Sunday, May 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បទវិចារណកថា : លោក Donald Trump ចាត់ទុកវិទ្យុ VOA និង RFA ជាសត្រូវរបស់ប្រជាជនអាមេរិក និងពិភពលោក ខណ:កំពុងរុះរើប្រព័ន្ធផ្សព្វផ្សាយ

វិទ្យុសំឡេងសហរដ្ឋអាមេរិក ឬ ហៅកាត់ថា វីអូអេ (VOA) និងវិទ្យុអាស៊ីសេរី ឬហៅកាត់ថា RFA ជាប្រភពព័ត៌មានដែលមានអ្នកតាមដានទូទាំងសាកលលោកដែលរាយការណ៍អំពីការវិវត្តន៍នូវនយោបាយ សេដ្ឋកិច្ច និងបញ្ហានានាជាច្រើនទៀត។ ទោះបីជាយ៉ាងណាក្ដី ពីមួយឆ្នាំទៅមួយឆ្នាំ ការវិវត្តន៍របស់ VOA និង RFA មានការផ្លាស់ប្ដូរគួរឱ្យកត់សម្គាល់ដែលបានបន្តព្យាយាមផ្សព្វផ្សាយអំពីព័ត៌មានមិនពិត ផ្ទុយពីការពិត មានភាពលំអៀង ក្នុងន័យញុះញង់ និងបង្កឱ្យមានអស្ថេរភាពសង្គម ហើយបញ្ហានេះក៏កើតមានឡើងលើប្រទេសកម្ពុជាផ្ទាល់ផងដែរ។​

កាលពីថ្ងៃទី១៥ ខែមីនា  ឆ្នាំ២០២៥ រដ្ឋបាលលោក Donald Trump បានសម្រេចបង្កកជំនួយសម្រាប់បណ្ដាញផ្សព្វផ្សាយសាកល​ ដែលហៅកាត់ថា​ USAGM ដែលជាអ្នកឧបត្ថម្ភដល់ VOA និង RFA ដោយបានផ្ដល់ព័ត៌មាននេះតាមរយៈសារអេឡិចត្រូនិច (Email) ដល់បុគ្គលិកទាំងអស់ដែលធ្វើការនៅទីនោះអំពីការដាក់ឱ្យឈប់សម្រាកភ្លាមៗ ដែលបានជះឥទ្ធិពលអវិជ្ជមាន និងផ្តល់ផលពិបាកដល់មនុស្សប្រមាណ ១៥០០នាក់ រួមទាំងលោក Michael Abramowitz ដែលជានាយកប្រតិបត្តិផងដែរ ដែលជាយុទ្ធនាការរបស់សហរដ្ឋអាមេរិកក្នុងការកាត់បន្ថយចំណាយសាធារណៈជាអតិបរិមា។​​

ជាការឆ្លើយតបទៅនឹងបទបញ្ជានេះ លោក Michael Abramowitz បានសម្តែងការខកចិត្តយ៉ាងខ្លាំង ដោយបានលើកឡើងថា «នេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររយៈពេល ៨៣ឆ្នាំ ដែល VOA ត្រូវបានបិទ ហើយបានបញ្ចប់ការផ្តល់ជំនួយដល់វិទ្យុអឺរ៉ុបសេរី ដែលផ្សាយទៅប្រទេសនានានៅអឺរ៉ុបខាងកើត រួមទាំងរុស្ស៊ី និងអ៊ុយក្រែន ព្រមទាំងវិទ្យុអាស៊ីសេរី ដែលផ្សាយទៅប្រទេសចិន និងកូរ៉េខាងជើង»។ សូមបញ្ជាក់ផងដែរថា  វិទ្យុនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៤២ ដើម្បីប្រឆាំងនឹងការឃោសនារបស់ណាស៊ី (NAZI) និងជប៉ុននៅអំឡុងសង្គ្រាមលោកលើកទីពីរ វិទ្យុ VOA បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ព័ត៌មាន ដែលមានឯករាជ្យភាព និងត្រឹមត្រូវដល់អ្នកស្តាប់ទូទាំងពិភពលោក ដែលផ្ទុយស្រឡះពីពេលបច្ចុប្បន្ននេះ។

