Monday, May 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការរៀបចំប្រារព្ធទិវាពិភពលោកកំចាត់រោគរបេងនេះ ក្នុងគោលបំណងបន្តជំរុញ និងយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការលើកកម្ពស់សុខភាពរបស់ប្រជាជនឱ្យបានកាន់តែទូលំទូលាយ និងយកចិត្តទុកដាក់ក្នុងការប្រយុទ្ធនឹងជំងឺរបេង

ភ្នំពេញ ៖ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអបអរសាទរ ខួបលើកទី១៤៣ ទិវាពិភពលោកកំចាត់រោគរបេង ក្រោមប្រធានបទ « មែនហើយ! យើងអាចបញ្ចប់ជំងឺរបេងបាន ៖ ប្ដេជ្ញា វិនិយោគអនុវត្ត » (Yes! We Can End TB : Commit, Invest, Deliver ) ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមទៀតថា ការរៀបចំប្រារព្ធទិវានេះ គឺនៅក្នុងគោលបំណងបន្តជំរុញ និងយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការលើកកម្ពស់សុខភាពរបស់ប្រជាជនឱ្យបានកាន់តែទូលំទូលាយ និងយកចិត្តទុកដាក់ក្នុងការប្រយុទ្ធនឹងជំងឺរបេង ផ្សព្វផ្សាយជូនដល់បងប្អូនប្រជាពលរដ្ឋឱ្យបានយល់អំពីទំហំនៃបញ្ហា និងផលវិបាកនៃជំងឺរបេងសំដៅចូលរួមចំណែកលើកកម្ពស់សុខុមាលភាពសង្គម ព្រមទាំងលើកកម្ពស់តម្លៃ និងសេចក្ដីថ្លៃថ្នូរបស់សង្គមជាតិទាំងមូល។

បើយោងតាមសារលិខិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្ធទិវាពិភពលោកក៏ចាត់រោគរបេង ក្រោមប្រធានបទ៖ “មែនហើយ ! យើងអាចបញ្ចប់ជំងឺរបេងបាន៖ ប្តេជ្ញា វិនិយោគ អនុវត្ត ថ្ងៃចន្ទ ១១រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ២៤ ខែ មីនា ឆ្នាំ ២០២៥ បានឲ្យដឹងថា ស្ថិតក្នុងឱកាសដ៏ប្រពៃនេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំក៏សូមសម្តែងនូវសេចក្តីរីករាយជាអនេកប្បការ ដែលព្រះរាជាណាចក្រកម្ពុជាយើងបានសម្រេចសមិទ្ធផលគួរជាទីមោទនៈ ក្នុងការប្រយុទ្ធនឹងជំងឺរបេងអស់ រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ខណៈដែលប្រមាណពី២០ឆ្នាំមុន ប្រទេសកម្ពុជាស្ថិតក្នុងចំណោមប្រទេសដែល មានអត្រាអ្នកកើតជំងឺរបេងខ្ពស់ជាងគេក្នុងពិភពលោក តែក្នុងរយៈពេលយ៉ាងខ្លី កម្ពុជាបានក្លាយជាប្រទេសគំរូមួយ សម្រាប់ពិភពលោកចំពោះការងារកំចាត់ជំងឺរបេងយ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាព។ លទ្ធផលដ៏គាប់ ប្រសើរនេះបានកើតចេញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ប្រជាជាតិយើង ដែលក្នុងនោះរាជរដ្ឋាភិបាលបានពង្រីក សេវាពិនិត្យ និងព្យាបាលជំងឺរបេង នៅគ្រប់មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាពទាំងអស់ រួមទាំង ថ្នាក់សហគមន៍ នៅទូទាំងប្រទេសផងដែរ។
យើងក៏បានធ្វើការស្រាវជ្រាវ និងផ្តល់ការព្យាបាលជំងឺរបេងជូនប្រជាជនដោយឥតគិតថ្លៃ ដែលកិច្ចការនេះ មានការរីកចម្រើនគួរឱ្យកត់សម្គាល់ និងជាហេតុធ្វើឱ្យអត្រាឈឺនិងស្លាប់ដោយសារជំងឺរបេងក្នុងប្រទេសកម្ពុជា មានការធ្លាក់ចុះយ៉ាងខ្លាំង ធៀបនឹងប្រទេសដទៃ។ ជាក់ស្តែង អត្រាស្លាប់ដោយសារជំងឺរបេងបានថយចុះពី ៤២ករណី ក្នុងចំណោមប្រជាជន ១០០ ០០០នាក់ នៅឆ្នាំ២០០០ មកត្រឹម ២១ករណី ក្នុងចំណោមប្រជាជន ១០០ ០០០នាក់ ក្នុងឆ្នាំ២០២៣ ដែលមានអត្រាធ្លាក់ចុះស្មើនឹង៥០%។ រីឯអត្រាកើតមានជំងឺថ្មី (អាំងស៊ីដង់) បានធ្លាក់ចុះពី ៥៧៩ករណី ក្នុងចំណោមប្រជាជន ១០០ ០០០នាក់ នៅឆ្នាំ២០០០ មកដល់ ៣៣៥ករណី ក្នុងចំណោមប្រជាជន ១០០ ០០០នាក់ នៅឆ្នាំ២០២៣ គឺបានថយចុះ ៤២% ផងដែរ។ កម្ពុជាបានសម្រេច គោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ពាក់ព័ន្ធនឹងការកាត់បន្ថយអត្រាប្រេវ៉ាឡង់ជំងឺរបេង និងស្លាប់ដោយសារ ជំងឺ របេងនេះ នៅមុនកាលកំណត់ ៤ឆ្នាំ ហើយនេះគឺជាស្នាដៃមួយដែលមានប្រទេសតិចតួចប៉ុណ្ណោះនៅលើសកល លោកអាចសម្រេចបាន។

