Sunday, May 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការខេត្តកំពត ឃុំខ្លួនអ្នកកាសែត ២នាក់ ពីបទ កំហែងយក និងដោះលែង១នាក់ ខណៈសាធារណជនចង់ដឹងប្រឡាយធម្មជាតិ ដែលកាស៊ីណូខ្ញុំ បង្ហូរទឹកកខ្វក់និងសំរាមចូល មានចំណាត់ការយ៉ាងណា ? ព្រមទាំងមានសំណួរខ្លះ ÷

លោក ឈុន ច័ន្ទសីហា អនុប្រធានសាលាដំបូងខេត្តកំពត ជាចៅក្រមស៊ើបសួរ បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនអ្នកកាសែត ២នាក់ ក្នុងចំណោម ៣នាក់ ពីបទ កំហែងយក (គំរាមកំហែងតាមតេលេក្រាម) ទាក់ទងនឹងការលុបអត្ថបទចេញពីគេហទំព័រវិញ ដែលមុននេះ ក្រុមអ្នកកាសែត បានសរសេរផ្សាយអំពីកាស៊ីណូខ្ញុំ ស្ថិតក្នុងភូមិលក ទឹកដីខេត្តកំពត បានបង្ហូរទឹកកខ្វក់ និងសំរាមចូលក្នុងប្រឡាយធម្មជាតិបណ្ដាលឱ្យប៉ះពាល់បរិស្ថានទឹក ប្រជាពលរដ្ឋប្រើប្រាស់មិនបាន, ហើយមកដល់ពេលនេះតាមប្រភពថា គេមិនទាន់បង្វែរទឹកកខ្វក់ចេញពីប្រឡាយធម្មជាតិនោះឡើយ ឬរៀបចំឲ្យមានលូត្រឹមត្រូវនោះទេ។

អ្នកកាសែតទាំង ៣នាក់ នេះ មានឈ្មោះ ÷
១- ខ្មៅ មិថុនា ភេទប្រុស អាយុ៣២ឆ្នាំ ជានិពន្ធនាយក សារព័ត៌មានកំពតដេលី និងជាអ្នកលក់ការហ្វេ មានទីលំនៅបច្ចុប្បន្ននៅភូមិកោះតាចាន់ ឃុំកំពង់ត្រាចខាងកើត ស្រុក កំពង់ត្រាច ខេត្តកំពត ,
២- ទន់ ម៉ូវ ភេទប្រុស អាយុ៤១ឆ្នាំ ជាចាងហ្វាងសារព័ត៌មាន កំពតដេលី មានទីលំនៅបច្ចុប្បន្ននៅភូមិដូង ឃុំស្វាងទងខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត ត្រូវសមត្ថកិច្ចឃាត់ខ្លួននៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥។ ជនទាំងពីរនាក់នេះ ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យ ពីបទ កំហែងយក (គំរាមកំហែងតាមតេលេក្រាម) ប្រព្រឹត្តនៅចំណុចកាស៊ីណូខ្ញុំ ស្ថិតក្នុងភូមិលក ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ បទល្មើសដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៣៦៣ និងមាត្រា ៣៦៤ នៃក្រមព្រហ្មទណ្ឌ , ត្រូវបានកម្លាំងសាធារណ: ធ្វើការនាំខ្លួន ទៅឃុំក្នុងពន្ធនាគារខេត្តកំពត ដោយអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់ ។
៣- ធី សុផល ហៅ ស្រស់ ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ជាពិធីការនី និងជាចាងហ្វាងសារព័ត៌មាន អធិរាជសំឡេងចៅកំសត់ មានទីលំនៅបច្ចុប្បន្ននៅភូមិប៉ោយសំរោង ឃុំតាពួង ស្រុកថ្មគោល ខេត្តបាត់ដំបង , ត្រូវបានចោទប្រកាន់ ពីបទ កំហែងយក (គំរាមកំហែងតាមតេលេក្រាម) ប្រព្រឹត្តនៅចំណុចកាស៊ីណូខ្ញុំ នៅភូមិលក ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ បទល្មើសដែល មានចែង និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៣៦៣ និងមាត្រា៣៦៤ នៃក្រមព្រហ្មទណ្ឌ , ប៉ុន្តែក្រោយមក ស្ត្រីអ្នកកាសែតម្នាក់នេះត្រូវបានដោះលែងឱ្យមានសេរីភាពឡើងវិញ ហើយក៏បានមកដល់ផ្ទះជួបកូនៗវិញហើយដែរ, តុលាការតម្រូវឱ្យអ្នកកាសែតស្រីរូបនេះ ត្រូវចូលទៅបង្ហាញខ្លួននៅចំពោះមុខតុលាការ ជាដរាបណា នៅពេលមានដីកាកោះហៅ ។

