ស្វាយរៀង ៖ អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) សូមជម្រាបជូនសាធារណៈជន សារព័ត៌មានជាតិ និងអន្តរជាតិ ជ្រាបថា កាលពីវេលាម៉ោង១៤:១០នាទីរសៀល ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ មានករណីផ្ទុះនៅផ្ទះ ឈ្មោះ អុក ពិសី អាយុ ៤៣ឆ្នាំ ដែលមានសមាជិកគ្រួសារ សរុបចំនួន៥នាក់ ដែលមានអាស័យដ្ឋាននៅភូមិកណ្តាល សង្កាត់ប្រាសាទ ក្រុងបាវិត ខេត្តស្វាយរៀង បាន បណ្តាលឱ្យខូចខាតផ្ទះទាំងស្រុង និងសម្ភារៈមួយចំនួន។ ការផ្ទុះនេះពុំបណ្តាលឱ្យប៉ះពាល់និងបង្ករបួសស្នាម ដល់មនុស្សទេ។
យោងតាមរបាយការណ៍ចុះអង្កេតដល់ទីតាំងកើតហេតុរបស់អាជ្ញាធរមានសមត្ថកិច្ច ដោយមានការចូល រួមពីអាជ្ញាធរមីន (CMAA) មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) និងអាជ្ញាធរមូលដ្ឋាន ករណីផ្ទុះ នេះបណ្តាលមកពីផ្ទុះផាវ និងកាំជ្រួច (firecrackers/fireworks) ដែលស្តុកទុកក្នុងផ្ទះជាទីតាំងកើតហេតុនេះ។
ករណីផ្ទុះនេះមិនមែនបណ្តាលមកពីផ្ទុះគ្រាប់មីន ឬសំណល់ជាតិផ្ទុះពីសង្គ្រាម ដូចសារព័ត៌មានមួយ ចំនួនបានចុះផ្សាយនោះទេ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី








