រាជធានីភ្នំពេញ : នៅថ្ងៃទី ២៤ ខែ មីនា ឆ្នាំ ២០២៥ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ ដែលធ្វើដំណើរឆ្លងកាត់តាមបណ្តោយមហាវិថីឈ្នះ ឈ្នះ ស្ថិតក្នុងភូមិអន្លង់ក្ងាន សង្កាត់ឈ្មួញ ខណ្ឌ សែនសុខ រាជធានីភ្នំពេញឱ្យបានជ្រាបថា៖ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងអនុវត្តគម្រោងផែនការវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹក សម្រាប់បញ្ចៀសការជន់លិចដោយទឹកភ្លៀង ក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ ក្នុងនោះគម្រោងសាងសង់ពង្រីកបន្ថែមស្ថានីយបូមទឹកកប់ស្រូវ ដោយបំពាក់បន្ថែមម៉ូទ័របូមទឹក មុខកាត់ ១,៥ម៉ែត្រចំនួន០២គ្រឿង ដែលមានសមត្ថភាពបូមទឹក១២ម៉ែត្រគូបក្នុង១វិនាទី។ បច្ចុប្បន្នការងារសាងសង់ ស្ថានីយនេះដល់ដំណាក់កាលសង្កត់គ្រឹះដើម្បីចាក់ធ្នឹមទ្រ និងដំឡើងបំពង់ដែកបង្ហូរទឹកចេញ ដោយត្រូវជីកកាត់ ទទឹងមហាវិថីឈ្នះឈ្នះ ចំណុចមុខស្ថានីយបូមទឹកកប់ស្រូវ។
ដើម្បីឱ្យដំណើរការគម្រោងនេះបានល្អប្រសើរ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការបិទកំណាត់មហាវិថី ឈ្នះឈ្នះចំណុចមុខស្ថានីយបូមទឹកកប់ស្រូវស្ថិតក្នុងភូមិអន្លង់ក្ងាន សង្កាត់ឈ្មួញ ខណ្ឌសែនសុខរាជធានីភ្នំពេញ ដោយត្រូវបិទម្ខាង និងបើកម្ខាង ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ៨:០០ នាទីព្រឹក រហូតដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ១៧:០០ នាទីល្ងាច។
អាស្រ័យហេតុនេះសូមសាធារណជនទាំងអស់ ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវ និងធ្វើដំណើរឆ្លងកាត់តាមផ្លូវខាងលើ មេត្តាជ្រាប និងយោគយល់អធ្យាស្រ័យចំពោះការរំខានដល់ការធ្វើចរាចរណ៍ ឆ្លងកាត់ការដ្ឋាន និងផលប៉ះពាល់ផ្សេងៗ ដែលអាចកើតមានឡើង និងមេត្តាពង្វាងចរាចរចេញពីទីតាំងខាងលើ ទៅតាមផែនទីពង្វាងចរាចរ ដែលបានជូនភ្ជាប់មកជាមួយ ដើម្បីសម្រួលឱ្យការអនុវត្តគម្រោងសម្រេចបានតាម ផែនការកំណត់។
ទទួលបានសេចក្តីជូនដំណឹងនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌសែនសុខ និងមន្ទីរ សាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញត្រូវសហការអនុវត្ត និងសម្របសម្រួលសណ្តាប់ធ្នាប់ចរាចរលើកំណាត់ផ្លូវ ខាងលើនេះឱ្យទទួលបានលទ្ធផលល្អ និងមានប្រសិទ្ធភាពខ្ពស់៕ រក្សាសិទ្ធដោយ៖សុទ្ធលី



