Sunday, May 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ ផ្តល់នូវសិទ្ធិសេរីភាពក្នុងការប្រណិប័តជំនឿសាសនាយ៉ាងទូលំទូលាយដល់ប្រជាជនទូទៅ

រាជធានីភ្នំពេញ ៖ នៅល្ងាចថ្ងៃចន្ទ ទី២៤ មីនា ២០២៥ សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញចូលរួម ពិសាអាហារស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជា លើកទី៩ ឆ្នាំ២០២៥។

សម្ដេចនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ពិធី «ពិសារអាហារស្រាយបួសខែរ៉ាម៉ាឌន» គឺជាការផ្តល់ឱកាសសម្រាប់ជួបប្រាស្រ័យទាក់ទងគ្នាកាន់តែជិតស្និទ្ធ ផ្លាស់ប្តូរគំនិតយោបល់ និងពង្រឹងកិច្ចសហប្រតិបត្តិការ រួមចំណែកដល់ការលើកស្ទួយសុខដុមនីយកម្មឥស្លាមសាសនានៅកម្ពុជា។

សម្ដេចបវរអធិបតីបានថ្លែងបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ ផ្តល់នូវសិទ្ធិសេរីភាពក្នុងការប្រណិប័តជំនឿសាសនាយ៉ាងទូលំទូលាយដល់ប្រជាជនទូទៅ ដោយឈរលើមូលដ្ឋាននៃការពង្រឹងសុខដុមនីយកម្មរវាងសាសនិកគ្រប់និកាយសាសនា និង ប្រឆាំងរាល់ទង្វើរើសអើងនានា សំដៅទប់ស្កាត់ការយកសាសនាទៅធ្វើអាជីវកម្ម ដែលអាចបង្កវិបត្តិសាសនា។ ការប្រតិបត្តិសាសនាប្រកបដោយភាពសុខដុមរមនា ទាំងជាតិសាសន៍ និង សាសនា ក៏ជាផ្នែកមួយចំណែកនៃសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិនៅក្នុងសង្គមសន្តិភាពផងដែរ ។

ជាចុងក្រោយ សូមព្រះអល់ឡោះ ផ្តល់នូវរ៉ស់ម៉ាត់ ហ្ពឺរ៉កាត់ និងស្លើម៉ាត់ ជូនដល់បងប្អូនម៉ូស្លីមទាំងអស់ ទាំងនៅកម្ពុជា និងទូទាំងពិភពលោក និងសូមជូនពរបងប្អូនម៉ូស្លីមទាំងអស់ ក្នុងការបន្តកាតព្វកិច្ចបួសខែរ៉ាម៉ាឌន ដោយជោគជ័យ ក្នុង ១សប្តាហ៍ចុងក្រោយនេះ ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ និងផ្តល់សេរីភាពជំនឿសាសនាយ៉ាងទូលំទូលាយដល់ប្រជាជនទូទៅ ដែលឈរលើមូលដ្ឋាននៃការពង្រឹងសុខដុមនីយកម្មសាសនិក នៃគ្រប់និកាយសាសនា ប្រឆាំងនូវរាល់ទង្វើរើសអើងសំដៅទប់ស្កាត់ការយកសាសនា ទៅធ្វើអាជីវកម្មដែលអាចបង្កវិបត្តិសាសនានៅកម្ពុជា។

ដើម្បីឱ្យសហគមន៍បងប្អូនខ្មែរឥស្លាម ទទួលបាននូវការីកចម្រើនបន្ថែមទៀត សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី បានដាក់ចេញនូវអនុសាសន៍ណែនាំមួយចំនួន ដូចខាងក្រោម៖

ទី១៖ ថ្នាក់ដឹកនាំខ្មែរឥស្លាម និងសាសនិកឥស្លាមទាំងអស់ ត្រូវបន្តសហការប្រកបដោយសាមគ្គីភាព និងមិត្តភាពព្រមទាំងមានទំនាក់ទំនងល្អ ជាមួយសហគមន៍ សាសនាដទៃទៀត, ទាំងក្នុងថ្នាក់ជាតិ-អន្តរជាតិ, ដោយឈរលើគោលការណ៍ សុខដុមនីយកម្មជាតិសាសន៍ និងសាសនា។

ទី២៖ សូមបន្តរៀបចំដឹកនាំកិច្ចការសាសនា ក្នុងសហគមន៍ខ្មែរឥស្លាម តាមរយៈ កិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងធម្មការ និងសាសនា និងអាជ្ញាធរមាន សមត្ថកិច្ចតាមលំដាប់ថ្នាក់។

ទី៣៖ អាជ្ញាធរមានសមត្ថកិច្ចត្រូវជួយសម្រួលលើការសាងសង់សាលារៀន វិហារឥស្លាម (ម៉ាស្និទ-ស៊ូរ៉ាវ) ជូនបងប្អូនខ្មែរឥស្លាម ដោយត្រូវអនុវត្តឱ្យបាន ខ្ជាប់ខ្ជួននូវសេចក្តីជូនដំណឹងស្តីអំពីការកំណត់ និងការកសាងទីកន្លែងប្រតិបត្តិ សាសនា ទៅតាមបណ្តាភូមិ និងមានសាសនិកខ្មែរឥស្លាមរស់នៅឱ្យស្របតាម ក្រឹត្យក្រមច្បាប់សាសនាឥស្លាម ដែលបានកំណត់ និងអនុវត្តតាមបច្ចេកទេស ទៅតាមសា្ថប័នមានសមត្ថកិច្ច។

ទី៤៖ សូមបង្កើនសកម្មភាពសង្គម តាមរយៈកិច្ចការងារមនុស្សធម៌, សុខុមាលភាព, ការអប់រំ, ការអភិវឌ្ឍ និងសកម្មភាពសាសនា ដោយឈរលើគោលការណ៍នៃ ជំនឿឥស្លាម និងគោរពតាមរដ្ឋធម្មនុញ្ញ។

ទី៥៖ សូមបន្តជឿជាក់ និងគាំទ្រលើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលបានធានា យ៉ាងពេញលេញនូវសិទ្ធិសេរីភាពខាងសាសនាឥស្លាមនៅកម្ពុជា តាមរយៈ
សាមគ្គីភាពជាមួយសាសនិកដទៃ ដើម្បីភាពសុខដុមនីយកម្មជាតិសាសន៍ និងសាសនា។

ទី៦៖ សូមបន្តកិច្ចសហប្រតិបត្តិការកម្រិតជាតិ-អន្តរជាតិ ដើម្បីកៀរគរថវិកា និងបច្ចេកទេសសម្រាប់គាំទ្រដល់សកម្មភាពអភិវឌ្ឍសហគមន៍ខ្មែរឥស្លាម ដើម្បីចៀសវាងការយកសាសនាសម្រាប់ធ្វើអាជីវកម្ម, បង្កើតបញ្ហាមិនល្អ, បែកបាក់សាមគ្គី និង ភាពជ្រុលនិយមក្នុងសហគមន៍៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×