ខេត្តកំពង់ចាម: “ប្រពៃណីវប្បធម៌របស់ខ្មែរយើងក្នុងរបបប្រល័យពូជសាសន៍ប៉ុល ពត ៣ឆ្នាំ៨ខែ ២០ថ្ងៃ ត្រូវបានគេលុបបំបាត់ទាំងស្រុងមិនឱ្យមាន”នេះជាប្រសាសន៍លើកឡើងពីសំណាក់ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តថ្លែងក្នុងឱកាសទិវាវប្បធម៌ជាតិ៣មីនា លើកទី២៧ក្រោមប្រធានបទ”យុវជនដើម្បីវប្បធម៌ជាតិ” ដោយធ្វើឡើងនៅសាលសន្និសីទសាលាខេត្ត នាព្រឹកថ្ងៃទី ២៥មីនា ឆ្នាំ២០២៥។ ជាមួយនោះមានការអញ្ជើញចូលរួមពីឯកឧត្តមខ្លូតផន ប្រធានក្រុមប្រឹក្សាខេត្ត ប្រធានមន្ទីរនានាជុំវិញខេត្តសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ចូលរួមរាប់រយនាក់។
ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តមានប្រសាសន៍ដោយលើកឡើងថា: ប្រាសាទនគរបាជ័យ ត្រូវបានកសាងឡើងដោយព្រះបាទជ័យវរ្ម័នទី៧ ដែលបានបន្សល់ទុកមកដល់បច្ចុប្បន្ននេះដោយមើលឃើញនៅជុំវិញបរិវេណប្រាសាទមិនមានផ្លូវ។ជាមួយនោះរដ្ឋបាលខេត្តបានប្រគល់ភារកិច្ចជូនអភិបាលស្រុកកំពង់សៀមរួមនឹងជំនាញមន្ទីរវប្បធម៌ខេត្ត ធ្វើការសម្របសម្រួលជាមួយពលរដ្ឋរស់នៅជុំវិញ ឲ្យបានយល់ហ្នឹងទទួលសំណង សម្រាប់គម្រោងអភិវឌ្ឍន៍ផ្លូវបេតុងជុំវិញ៤ជ្រុងបង្កលក្ខណៈងាយស្រួលពលរដ្ឋធ្វើធ្វើដំណើរ
ឆ្លងកាត់ទៅវិញទៅមក។
ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍បន្តថា រូបលោកបានសហការជាមួយជំនាញពាក់ព័ន្ធក្រោមឱវាទបានស្ថាបនាផ្លូវបេតុងមួយខ្សែ ជាមួយនោះនឹងមានដាំដើមក្ងោកអមសង្ខាងផ្លូវ ធ្វើឲ្យមានសោភ័ណភាពទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិមកកំសាន្តលេងនៅប្រាសាទនគរបាជ័យកាន់តែច្រើនឡើង មិនថាពេលព្រឹកឬល្ងាចគឺបងប្អូនប្រជាពលរដ្ឋរស់នៅក្បែរតំបន់នោះបាននាំគ្នាដើរហាត់ប្រាណ ឱ្យសុខភាពរបស់ពួកគាត់មាំមួនទៀតផង។ ដើម្បីលើកស្ទួយវប្បធម៌ប្រាសាទបុរាណដែលមានវ័យចំណាស់នេះ គឺមានឯកឧត្តមហេង សួគ៌រដ្ឋមន្ត្រីសង្គមកិច្ចនិងអតីតយុទ្ធជនពិការដែលមានស្រុកកំណើតនៅខេត្តកំពង់ចាម កាលនៅពីកុមារភាពធ្លាប់បានមកលេងនៅប្រាសាទនគរបាជ័យ ដោយមានស្នាមអនុស្សាវរីយ៍និងមានថវិកាមួយចំនួនសម្រាប់អភិវឌ្ឍន៍ ក្នុងការលើកកម្ពស់ ដើម្បីទាក់ទាញវិស័យទេសចរណ៍ជាមួយនោះក៏បានសហការជាមួយស្ថាប័នជំនាញធ្វើយ៉ាងណាឱ្យតំបន់ប្រាសាទមួយនេះមានឈ្មោះល្បីបោះសំឡេង។តាមរយៈភ្ញៀវទេសចរណ៍បរទេសដែលអញ្ជើញមកកំសាន្តលេងនៅប្រាសាទនគរបាជ័យដោយបានថតរូបភាពបង្ហោះតាមបណ្ដាយសង្គមចែកចាយបន្តធ្វើឲ្យមិត្តភក្កិរបស់គេនៅបរទេសស្គាល់និងចង់មកលេងប្រាសាទនគរបាជ័យរួមទាំងតំបន់ទេសចរណ៍ផ្សេងទៀត។
ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តបានរំលឹកថាសូម្បីតែតារាហូលីវូដអេនជូលីណា ក៏បានមកថតរឿងនៅប្រាសាទអង្គរវត្តហើយបានយកទៅបញ្ចាំងនៅបរទេសជាមួយនោះក៏ធ្វើឲ្យអង្គរវត្តរបស់យើងមានឈ្មោះរបស់សំឡេងហើយភ្ញៀវជាច្រើនបានអញ្ជើញមកលេងអង្គរវត្តរបស់កម្ពុជា។ ក្នុងនាមរដ្ឋបាលខេត្តនិងសហការជាមួយមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត ដោយប្រមែរប្រមូលវត្ថុបុរាណដែលនៅសេសសល់រាយប៉ាយតាមបណ្ដាស្រុកនានាក្នុងខេត្តកំពង់ចាម ត្រូវយកមកដាក់នៅសារមន្ទីរខេត្ត ដើម្បីថែរក្សាឲ្យបានគង់វង្ស សម្រាប់ឲ្យក្មេងៗជំនាន់ក្រោយបានស្គាល់ពីស្នាដៃរបស់បុព្វបុរសយើងពិតជាអស្ចារ្យដោយឆ្លងកាត់រាប់ពាន់ឆ្នាំសំណង់នេះនៅតែឈររឹងមាំត្រដែត៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី





















