ភ្នំពេញ ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធទិវាជាតិអំណានលើកទី១០ ក្រោមប្រធានបទ “ការអានផ្សារភ្ជាប់អន្តរជំនាន់មនុស្សក្នុងសង្គម ” នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នាពព្រឹកថ្ងៃអង្គារ ១៣ កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ។
ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ថ្លែងកោតសសើរចំពោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែលបានខិតខំបំពេញបេសសកម្មតាមតួនាទីភារកិច្ច និងជម្រុញអភិវឌ្ឍន៍វិស័យអប់រំ យុវជន និងកីឡា ជាពិសេស ចូលរួមអភិវឌ្ឍមូលធនមនុស្ស ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា។
សម្តេចកិត្តិសង្គហបណ្ឌិត ក៏បាបបន្តទៀតថា ទិវាជាតិអំណានលើកទី១០ ឆ្នាំ២០២៥ ក្រោមប្រធានបទ “ការអានផ្សារភ្ជាប់អន្តរជំនាន់មនុស្សក្នុងសង្គម” គឺជាការលើកកម្ពស់គុណតម្លៃនៃអំណានសម្រាប់គុណភាពនៃជីវិត និងញ៉ាំងឱ្យប្រជាពលរដ្ឋកម្ពុជាគ្រប់រូបស្រឡាញ់ការអាន ធ្វើឱ្យមនុស្សមានសុខភាពខួរក្បាលល្អ កាត់បន្ថយភាពស្ត្រេស ចេះត្រិះរិះពិចារណាបានស៊ីជម្រៅ មានចំណេះដឹងទូលំទូលាយ បង្កើនភាពច្នៃប្រឌិត និងទទួលបាននូវគំនិតល្អៗទាន់សម័យកាល សម្រាប់ប្រើប្រាស់ជាប្រយោជន៍ដល់ជីវិតរស់នៅ ឆ្ពោះទៅការកសាងសង្គមពុទ្ធិមួយដ៏រឹងមាំ។
សម្តេចកិត្តិសង្គបណ្ឌិតបានសង្កត់ធ្ងន់ថា ៖ នៅក្នុងសង្គមកម្ពុជាបច្ចុប្បន្ន គម្លាតនៃជំនាន់មនុស្ស មានការថយចុះនៃទំនាក់ទំនងរវាងក្មេង និងមនុស្សចាស់ ជាពិសេស ក្នុងបរិបទនៃឌីជីថលភាវូបនីយកម្ម និងរបៀបរស់នៅបែបទំនើប កាន់តែធ្វើឱ្យគម្លាតកាន់រីកធំ។ ទោះជាយ៉ាងណាក៏ដោយការអាននៅតែត្រូវបានទទួលស្គាល់ថា ជាការប្រតិបត្តិជាសកល ដែលអាចនាំមនុស្សមកនៅជិតគ្នាជាមួយគ្នា និងយល់ដឹងពីគ្នា។ ដើម្បីឆ្លើយតបទៅនឹងប្រធានបទឆ្នាំនេះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏សូមលើកទឹកចិត្តឱ្យមានការគោរព និងការយល់ដឹងអំពីភាពខុសគ្នារវាងជំនាន់ ជម្រុញបង្កើនការយល់ដឹងគ្នាទៅវិញទៅមក និងការផ្លាស់ប្តូរចំណេះដឹងរវាងមនុស្សចាស និងក្មេងជំនាន់ក្រោយ រួមមាន៖ ការនិទានរឿង ការបង្កើនក្លឹបអានសៀវភៅ និងវេទិការចែករំលែកបទពិសោធន៍ផ្នែកអក្សរសាស្ត្រ វេទិកាសន្ទនានិងជជែកដេញដោល៕
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា ថ្ងៃនេះ ជាទិវាប្រកបដោយនក្ខត្តឫក្ស ដែលយើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយអង្គពិធីទាំងមូលមានកិត្តិយស សូមធ្វើបដិសណ្ឋារកិច្ច យ៉ាងកក់ក្តៅចំពោះវត្តមានដ៏ឧត្តុង្គឧត្តមរបស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងពិធីប្រារព្ធទិវាជាតិអំណានលើកទី ១០ ១១ មីនា ២០២៥ ក្រោមប្រធានបទ “ការអានផ្សារភ្ជាប់អន្តរជំនាន់មនុស្សក្នុងសង្គម” ដែលផ្តោតលើសារៈសំខាន់នៃការអានតាមគ្រប់មធ្យោបាយ គ្រប់ពេលវេលា និងគ្រប់ទីកន្លែង។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានថ្លែងថា អ្នកដែលអានច្រើនធ្វើឱ្យមានការយល់ដឹងទូលំទូលាយជាសកល មានចំណេះដឹងយល់ អស់អាថ៌កំបាំង ធម្មជាតិ និងសង្គមមនុស្ស។ ការអានច្រើន ធ្វើឱ្យមានតំណភ្ជាប់ជាលំអានរបស់ មនុស្សពីសម័យកាលមួយទៅសម័យកាលមួយ មានសុខដុមនីយកម្មក្នុងសង្គម ដោយសារ បទពិសោធន៍មនុស្សពីមួយជំនាន់ទៅមួយជំនាន់ និងមានសមត្ថភាពឆ្លុះបញ្ចាំងពីអតីតកាល បច្ចុប្បន្នកាល និងទៅអនាគតកាល។ដើម្បីលើកកម្ពស់ការអាន នៅឆ្នាំ២០១៤ ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ឱ្យ អនុវត្តឡើងវិញនូវការរៀនតែងសេចក្តី និងការសរសេរតាមអាននៅតាមគ្រឹះស្ថានសិក្សា សាធារណៈ។ ក្រសួងបានពង្រឹងការបង្រៀនអំណាននៅកម្រិតថ្នាក់ដំបូងនៅបឋមសិក្សា ដោយ សហការជាមួយអង្គការដៃគូ ព្រមទាំងរៀបចំបានជា «កញ្ចប់សម្ភារៈអំណានថ្នាក់ដំបូង» រួមមាន សៀវភៅណែនាំសម្រាប់គ្រូ សៀវភៅជំនួយសិស្ស បណ្ណអក្សរ-រូបភាព សៀវភៅហ្វឹកហាត់ សរសេរ និងសៀវភៅរឿង ៦០ ចំណងជើង។ ក្រសួងក៏បានបញ្ចូលការអនុវត្តកញ្ចប់សម្ភារៈ អំណានថ្នាក់ដំបូង និងសម្ភារៈគណិតវិទ្យាថ្នាក់ដំបូង ទៅក្នុងកម្មវិធីបណ្តុះបណ្តាលគ្រូបង្រៀន ដែលជាកត្តាចាំបាច់បំផុត សម្រាប់លើកកម្ពស់គុណវុឌ្ឍគ្រូបង្រៀន។ ក្រសួងបាននិងកំពុងបន្ត ធ្វើការអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈជូនលោកគ្រូ អ្នកគ្រូ តាមរយៈការពង្រឹងសមត្ថភាពគ្រូបង្រៀន ថ្នាក់ទី១ ទី២ និងទី៣ ដោយមានកម្មវិធីបំប៉នច្បាស់លាស់ សម្ភារឧបទេសសម្បូរបែប និង គ្រូឧទ្ទេសប្រកបដោយសមត្ថភាព និងបំណិនវិជ្ជាជីវៈខ្ពស់ ដើម្បីធានាថា សិស្សានុសិស្សគ្រប់រូប មានមូលដ្ឋានគ្រឹះរឹងមាំ ក្នុងការឈានទៅសម្រេចបានជោគជ័យការសិក្សានៅថ្នាក់បន្តបន្ទាប់ ទៀត។
ឯកឧត្តមបានបន្តទៀតថា ដូចឆ្នាំកន្លងមកដែរ ក្រសួងបានរៀបចំការប្រឡងប្រជែងអានអត្ថបទ ស្មូតកំណាព្យ និងតែងនិពន្ធ នៅថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិ ដើម្បីទទួល “ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន” ដោយជ្រើសរើសសិស្សទៅតាមកម្រិតសិក្សានីមួយៗ អនុលោមទៅតាមវិញ្ញាសា បីសំខាន់ៗសម្រាប់សិស្សានុសិស្សរួមមាន៖ ១- ការប្រឡងប្រជែងអានអត្ថបទ ២- ការប្រឡង ប្រជែងស្មូតកំណាព្យ និង ៣- ការប្រឡងប្រជែងតែងនិពន្ធ។
សម្រាប់សាធារណជន យើងមានការប្រកួតប្រជែងបកស្រាយប្រធានបទ “តួនាទីអំណាន និងបណ្ណាល័យ ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត” និងការតែងនិពន្ធប្រលោមលោកខ្នាតខ្លី ជាពាក្យរាយ និងពាក្យកាព្យ។ រូបខ្ញុំផ្ទាល់ នឹងធ្វើបាឋកថាស្រាវជ្រាវមួយស្តីពី “អំណានដំបូងជា មូលដ្ឋានគ្រឹះនៃការលើកកម្ពស់គុណភាពអប់រំ”។ ទន្ទឹមនឹងនេះ ក្រសួងនិងភាគីពាក់ព័ន្ធបាន រៀបចំការតាំងពិព័រណ៍សៀវភៅ ដែលមានការចូលរួមពីស្ថាប័នរដ្ឋ ដៃគូ និងវិស័យឯកជនសរុប ១០៨ ស្តង់ និងមានរយៈពេលរហូតដល់ ៤ ថ្ងៃ។
ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ បានថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សា-ផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតីក្នុងការលើកកម្ពស់ការអភិវឌ្ឍជាតិ ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ពិសេសការចង្អុលបង្ហាញ ដែលជាចក្ខុវិស័យក្នុងការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា៕ រក្សាសិទ្ធដោយ៖សុទ្ធលី


















