Sunday, May 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពុទ្ធបរិស័ទជិតឆ្ងាយចូលរួមបច្ច័យកសាងសមិទ្ធផលនានានៅវត្តរស្មីសង្កែ ចំណាយការសាងសង់ប្រមាណជិត ១០ម៉ឺនដុល្លារសម្ពោធដាក់ឲ្យប្រើប្រាស់

ខេត្តកំពង់ចាម: តបតាមការអំពាវនាវរបស់គណៈកម្មការអាចារ្យវត្តក៏ដូចជាព្រះចៅអធិការបានធ្វើឲ្យពុទ្ធបរិស័ទជិតឆ្ងាយនាំគ្នាចូលរួមបច្ច័យកសាងសមទ្ធិផលនានា ក្នុងវត្តរស្មីសង្កែ ស្ថិតនៅក្នុងឃុំព្រៃឈរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលចំណាយថវិកាសាងសង់ អស់ប្រមាណជាជិត ១០ម៉ឺនដុល្លារអាមេរិក ត្រូវបានប្រារព្ធពិធីបុណ្យឆ្លង និងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និង អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា កាលពីព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ ។ជាមួយនោះមានការចូលរួមពីអង្គភាពពាក់ព័ន្ធជុំវិញខេត្ត ប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រី។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ចំពោះ បងប្អូនប្រជាពលរដ្ឋ ក៏ដូចជា ពុទ្ធបរិស័ទ នៅក្នុងពិធី ពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា សមិទ្ធផល ក្នុងវត្តរស្មីសង្កែ ដែលត្រូវប្រារព្ធពិធីបុណ្យឆ្លង និងសម្ពោធ នាពេលនេះ មានដូចជា ៖ ដំបូលព្រះវិហារ កុដិ ១ខ្នង និងស្រះទឹក ជាដើម គឺត្រូវចំណាយថវិកាសរុបប្រមាណជាជិត ១០ម៉ឺនដុល្លារអាមេរិក ។

ឯកឧត្ដម អភិបាលខេត្តកំពង់ចាម ក៏បានចូលរួមអបអរសាទរ ចំពោះ វត្តរស្មីសង្កែ ដែលទទួលបាននូវសមិទ្ធផលថ្មីៗ និងថ្លែងអំណរគុណ ដល់សប្បុរសជនទាំងអស់ ដែលបានចូលរួមជាបច្ច័យ ចាប់មគ្គផល តាមកម្លាំងសទ្ធា ដើម្បី កសាងបង្ហើយ នូវសមិទ្ធផល ជាប្រវត្តិសាស្ត្រ នៅក្នុងទឹកដី ស្រុកព្រៃឈរ នេះឡើង ដើម្បី តម្កល់ទុកជាទីសក្ការៈ សម្រាប់បរិស័ទទូទៅ ទាំងបច្ចុប្បន្ន និងតទៅអនាគត ។ ឯកឧត្តមអភិបាលខេត្ត ក៏បានលើកឡើង ផងដែរថា យើងទាំងអស់គ្នា មានឱកាស រកទទួលទាន មានបាន រហូតធ្វើឲ្យជីវភាពធូរធារ ហើយនឹងមានលទ្ធភាព ចូលរួមជាសម្ភារៈ និងបច្ច័យ ដើម្បី កសាងអភិវឌ្ឍសមិទ្ធនានា ឲ្យមានការរីកចម្រើន ជាបន្តបន្ទាប់ ទាំងវិស័យពុទ្ធចក្រ និងវិស័យអាណាចក្រ មកដល់សព្វថ្ងៃនេះ គឺអាស្រ័យដោយ ប្រទេសជាតិយើង មានសុខសន្តិភាព ក្រោមនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ អតីតនាយករដ្ឋមន្ត្រី រួមទាំង ការបន្តនិរន្តភាព ក្នុងថែរក្សាដឹកនាំបន្ត របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នាបច្ចុប្បន្ន ផងដែរ ។ ដូច្នេះ សំណូមពរ ដល់ពុទ្ធបរិស័ទនៅទីនេះ ក៏ដូចជា ប្រជាពលរដ្ឋ នៅគ្រប់មជ្ឈដ្ឋាន សូមបន្តគាំទ្ររាជរដ្ឋាភិបាល តាមរយៈ ការចូលរួមបោះឆ្នោតគាំទ្រ ជូនសម្ដេចមហាបវរធិបតី នាអាណត្តិ ខាងមុខៗ និងអាណត្តិបន្តបន្ទាប់ទៀត។ សូមបញ្ជាក់ថាប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជាប្រមាណជាង៩០% គឺកាន់ព្រះពុទ្ធសាសនាហើយរដ្ឋធម្មនុញ្ញបានចែងជាសាសនារបស់រដ្ឋទៀតផង៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី

×