចូលរួម និងសហការអនុវត្តតាមភារកិច្ចរៀងៗខ្លួន សំដៅជំរុញ និងធានាឱ្យដំណើរការនៃ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ ទទួលបានជោគជ័យ គោរពតាមច្បាប់ បទបញ្ជា និងនីតិវិធី និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀតជាធរមាន។

ឯកឧត្តមអគ្គលេខាធិការ គ.ជ.ប បានជម្រាបជូនអំពីប្រព័ន្ធចុះឈ្មោះបោះឆ្នោត និងការរៀបចំ បញ្ជីបោះឆ្នោតដែលត្រូវបានប្រើប្រាស់ជាសកលមានចំនួន ៣ ធំៗគឺ៖

ទីមួយ-ប្រព័ន្ធបញ្ជីបោះឆ្នោតមានរយៈពេលកំណត់ (Periodic List)៖ បញ្ជីប្រភេទនេះច្រើន ប្រើសម្រាប់ប្រទេសដែលទើបរៀបចំការបោះឆ្នោតជាលើដំបូង និង់ក្ររៀបចំក្នុង រយៈពេលខ្លី មុនពេលបោះឆ្នោត។ ការរៀបចំបញ្ជីបោះឆ្នោតតាមប្រព័ន្ធនេះត្រូវការ ចំណាយថវិកាច្រើន ព្រោះបញ្ជីនេះប្រើបានតែការបោះឆ្នោតម្តង ហើយបោះឆ្នោត

លើកក្រោយត្រូវរៀបចំបញ្ជីបោះឆ្នោតថ្មីទៀត។ នៅព្រះរាជាណាចក្រកម្ពុជាធ្លាប់ប្រើ បញ្ជីនេះម្តង កាលពីសម័យបោះឆ្នោតឆ្នាំ១៩៩៣ ដែលរៀបចំដោយអាជ្ញាធរបណ្តោះ អាសន្ននៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ហៅកាត់ថា “អ៊ុនតាក់”។

ទីពីរ-ប្រព័ន្ធបញ្ជីបោះឆ្នោតតាមអត្រានុកូលដ្ឋាន (Civil Registry List)៖ ប្រព័ន្ធនេះត្រូវ រៀបចំបញ្ជីបោះឆ្នោតតាមបញ្ជីអត្រានុកូលដ្ឋាន និងអាសយដ្ឋានរបស់ប្រជាពលរដ្ឋ ម្នាក់ដូចជាលេខផ្ទះ លេខផ្លូវ និងភូមិជាដើម…។ បញ្ជីប្រភេទនេះចំណាយថវិកាតិច ជាងបញ្ជីមានរយៈពេលកំណត់ ប៉ុន្តែងាយនឹងបាត់ភាពសម្ងាត់នៃទិន្នន័យអត្តសញ្ញាណ របស់អ្នកបោះឆ្នោត និងអាចប៉ោងឡើង ប្រសិនបើមិនបានធ្វើបច្ចុប្បន្នភាពអ្នកទទួល មរណភាព និងអ្នកផ្លាស់ទីលំនៅ។

ទីបី-ប្រព័ន្ធបញ្ជីបោះឆ្នោតអចិន្ត្រៃយ៍ (Permanent list)៖ ប្រព័ន្ធបញ្ជីបោះឆ្នោតអចិន្ត្រៃយ៍ គឺស្ថិតនៅចំណុចកណ្តាលរវាងប្រព័ន្ធទាំងពីរខាងលើ ព្រោះប្រព័ន្ធនេះមិនតម្រូវឱ្យ រៀបចំបញ្ជីបោះឆ្នោតក្នុងពេលប្រថុចញ៉ុចមុនការបោះឆ្នោត ហើយបញ្ជីនេះត្រូវ រក្សាទុកជាអចិន្ត្រៃយ៍សម្រាប់ការធ្វើបច្ចុប្បន្នភាពជាប្រចាំ តាមការកំណត់នៃច្បាប់ សម្រាប់បម្រើឱ្យការបោះឆ្នោតលើកក្រោយៗទៀត។

ឯកឧត្តម ទេព នីថា បានរំលឹកអំពីប្រវត្តិខ្លះៗពាក់ព័ន្ធនឹងការរៀបចំបញ្ជីបោះឆ្នោតនៅ ព្រះរាជាណាចក្រកម្ពុជាពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០១៤ ដែលការចុះឈ្មោះបោះឆ្នោតពេលនោះ គឺត្រូវ ចុះដោយដៃ រួចបញ្ជូនបញ្ជីឈ្មោះមកបញ្ចូលទិន្នន័យនៅមជ្ឈមណ្ឌលកុំព្យូទ័រនៅថ្នាក់ជាតិ ដើម្បី រៀបចំជាបញ្ជីបោះឆ្នោត។ ឯកឧត្តមបានបន្តថា ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ ឆ្នាំ២០១៣ ការចុះឈ្មោះបោះឆ្នោត និងការបោះឆ្នោតត្រូវបានធ្វើកំណែទម្រង់ និងធ្វើ ទំនើបកម្មមួយកម្រិតថែមទៀត តាមរយៈការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងការអនុម័តច្បាប់ស្តីពី ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រថ្មីឆ្នាំ២០១៥ ដោយបានតម្រូវឱ្យ គ.ជ.ប ធ្វើការចុះឈ្មោះ បោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មីនៅក្នុងឆ្នាំ២០១៦ តាមកម្មវិធីកុំព្យូទ័រតាំងពីថ្នាក់ឃុំ សង្កាត់ ដោយក្រុមចុះឈ្មោះបោះឆ្នោត និងដោយបញ្ចូលការដៅសម្គាល់អត្តសញ្ញាណដែលមានតែមួយគត់ សម្រាប់អ្នកបោះឆ្នោតម្នាក់ៗដូចជារូបថត និងស្នាមម្រាមដៃ ឬការដៅសម្គាល់ផ្សេងទៀត។