ទោះបីជាយើងទទួលបានជោគជ័យ ក៏ប្រទេសកម្ពុជានៅមានអត្រាឈឺ និងស្លាប់ដោយសារជំងឺរបេងខ្ពស់ នៅឡើយ បើប្រៀបធៀបនឹងបណ្តាប្រទេសមួយចំនួនទៀតនៅសកលលោក។ បញ្ហានេះតម្រូវឱ្យយើងត្រូវបង្កើន ល្បឿននៃកិច្ចខិតខំប្រឹងប្រែងបំពេញកិច្ចការបន្ថែមទៀត ដើម្បីកាត់បន្ថយជាអតិបរមាអត្រាឈឺ និងស្លាប់ដោយសារ ជំងឺរបេង ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ក្នុងស្មារតីនេះ យើងទាំងអស់គ្នាត្រូវបន្តជំរុញការយក ចិត្តទុកដាក់ដោះស្រាយបញ្ហាជំងឺរបេង ប្រកបដោយស័ក្តិសិទ្ធភាព និងប្រសិទ្ធភាពខ្ពស់ ដើម្បីលើកកម្ពស់សុខភាព គុណភាពនៃការរស់នៅ និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋយើង។ ប្រជាពលរដ្ឋមានសុខុមាលភាព រួមចំណែក អភិវឌ្ឍន៍ធនធានមនុស្ស និងសកម្មភាពសង្គម សេដ្ឋកិច្ច ដើម្បីបង្កើនលទ្ធភាព និងជីវភាពរស់នៅកាន់តែល្អប្រសើរ ស្របតាមគោលដៅយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។

រាជរដ្ឋាភិបាលមានជំនឿយ៉ាងមុតមាំថា ប្រធានបទដែលត្រូវបានកំណត់នៅក្នុងឆ្នាំនេះ នឹងរួមចំណែកក្នុង កិច្ចខិតខំប្រឹងប្រែងជាសកលក្នុងការបញ្ចប់ជំងឺរបេង ដោយយើងទាំងអស់គ្នាត្រូវរួបរួមប្តេជ្ញា វិនិយោគ អនុវត្ត និង បង្កើនល្បឿន ដើម្បីបំពេញកិច្ចការដ៏ច្រើនបន្ថែមទៀត ជាពិសេសពង្រឹងសេវាថែទាំ បង្កើនការស្រាវជ្រាវ និង ព្យាបាលជំងឺរបេងជាសកលនៅគ្រប់ទីកន្លែងសម្រាប់ជនគ្រប់រូប។

ដើម្បីឆ្លើយតបតាមប្រធានបទខាងលើ ខ្ញុំសូមស្នើក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និង ប្រជាពលរដ្ឋ ត្រូវបន្តខិតខំយកចិត្តទុកដាក់លើការងារអាទិភាព ដូចខាងក្រោម៖

ទី១- បង្កើនល្បឿនអនុវត្តការងារប្រយុទ្ធជំងឺរបេង តាមផែនការជាតិ និងសកលលោក។

ទី២- ខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការស្រាវជ្រាវស្វែងរកជំងឺរបេង រាប់បញ្ចូលទាំងសកម្មភាព ស្រាវជ្រាវរកជំងឺរបេងប្រកបដោយស្មារតីបុរេសកម្មនៅតាមសហគមន៍ និងទីកន្លែងសាធារណៈនានា។

ទី៣- បន្តថែរក្សាឱ្យបានខ្ពស់នូវអត្រាព្យាបាលជោគជ័យនៃជំងឺរបេង លើសពី៩០%។

ទី៤- ខិតខំកៀរគរធនធានបន្ថែមទៀតសម្រាប់បម្រើឱ្យការងារប្រយុទ្ធជំងឺរបេង។

សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងបន្តថា “ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមថ្លែងអំណរគុណដល់ភាគីពាក់ព័ន្ធទាំងអស់ ទាំងក្នុងនិងក្រៅប្រទេស រួមទាំងមន្ត្រី បុគ្គលិកសុខាភិបាលនៅទូទាំងប្រទេស និងប្រជាពលរដ្ឋគ្រប់រូប ដែលបាន ចូលរួមចំណែកធ្វើឱ្យការងារកំចាត់រោគរបេងនេះទទួលបានជោគជ័យនាពេលកន្លងមក និងសូមសម្តែងនូវការគាំទ្រ យ៉ាងពេញទំហឹងជាថ្មីម្តងទៀតដល់សកម្មភាពប្រយុទ្ធនឹងជំងឺរបេង ក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជានៅទូទាំង សកលលោក”៕រក្សាសិទ្ធដោយ៖សុទ្ធលី

×