Sunday, May 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចបង្ក្រាបទីតាំងល្បែងអនឡាញខុសច្បាប់ នៅក្រុងប៉ោយប៉ែត ដោយឃាត់ខ្លួនជនជាតិថៃ ៦៣នាក់

បន្ទាយមានជ័យ ៖ សមត្ថកិច្ចចុះបង្ក្រាបទីតាំងល្បែងអនឡាញខុសច្បាប់ ក្រោមការគ្រប់គ្រងរបស់ឧក្រិដ្ឋជនជនជាតិថៃ នៅក្រុងប៉ោយប៉ែត ដោយឃាត់ខ្លួនជនជាតិថៃ ៦៣នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គស្នង ការដ្ឋាននគរបាលជាតិកម្ពុជា នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥នេះ។

គណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៊ើបអង្កេត និងបង្រ្កាបបទល្មើសគ្រប់ប្រភេទ នៃក្រសួងមហាផ្ទៃ សូមជម្រាបជូនដល់សាធារណជនជាតិ និងអន្តរជាតិជ្រាបថា នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចុះបង្រ្កាបទីតាំងចំនួន ២ ដែលលួចលាក់ប្រព្រឹត្តបទល្មើសតាមប្រព័ន្ធអនឡាញ ក្រោមការគ្រប់គ្រងរបស់ក្រុមឧក្រិដ្ឋជនជនជាតិថៃ ប្រមាណ ៧នាក់ នៅភូមិសាស្រ្តក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បន្ទាប់ពីបានស៊ើបអង្កេតស្រាវជ្រាវ និងឃ្លាំមើលសកម្មភាពសង្ស័យនៅទីតាំងខាងលើមួយរយៈកន្លងមក។ ការឈានទៅបង្រ្កាបទីតាំងខាងលើនេះ ធ្វើឡើងដោយទទួលបានគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងការចង្អុលដឹកនាំដោយផ្ទាល់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។

ក្នុងប្រតិបត្តិការឆ្មក់ចូលទីតាំងខាងលើ សមត្ថកិច្ចបានរកឃើញជនជាតិថៃសរុបចំនួន ៦៣នាក់ (ស្រី ៣០នាក់) ក្នុងនោះមានកុមារចំនួន០២នាក់ និងបានរកឃើញសម្ភារៈវត្ថុតាងដូចជា កុំព្យូទ័រចំនួន ៣៣គ្រឿង និងទូរស័ព្ទដៃចំនួន ៦៥គ្រឿង សម្រាប់ធ្វើសកម្មភាពបទល្មើសតាមប្រព័ន្ធអនឡាញខុសច្បាប់ រួមទាំងអត្តសញ្ញាណប័ណ្ណថៃចំនួន ៦៥ច្បាប់ និងលិខិតឆ្លងដែនថៃចំនួន ០២ច្បាប់។ តាមរយៈទិន្នន័យ ក្នុងវត្ថុតាង សមត្ថកិច្ចកំណត់បានថា ក្រុមនេះកំពុងត្រៀមរៀបចំប្រព្រឹត្តបទល្មើសតាមប្រព័ន្ធអនឡាញ ដោយប្រើប្រាស់ទឹកដីកម្ពុជាធ្វើសកម្មភាពទៅប្រទេសដទៃផ្សេងទៀត។

ក្នុងចំណោមពលរដ្ឋថៃទាំង ៦៣នាក់ សមត្ថកិច្ចបានរកឃើញ ១០នាក់ កំពុងធ្វើសកម្មភាពរៀប សម្ភារៈមធ្យោបាយដើម្បីប្រព្រឹត្តបទល្មើសតាមប្រព័ន្ធអនឡាញខុសច្បាប់ដោយស្ម័គ្រចិត្ត និង ៤៦នាក់ កំពុងរស់នៅក្នុងស្ថានភាពដោយបិទសិទ្ធិសេរីភាពដើរហើរ ប៉ុន្តែមិនមានសញ្ញាណរងគ្រោះដោយអំពើហិង្សា ឬអំពើជួញដូរមនុស្សនោះឡើយ។ ក្នុងនោះដែរ សមត្ថកិច្ចបានកំណត់ជនជាតិថៃចំនួន ០៧នាក់ (ស្រី ០១ នាក់) ជាមេក្លោងជាប់ពាក់ព័ន្ធនឹងសកម្មភាពល្មើសខាងលើ។

ជនជាតិថៃចំនួន ៥៦នាក់ នគរបាលជាតិកម្ពុជា នឹងស្នើសុំកិច្ចសហការជាមួយនគរបាលភូមិន្ទថៃ ដើម្បីសម្របសម្រួលរៀបចំបែបបទបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា ផ្អែកតាមសំណូមពរពីអ្នក ទាំងនោះ ដោយឡែកចំពោះជនសង្ស័យ ០៧នាក់ផ្សេងទៀត កំពុងបន្តនីតិវិធីនៅស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×