ដោយឡែកអ្នកនាំពាក្យរបស់ RFA បានលើកឡើងថា​ «ការកាត់បន្ថយចំនួនបុគ្គលិកនឹងកើតមានឡើងដើម្បីឆ្លើយតបទៅបញ្ហាខាងលើចាប់ពីចុងសប្ដាហ៍នេះតទៅ ប៉ុន្តែនឹងនៅតែបន្តការងាររបស់ខ្លួនជាមួយនឹងចំនួនបុគ្គលិកជាអប្បបរមា»។ លោកស្រី បេយ៍ ហ្វាង នាយិកា​ RFA​ បានគូសបញ្ជាក់ថា «ស្ថាប័នវិទ្យុអាស៊ីសេរី នឹងតវ៉ាជំទាស់ទៅនឹងសេចក្តីសម្រេចចិត្តនេះ។ លោកស្រី បេយ៍ ហ្វាង បានប្រៀបប្រដូចការផ្តាច់ជំនួយរបស់រដ្ឋបាលសហព័ន្ធដល់វិទ្យុអាស៊ីសេរីថា ជាការផ្តល់រង្វាន់ទៅដល់មេដឹកនាំព្រៃផ្សៃ និងជនផ្ដាច់ការទាំងឡាយ រួមទាំងគណបក្សកុម្មុយនិស្តចិន។
បន្ថែមពីការកាត់បន្ថយចំណាយ រដ្ឋបាលលោក Donald Trump បានបញ្ជាក់ថា ការបង្កកនូវមូលនិធិខាងលើនេះ ដោយយោងទៅតាមបេសកកម្មរបស់វិទ្យុផ្សព្វផ្សាយដែលស្ថិតក្រោមឆត្ររបស់ USAGM បានដើរផ្ទុយពីបេសកកម្មចម្បងរបស់ពួកគេ ហើយក៏បានធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់សហរដ្ឋអាមេរិកផ្ទាល់ផងដែរ។ អ្នកនាំពាក្យសេតវិមាន បានលើកឡើងថា «វិធានការនេះមានគោលបំណងធានាថា ប្រាក់ដុល្លារដែលជាប់ពន្ធមិនត្រូវបានយកមកប្រើប្រាស់ដើម្បីគាំទ្រវិទ្យុទាំងនេះឡើយ»។ ចាប់តាំងពីអាណត្តិដំបូងមក លោក Donald Trump តែងតែរិះគន់ស្ថាប័នព័ត៌មានរបស់សហរដ្ឋអាមេរិក ដោយលើកឡើងថា ពួកគេថាមានភាពលម្អៀង និងដាក់ឈ្មោះអោយពួកគេថា ជា «សត្រូវរបស់ប្រជាជនអាមេរិក»។

VOA និង RFA មិនត្រឹមតែជាសត្រូវរបស់ប្រជាជនអាមេរិកនោះទេ​ តែក៏ជាសត្រូវរបស់ពិភពលោកផងដែរ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបង្ហាញនូវការគាំទ្រចំពោះសេចក្តីសម្រេចរបស់រដ្ឋបាល លោក Donal Trump ក្នុងចំណាត់ការបិទការផ្សាយ VOA និង RFA ដែលស្ថិតក្រោមការផ្តល់ថវិការបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកនេះ ដោយសង្កត់ធ្ងន់លើតួនាទីបំផ្លិចបំផ្លាញការផ្សព្វផ្សាយព័ត៌មានមិនពិត​ តាមរយៈសំណេររបស់ខ្លួនតាមបណ្តាញសង្គមវេលាយប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥។ សំណេរគាំទ្ររបស់សម្ដេចមានដូចតទៅ «យើងគួរតែវាយតម្លៃខ្ពស់ចំពោះលោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលមានសេចក្តីក្លាហានចេញដឹកនាំពិភពលោក ដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដោយចាប់ផ្តើមពីបណ្តាញព័ត៌មាន ដែលផ្តល់ថវិកាដោយរដ្ឋាភិបាលអាមេរិកជាមុន។ នេះជាការរួមចំណែកដ៏ធំដើម្បីលុបបំបាត់ព័ត៌មានក្លែងក្លាយ ព័ត៌មានភូតកុហក លាបពណ៌ អុជអាល ញុះញង់ បង្កចលាចលស្ទើរពេញពិភពលោក ដែលចេញមកពីក្បាលម៉ាស៊ីនឃោសនាដែលលោកប្រធានាធិបតី ត្រាំ បញ្ឈប់ការផ្តល់ថវិកា។​ ដូចខ្ញុំបានជំរាបអង្គប្រជុំអាស៊ាន អាមេរិក នៅចំពោះមុខលោកប្រធានាធិបតី ត្រាំ នៅហ្វីលីពីន ឆ្នាំ២០១៧ ថា ការមិនទុកចិត្តលើអាមេរិកដោយប្រទេសមួយចំនួន វាក៏មានចំណែកចេញមកពីប្រព័ន្ធផ្សព្វផ្សាយអាមេរិក ដែលធ្វើឱ្យប្រទេសទាំងនោះយល់ច្រឡំថា ជាគោលជំហររដ្ឋាភិបាលអាមេរិក»។

គួររំលឹកផងដែរថា នៅអំឡុងឆ្នាំ ២០១៧-២០១៨ កម្ពុជាធ្លាប់បានធ្វើយុទ្ធនាការបង្ក្រាប VOA ម្តងរួចទៅហើយដោយកាលនោះ VOA តែងតែផ្សព្វផ្សាយព័ត៌មានមិនពិត វាយប្រហាររាជរដ្ឋាភិបាលកម្ពុជា និងគាំទ្រពួកជ្រុលនិយម ថែមទាំងផ្សព្វផ្សាយបែបញុះញុងក្នុងន័យចង់ផ្តួលរំលំរដ្ឋាភិបាល ដែលកាលនោះកម្ពុជាកំពុងតែត្រៀមរៀបចំការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៨៕ រក្សាសិទ្ធដោយ៖CEN

×