Monday, May 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្តស្នើឱ្យមន្ត្រីជំនាញសុខាភិបាលព្រឹងការពារខ្សែក្រវ៉ាត់ជ័យលាភីលេខ១របស់មន្ទីរពេទ្យខេត្តកំពង់ចាមឲ្យបានកុំឲ្យរបូត

ខេត្តកំពង់ចាម: “ការទទួលបានជ័យលាភីលេខ១ទូទាំងប្រទេសកម្ពុជារបស់មន្ទីរពេទ្យខេត្តកំពង់ចាមគឺកើតឡើងពីការចូលរួមពីសំណាក់មន្ត្រីពាក់ព័ន្ធប្រជាពលរដ្ឋសប្បុរសជននានាដូច្នេះត្រូវការពារខ្សែក្រវ៉ាត់នេះឲ្យបាន”នេះជាប្រសាសន៍លើកឡើងពីសំណាក់ឯកឧត្តមអ៊ុន ចាន់ដាអភិបាលខេត្តថ្លែងនាព្រឹកថ្ងៃទី២២មីនាឆ្នាំ២០២៥ នៅសាលប្រជុំនៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តក្នុងឱកាសអបអរសាទរជ័យលាភីក្នុងអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាលឆ្នាំ២០២៤។ជាមួយនោះមានការចូលរួមពីគ្រូពេទ្យ ប្រធានមណ្ឌលសុខភាពព្រមទាំងអង្គភាពជុំវិញខេត្តជាច្រើនរយនាក់។

ឯកឧត្តមគីម សួរភីរុណ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបានមានប្រសាសន៍ដោយលើកឡើងថា:
ផ្ដើមចេញពីការដឹកនាំនិងការបង្ហាញប្រកបដោយភាពឈ្លាសវៃនិងមុឺងម៉ាត់របស់ឯកឧត្តមសាស្ត្រាចារ្យឈាង រ៉ារដ្ឋមន្ត្រីក្រសួងសុខាភិបាល ជាពិសេសក្រោមការដឹកនាំនិងគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តនិងថ្នាក់ដឹកនាំខេត្តធ្វើឲ្យវិស័យសុខាភិបាល មានការរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំគួរឲ្យកត់សម្គាល់ ទាំងហេដ្ឋារចនាសម្ព័ន្ធកម្រិតបច្ចេកទេសនិងការគ្រប់គ្រងមន្ត្រីរាជការ ដែលជំរុញឲ្យការផ្ដល់សេវាសុខាភិបាលសាធារណៈប្រកបដោយគុណភាពនិងប្រសិទ្ធភាពខ្ពស់។

ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តមានប្រសាសន៍ឲ្យដឹងថា ចំពោះមណ្ឌលសុខភាពចំនួន៣ នៅក្នុងខេត្តកំពង់ចាម ដែលបានកសាងក្នុងរយៈពេលបីឆ្នាំមកហើយ ទើបតែឱកាសនេះគឺមានការប្រកាសទទួលស្គាល់ប្រធានមណ្ឌលសុខភាពចំនួន៣ ប្រយោជន៍បម្រើសេវាសុខាភិបាលជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់ដាច់ស្រយាលឱ្យបានល្អប្រសើរ។ហើយពួកគាត់មានជំនឿមកលើមន្ត្រីសុខាភិបាលដែលកំពុងបំពេញការងារមិនថាយប់ឬថ្ងៃនោះឡើយ។ ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍រំលឹកថានៅក្នុងអំឡុងឆ្នាំ ២០១៩មន្ទីរពេទ្យខេត្តកំពង់ចាមទទួលបានជ័យលាភីលេខ១ លើសេវាថែទាំសុខភាពសាធារណៈ(CPA3) នៅទូទាំងប្រទេស ហើយនាពេលកន្លងទៅថ្មីៗនេះទៀតមន្ទីរពេទ្យខេត្តកំពង់ចាម បានដណ្ដើមជ័យលាភីលេខ១ ដោយទទួលបានទឹកប្រាក់ចំនួន២០០លានរៀលនៅក្នុងឆ្នាំ២០២៤ ក្នុងនោះមានមន្ទីរពេទ្យបង្អែកស្រុកបាធាយ ទទួលបានចំណាត់ថ្នាក់លេខ១ កម្រិតថុប៥
មន្ទីរពេទ្យបង្អែកស្រុកចំការលើ ទទួលបានចំណាត់ថ្នាក់លេខ៨ ដែលអនុវត្តនៅសេវាសុខភាព(CPA2) មន្ទីរពេទ្យបង្អែកស្រុកព្រៃឈរ ទទួលបានចំណាត់ថ្នាក់លេខ៩ ថុប១០។ ជាមួយនោះសូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំមន្ទីរសុខាភិបាល ក្រុមការងារដែលបានចុះធ្វើការវាយតម្លៃតាំងពីដើមទីរហូតដល់ចុងទី ធ្វើឱ្យមន្ទីរពេទ្យខេត្តកំពង់ចាមទទួលបានជ័យលាភីលេខ១ នេះគឺជាមោទនភាពណាស់។

ឯកឧត្តមអភិបាលខេត្តបញ្ជាក់ថា
ក្នុងការប្រឡងប្រណាំងក្នុងចំណោមមន្ទីរពេទ្យ២៥រាជធានី-ខេត្ត ក្នុងនោះមានមន្ទីរពេទ្យខេត្តសៀមរាប ដែលមានភាពលេចថ្លោក្នុងការផ្ដល់សេវាល្អជូនដល់ប្រជាពលរដ្ឋ ហើយក៏មានជនបរទេសចូលសម្រាកព្យាបាលជំងឺនៅទីនោះទទួលបានការកោតសរសើរដែលកៀកនិងយើង គឺមន្ទីរពេទ្យខេត្តកំពង់ចាមក្រោមកិច្ចសហការវាយតម្លៃពីមន្ទីរបរិស្ថានខេត្ត ក៏ដូចជាអង្គភាពពាក់ព័ន្ធទាំងអស់គឺបានធ្វើឲ្យមន្ទីរពេទ្យខេត្តរបស់យើងទទួលបានជ័យលាភីលេខ១។ នៅចំពោះមុខមានមន្ត្រីសុខាភិបាលខ្លះត្រូវបានចូលនិវត្តន៍ដូច្នេះអ្នកបន្តវេនត្រូវតែយកចិត្តទុកដាក់ខិតខំប្រឹងប្រែងធ្វើយ៉ាងណា
នៅឆ្នាំខាងមុខរក្សាតំណែងខ្សែក្រវ៉ាត់ជ័យលាភីលេខ១ ឲ្យបានកុំឲ្យរបូតទៅមន្ទីរពេទ្យខេត្តផ្សេង នេះពិតជាកិត្តិយសមួយដ៏ប្រពៃរបស់ខេត្តកំពង់ចាម។ក្នុងឱកាសសំណេះសំណាលនោះឯកឧត្តមអភិបាលខេត្តបានបំពាក់មេដាយជូនដល់ក្រុមវេជ្ជបណ្ឌិត ដែលមានស្នាដៃល្អក្នុងការបម្រើជាតិ បន្ទាប់មកក៏មានការដង្ហែក្បួនរថយន្តនិងម៉ូតូនៅក្នុងក្រុងកំពង់ចាមអំពីជ័យលាភីលេខ១ ដើម្បីឲ្យមហាជនបានឃើញគ្រប់ៗគ្នាផងដែរ៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី

×