ឯកឧត្តមបានបន្តថា បញ្ជីបោះឆ្នោតឆ្នាំ២០១៦ ដែលត្រូវបានធ្វើការពិនិត្យបញ្ជីឈ្មោះ និង ការចុះឈ្មោះបោះឆ្នោតជារៀងរាល់ឆ្នាំ ត្រូវបានប្រើប្រាស់ក្នុងការបោះឆ្នោតជាបន្តបន្ទាប់ ក្នុងនោះ ការបោះឆ្នោតជាសកលសរុបចំនួន ៤លើក រួចមកហើយ ព្រមទាំងត្រូវបានអង្គការខុមហ្វ្រែលធ្វើ សវនកម្មជាប្រចាំផងដែរ។ ផ្អែកតាមលទ្ធផលសវនកម្មរបស់អង្គការខុមហ្វែលបានបង្ហាញថា បញ្ជីបោះឆ្នោតឆ្នាំ២០២១ ដែលប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត អាណត្តិទី៥ ឆ្នាំ២០២២ គឺមានភាពពេញលេញដល់ទៅ ៩៨.៦៧% និងបញ្ជីបោះឆ្នោតឆ្នាំ២០២២៩ដែលប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ គឺអាចទទួល យកបាន។

ឯកឧត្តមអគ្គលេខាធិការ គ.ជ.ប បានគូសបញ្ជាក់ថា ផ្អែកតាមបទពិសោធពីបណ្តាប្រទេសនានា ការរៀបចំបញ្ជីបោះឆ្នោតទោះតាមប្រព័ន្ធណាក៏ដោយ ក៏មិនអាចរៀបចំបញ្ជីបោះឆ្នោតបានល្អ ឥតខ្ចោះដែរ ជាក់ស្តែងបញ្ជីបោះឆ្នោតឆ្នាំ២០១៦ របស់ គ.ជ.ប បើគិតមកដល់បច្ចុប្បន្ន គឺមានអាយុកាល ១០ឆ្នាំហើយ បើតាមកត្តាធម្មជាតិ ភិនភាគរបស់អ្នកបោះឆ្នោតម្នាក់ៗតែងតែមានការប្រែប្រួល ដូចជា មុខមាត់ចាស់ជាងមុន និងសំណឹកស្នាមម្រាមដៃជាដើម ដែលនាំឱ្យខុសពីទិន្នន័យជីវមាត្រ (រូបថត និងស្នាមម្រាមដៃ) ក្នុងបញ្ជីបោះឆ្នោត។ ហេតុនេះហើយទើប គ.ជ.ប ចាំបាច់ត្រូវគិតគូរអំពីការធ្វើ បច្ចុប្បន្នភាពទិន្នន័យជីវមាត្រក្នុងបញ្ជីបោះឆ្នោត សម្រាប់អ្នកដែលបានចុះឈ្មោះបោះឆ្នោតក្នុង រយៈពេលយ៉ាងតិច ១០ឆ្នាំ (អ្នកចុះឈ្មោះបោះឆ្នោតក្នុងឆ្នាំ២០១៦ ដែលមិនធ្លាប់បានធ្វើបច្ចុប្បន្នភាព ទិន្នន័យជីវមាត្រក្នុងបញ្ជីបោះឆ្នោតពីមុនមក) បន្ថែមពីលើប្រតិបត្តិការដែល គ.ជ.ប បានអនុវត្ត ក្នុងដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំកន្លងមក ដោយចាប់ផ្តើម ពីឆ្នាំ២០២៥ តទៅ សំដៅពង្រឹងគុណភាពបញ្ជីបោះឆ្នោតឱ្យកាន់តែមានភាពពេញលេញ ត្រឹមត្រូវ និង មានបច្ចុប្បន្នភាព ដែលជាផ្នែកសំខាន់មួយក្នុងការកសាងទំនុកចិត្តមកលើការបោះឆ្នោត និង ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សនៅព្រះរាជាណាចក្រកម្ពុជា។

វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ ដោយមានសិក្ខាកាមចូលរួមសរុបចំនួន ១១០នាក់។

សូមជម្រាបជូនថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងការផ្តល់សុពលភាព លើបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៥ ត្រូវធ្វើចាប់ពីថ្ងៃទី១ ខែឧសភា រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ក្នុងនោះការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ទូទាំងប្រទេស មានរយៈពេល ២៦ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×