(តាកែវ)៖ នៅល្ងាចថ្ងៃសៅរ៍ ៩រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នឹងអញ្ជើញជាអធិបតីបើកពិធីបុណ្យទន្លេលើកទី៩ នៅក្នុងខេត្តតាកែវ។
សម្តេចាមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា គោលបំណងសំខាន់នៃបុណ្យទន្លេដើម្បីបំផុសចលនាមហាជនឱ្យចូលរួមក្នុងការអភិរក្ស និងអភិវឌ្ឍន៍ធនធានទន្លេប្រកបដោយនិរន្តរភាព និងចូលរួមសម្រេចយុទ្ធសាស្រ្តពិពិធកម្មទេសចរណ៍ឱ្យកាន់តែសំបូរបែប។ គោលបំណងធំ៣សម្រាប់ព្រឹត្តិការណ៍បុណ្យទន្លេឆ្នាំនេះរួមមាន ទី១) ជំរុញ លើកតម្លៃ និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តតាមដងទន្លេ ទី២) ចូលរួមគាំទ្រគោលនយោបាយរបស់ រាជរដ្ឋាភិបាលក្នុងការយកចិត្តទុកដាក់អភិវឌ្ឍតំបន់តាមដងទន្លេ និងចូលរួមសម្រេចយុទ្ធសាស្រ្តពិពិធកម្មទេសចរណ៍ តាមរយៈការបង្កើតព្រឹត្តិការណ៍ទេសចរណ៍ថ្មីៗ សម្រាប់ខេត្តតាមដងទន្លេ និង ទី៣) បំផុសចលនាមហាជន និងគ្រប់ភាគីពាក់ព័ន្ធឲ្យចូលរួមក្នុងការងារអភិរក្ស និងអភិវឌ្ឍធនធានទន្លេប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ ព្រមទាំងលើកទឹកចិត្តដល់ប្រជាពលរដ្ឋឲ្យចូលរួមក្នុងសកម្មភាពនៃការបង្កើនសោភណភាព អនាម័យបរិស្ថានទីក្រុង និងសហគមន៍ សំដៅទាក់ទាញកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិបន្ថែមទៀត ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងទេសចរណ៍, គណៈកម្មការអន្តរក្រសួង, ក្រសួង-ស្ថាប័នពាក់ព័ន្ធ, រដ្ឋបាលខេត្តតាកែវ, សហភាពសហព័ន្ធយុវជនកម្ពុជា និងវិស័យឯកជន ដែលបានរួមសហការគ្នារៀបចំពិធីបុណ្យទន្លេលើកទី៩ ក្រោមប្រធានបទដ៏មានសារៈសំខាន់ គឺ «គុណតម្លៃនៃទន្លេ៖ ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍ធម្មជាតិ» ប្រកបដោយភាពអធិកអធម។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រធានបទនៃពិធីបុណ្យទន្លេលើកទី៩ នៅឆ្នាំនេះ មានអត្ថន័យយ៉ាងជ្រាលជ្រៅ ដែលឆ្លុះបញ្ចាំងអំពីអត្ថប្រយោជន៍ និងសក្តានុពលរបស់ទន្លេ ដោយផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍ធម្មជាតិ ជាមួយនឹងការអបអរសាទរចំពោះចំណងដ៏ជ្រាលជ្រៅរវាងទន្លេ និងប្រជាជន ដែលអាស្រ័យផលនឹងទន្លេ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កត្តាសុខសន្តិភាពកម្ពុជាបានក្លាយជាគោលដៅទេសចរណ៍, វិនិយោគ និងពាណិជ្ជកម្ម ដ៏គួរឱ្យទាក់ទាញមួយក្នុងតំបន់អាស៊ី ជាពិសេសបានធ្វើឱ្យវិស័យទេសចរណ៍ក្លាយជាកម្លាំងចលករដ៏សំខាន់ ក្នុងរយៈពេល៣០ឆ្នាំចុងក្រោយនេះ ក្នុងការចូលរួមជំរុញវឌ្ឍនភាពសេដ្ឋកិច្ចកម្ពុជាឱ្យកើនឡើងប្រមាណ១៣ដង ធៀបនឹងឆ្នាំ១៩៩៣។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សន្តិភាពបានជំរុញការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជា ដោយសម្រេចបាន សមិទ្ធផលយ៉ាងធំធេង សម្រាប់ប្រជាជន និងប្រទេសជាតិយើង ដែលធ្លាប់បានឆ្លងកាត់ សង្គ្រាមរ៉ាំរ៉ៃ, ការបង្ហូរឈាមអស់រយៈពេលរាប់ទសវត្សរ៍ និងរបបប្រល័យពូជសាសន៍។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទោះបីជាមាននិន្នាការកំណើនភ្ញៀវទេសចរក៏ដោយ, ក៏រាជរដ្ឋាភិបាលមិននៅស្ងៀម
នោះដែរ។ រាជរដ្ឋាភិបាល នៅតែខិតខំរិះរកមធ្យោបាយ ដើម្បីបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា, ជាពិសេស នៅពេលដែលរដូវកាលបៃតង នឹងខិតចូលមកដល់ នាពេលដ៏ឆាប់ខាងមុខនេះ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល ខិតខំបង្កើតព្រឹត្តិការណ៍ និងផលិតផលទេសចរណ៍ជាច្រើនថ្មីៗ ដែលមានភាពទាក់ទាញ ព្រមទាំងជួយលើកស្ទួយគុណតម្លៃនៃវប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរថែមទៀត។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រឹត្តិការណ៍បុណ្យទន្លេ, អង្គរសង្ក្រាន្ត និងផ្លូវថ្មើរជើងជាដើម គឺសុទ្ធសឹងតែជាកិច្ចខិតខំ ប្រឹងប្រែងជាប្រចាំពីសំណាក់រាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន ក្នុងការប្រឡងប្រជែង ទាក់ទាញភ្ញៀវទេសចរ ដើម្បីបង្កើនចំណូលដល់ប្រជាជន និងអាជីវករ នៅមូលដ្ឋានផ្ទាល់។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួង និងអាជ្ញាធរពាក់ព័ន្ធ រួមគ្នាអភិវឌ្ឍន៍តំបន់ទេសចរណ៍ធម្មជាតិផ្សារភ្ជាប់ជាមួយប្រជាសហគមន៍។ ពោលការអភិវឌ្ឍតំបន់ទេសចរណ៍ធម្មជាតិ ត្រូវគិតពីការផ្តល់ផលជូនប្រជាសហគមន៍ជាអាទិភាព មុនហៅអ្នកពីខាងក្រៅមកវិនិយោគ៕រក្សាសិទ្ធដោយ៖សុទ្ធលី






































