Monday, May 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្តប៉ៃលិន​ ៖ តើហេតុផលអ្វីបានឈានទៅដល់ការជឿជាក់ចាញ់បោករូបភាពនៃជំនួបនេះ ខាតបង់ប្រាក់ជាច្រើនទៅវិញ

ភ្នំពេញ ៖ ពាក់ព័ន្ធនឹងករណីលោក ទិត វុទ្ធី អភិបាលរងខេត្តកំពង់ស្ពឺ និងមនុស្ស២នាក់ទៀត បោកលុយអ្នកវិនិយោគជនជាតិចិន៤០ម៉ឺនដុល្លារនោះ , អភិបាលខេត្តប៉ៃលិន​ បានបញ្ជាក់ថា គ្រប់ជំនួបភ្ញៀវជាតិ- អន្តរជាតិ ជាអ្នកវិនិយោគទុនទាំងអស់ លោកស្រី តែងតែ ស្តាប់អំពីគោលបំណងបណ្តាក់ទុនវិនិយោគរបស់ក្រុមហ៊ុននីមួយៗ ជាការឆ្លើយតប ក្នុងនាមអាជ្ញាធរដែនដី តែងតែព្យាយាមខិតខំពន្យល់ច្បាស់ៗ អំពី ការគោរព អនុវត្តន៍ តាមនិតិវិធីនៃច្បាប់។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុកផ្លូវការ នៅថ្ងៃទី១១ខែមីនានេះ លោកស្រី បានស្រី មុំ ​ អភិបាលខេត្តប៉ៃលិន​ បានថ្លែងថា “ខ្ញុំចងចាំច្បាស់ គ្រប់ជំនួបភ្ញៀវជាតិ- អន្តរជាតិជាអ្នកវិនិយោគទុនទាំងអស់ ខ្ញុំតែងតែ ស្តាប់អំពីគោលបំណងបណ្តាក់ទុនវិនិយោគរបស់ក្រុមហ៊ុននីមួយៗ ជាការឆ្លើយតប ក្នុងនាមអាជ្ញាធរដែនដី តែងតែព្យាយាមខិតខំពន្យល់ច្បាស់ៗ អំពី ការគោរព អនុវត្តន៍ តាមនិតិវិធីនៃច្បាប់ តាមលំដាប់នៃសិទ្ធអំណាចសម្រេចរបស់ថ្នាក់ដឹកនាំក្រសួង នានា អោយបានត្រឹមត្រូវ ក្នុងរូបភាពនេះ ខ្ញុំរួមទាំងសហការីជំនាញ បានពន្យល់ក្រុមហ៊ុន របៀបរបប និតិវិធីច្បាប់ទាំងអស់ជូន ក្រុមហ៊ុនចំពោះមុខ តើហេតុផលអ្វីបានឈានទៅដល់ការជឿជាក់ចាញ់បោករូបភាពនៃជំនួបនេះ ខាតបង់ប្រាក់ជាច្រើនទៅវិញ ក្រុមការងារជំនាញយើងក៍មានខ្លឹមសារនៃកិច្ចជំនួបពេលនោះផងដែរ”។

សូមរំលឹកថា សាលាដំបូងខេត្តកំពង់ស្ពឺ ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ លោក ទិត វុទ្ធី អភិបាលរងខេត្តកំពង់ស្ពឺ និងមនុស្ស២នាក់ទៀត ពាក់ព័ន្ធបោកប្រាស់លុយអ្នកវិនិយោគជនជាតិចិន៤០ម៉ឺនដុល្លារអាមេរិក ។

តុលាការខេត្តកំពង់ស្ពឺ ចេញដីកាឃុំខ្លួនលោក ទិត វុទ្ធី អភិបាលរងខេត្តកំពង់ស្ពឺ និងមនុស្ស២នាក់ទៀត ត្រូវអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ចាប់ឃាត់ខ្លួន បញ្ជូនខ្លួនទៅតុលាការ ខេត្តកំពង់ស្ពឺ ពាក់ព័ន្ធបោកលុយអ្នកវិនិយោគជនជាតិចិន៤០ម៉ឺនដុល្លារអាមេរិក ។
ជនជាប់ចោទទាំង៣នាក់ ត្រូវបានសាលាដំបូងខេត្តកំពង់ស្ពឺ សម្រេចចោទប្រកាន់៖
-ទី១.ឈ្មោះ ទិត វុទ្ធី ភេទប្រុស អាយុ៥៦ឆ្នាំ កើតថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៦៩ (ឃាត់ខ្លួន), ទី២.ឈ្មោះ ហ៊ាវ ខន ហៅតង ភេទប្រុស អាយុ៤៥ឆ្នាំ (ឃាត់ខ្លួន) ពីបទ រំលោភអំណាច, ក្លែងបន្លំ, ប្រើប្រាស់លិខិតក្លែង, ក្លែងឯកសារសាធារណៈ និងប្រើប្រាស់ឯកសារ សាធារណៈក្លែង ប្រព្រឹត្តនៅចំណុចក្នុងខេត្តកំពង់ស្ពឺ, ខេត្តប៉ៃលិន, ខេត្តបាត់ដំបង, ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ កាលពីអំឡុងឆ្នាំ២០២៣ បទល្មើសដែលមានបញ្ញត្តិ និងចែងឲ្យផ្ដន្ទាទោសតាមមាត្រា ៦៦៦, ៦២៧, ៦៦៨, ៦២៩, ៦៣០ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៣៥ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងទី៣. ឈ្មោះ ម៉ឹង សារឿន (ឈ្មោះជាភាសាចិន អ៊ុង វិនឆាយ) ភេទប្រុស អាយុ៤៤ឆ្នាំ (ឃាត់ខ្លួន) ពីបទសមគំនិតក្នុងអំពើរំលោភអំណាច, ក្លែងបន្លំ, ប្រើប្រាស់លិខិតក្លែង, ក្លែងឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែង ប្រព្រឹត្តនៅចំណុចខេត្តកំពង់ស្ពឺ ខេត្តប៉ៃលិន, ខេត្តបាត់ដំបង, ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ កាលពីអំឡុងឆ្នាំ២០២៣ បទល្មើសដែលមានបញ្ញត្តិ និងចែងឱ្យផ្តន្ទាទោសតាមមាត្រា ២៩, ៦២៦ ៦២៧, ៦២៨, ៦២៩, ៦៣០, នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣៥ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ។
ក្រោយការចាប់ខ្លួន និងចោទប្រកាន់ពីតំណាងអយ្យការ ពួកគេទាំង៣នាក់ ត្រូវបានតុលាការ សម្រេចឃុំខ្លួនដាក់ពន្ធនាគារតែម្តង ៕រក្សាសិទ្ធដោយ៖សុទ្ធលី

×