ករណីចាប់ខ្លួនអ្នកកាសែតខិលខូច មហាជនក៏ដូចជាសាធារណជន សូមគាំទ្រចំពោះចំណុចនេះ ប៉ុន្តែមានសំណួរខ្លះ ជូនទៅអាជ្ញាធរខេត្តកំពត សមត្ថកិច្ច រួមទាំងចៅក្រមផងដែរ ដើម្បីតម្លាភាព និងសមធម៌សង្គម ដូចខាងក្រោម ÷

  • អ្នកកាសែតផ្សាយ​ព័ត៌មាន​ពី​បញ្ហាបង្ហូរទឹក​កខ្វក់​ចេញ​ពី​កាស៊ីណូ​ ដែល​មានឈ្មោះ​ កាស៊ីណូ​ខ្ញុំ នៅទីតាំងភូមិឃុំខាងលើ ក្នុងទឹកដីខេត្តកំពត កើតជារឿងចរចាលុយកាក់ ក្នុងរង្វង់ ១ពានដុល្លារ ទៅ ២ពាន់ដុល្លារ ដោយភាគីខាងកាស៊ីណូអ្នកផ្ដើម :
    ១- ស្រាប់តែ ចាប់អ្នកកាសែត ៣នាក់ ដាក់ឃុំ ពីបទកំហែង យកប្រាក់ ២ពាន់ដុល្លារ (សមត្ថកិច្ច អាជ្ញាធរ និងតុលាការ ធ្វើនេះត្រឹមត្រូវតាមទម្រង់ច្បាប់), ក្រោយមក មានការសម្របសម្រួល ក៏បានដោះលែងអ្នកកាសែតស្រីម្នាក់វិញ។
    ២- សាធារណជនសូមសួរថា តើភាគីខាងណាបង្កើតការចរចារឿងសូកលុយនេះមុន ? គួរតែអនុវត្តទៅលើភាគីទាំងពីរ ព្រោះថា ផ្ដើមចេញពីភាគីមួយទៅភាគីមួយ ទើបអាចកើតជារឿងនេះបាន។
    ៣- តើអាជ្ញាធរ និងតុលាការ ពេលបានដឹងពីអង្គហេតុនៃការផ្សព្វផ្សាយរបស់អ្នកកាសែតហើយ ចុះទឹកកខ្វក់ និងសំរាម ដែលហូរចូលប្រឡាយនោះ មានបានចាត់ការបង្វែរចេញពីប្រឡាយធម្មជាតិហើយឬនៅ ឬក៏លើកទឹកចិត្តឱ្យនៅបែបនេះដដែល ឬចាត់ការយ៉ាងណា ?
    ៤- ធាតុពិត អ្នកកាសែតខុសត្រង់ទទួលយកលុយ ជាថ្នូរលុបអត្ថបទចេញពីគេហទំព័រ ដោយមានការជជែកតវ៉ាគ្នា បែរជាត្រូវបានគេបំប្លែងឱ្យទៅជាការគំរាមកំហែងយកទៅវិញ, ទោះជាយ៉ាងណា បានគុណបុណ្យអ្នកកាសែតផ្សព្វផ្សាយព័ត៌មាននេះហើយ អាជ្ញាធរគួរចាត់ការរឿងទឹកកខ្វក់ និងសំរាម ដែលហូរចូលប្រឡាយធម្មជាតិពីសំណាក់កាស៊ីណូខ្ញុំ។
    ៥- តាមការពិនិត្យអង្គហេតុ អ្នកកាសែតគ្រាន់បើជាងអស់លោកសមត្ថកិច្ច និងមន្ត្រីអាជ្ញាធរខេត្តកំពតទៅទៀត ពីព្រោះថា អស់លោកសមត្ថកិច្ច និងអាជ្ញាធរខេត្តកំពត ដេកលក់ មិនដឹងកាស៊ីណូខ្ញុំនេះ បង្ហូរទឹកកខ្វក់ និងចាក់សំរាម ហូរចូលប្រឡាយនោះទេ ទាល់តែអ្នកកាសែតផ្សាយ ទើបបែករឿងនេះ។
    ៦- បើសមត្ថកិច្ច និងអាជ្ញាធរខេត្តកំពត ចង់ធ្វើឱ្យមានយុត្តិធម៌សង្គមពិតប្រាកដ អាជ្ញាធរខេត្តកំពត គួរតែចេញសេចក្ដីប្រកាសព័ត៌មានមួយ ស្ដីពីការចាត់វិធានការ ទៅលើកាស៊ីណូខ្ញុំ ដែលបង្ហូរទឹកកខ្វក់ និងចាក់សំរាម ព្រមទាំងក្រុមហ៊ុនផ្សេងៗទៀត ដែលនៅក្បែរនោះ ឱ្យសាធារណជន បានដឹងថា ជាកណ្ដាប់ដៃរបស់អាជ្ញាធរខេត្តកំពតផង ទើបត្រឹមត្រូវជាសុភាពបុរសដឹកនាំខេត្ត ការពារខេត្ត ហើយប្រជាពលរដ្ឋស្ងប់ចិត្ត៕ រក្សាសិទ្ធដោយ៖ពិសិដ្ឋ CEN
×