Tuesday, May 19, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម៉ារ៉ុកបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្ត ក្នុងការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាព ដែលមានស្រាប់ និងកិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជា ទាំងក្នុងកម្រិតទ្វេភាគី និងពហុភាគី

ភ្នំពេញ ៖ ឯកឧត្តម Omar KADIRI ប្រធាននាយកដ្ឋានកិច្ចការអាស៊ី និងអូសេអានី នៃក្រសួងការបរទេស សហប្រតិបត្តិការអាហ្វ្រិក និងជនអន្តោប្រវេសន៍ម៉ារ៉ុក នៃព្រះរាជាណាចក្រម៉ារ៉ុក បានកោតសរសើរចំពោះវឌ្ឍនភាពដ៏គួរឱ្យកត់សម្គាល់ ដែលកម្ពុជាសម្រេចបានក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ និងបានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចផ្លូវការជាប្រវត្តិសាស្ត្រទី១ របស់ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ទៅកាន់ប្រទេសម៉ារ៉ុកថា ជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់ទំនាក់ទំនងទ្វេភាគីកម្ពុជា-ម៉ារ៉ុក និងបានគូសបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តរបស់ម៉ារ៉ុក ក្នុងការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាព ដែលមានស្រាប់ និងកិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជា ទាំងក្នុងកម្រិតទ្វេភាគី និងពហុភាគី។ ការទទួលស្គាល់នេះ ត្រូវបានលើកឡើងនៅក្នុងឱកាសកិច្ចប្រជុំលើកទី៤ នៃកិច្ចពិគ្រោះយោបល់នយោបាយរវាងក្រសួងការបរទេសទាំងពីរ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ដែលធ្វើជាសហប្រធានដោយឯកឧត្ដម ឈូក ប៊ុណ្ណា អគ្គនាយក នៃអគ្គនាយកដ្ឋានអឺរ៉ុប អាមេរិក និងអាហ្រ្វិក-មជ្ឈិមបូព៌ា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម Omar KADIRI។

សហប្រធានទាំងពីរបានគូសបញ្ជាក់ពីភាពចាំបាច់ក្នុងការផ្តល់សន្ទុះថ្មីដល់កិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគ និងបានឯកភាពបង្កើតវេទិកាធុរកិច្ចកម្ពុជា-ម៉ារ៉ុក។ ភាគីទាំងពីរក៏បានឯកភាពខិតខំពន្លឿនបញ្ចប់កិច្ចព្រមព្រៀងដែលនៅសេសសល់ ដូចជាសេចក្តីព្រាងកិច្ចព្រមព្រៀងស្តីពីការជំរុញ និងការការពារទៅវិញទៅមកនៃវិនិយោគ សេចក្តីព្រាងកិច្ចព្រមព្រៀងស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នា ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចពន្ធ និងការចៀសវាងពន្ធ ព្រមទាំងសេចក្តីព្រាងកិច្ចព្រមព្រៀងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វិទ្យាសាស្ត្រ បច្ចេកទេស និងវប្បធម៌។

ឯកឧត្ដមអគ្គនាយក ឈូក ប៊ុណ្ណា បានលើកទឹកចិត្តឱ្យមានសកម្មភាពជាច្រើនបន្ថែមទៀតដើម្បីគាំទ្រដល់កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងកម្ពុជា និង ម៉ារ៉ុក។ ក្នុងន័យនេះ ភាគីទាំងពីរបានឯកភាពធ្វើការរួមគ្នា ដើម្បីឆ្ពោះទៅចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ នាពេលខាងមុខ។ ភាគីទាំងពីរក៏បានពិភាក្សាផងដែរ អំពីវិធីសាស្ត្រក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងវប្បធម៌ និងរវាងសភាទាំងពីរ ក៏ដូចជាការបង្កើនការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់រវាងប្រទេសទាំងពីរ។

ភាគីទាំងពីរបានបញ្ជាក់សាជាថ្មីពីឆន្ទៈក្នុងការរក្សាកិច្ចសហប្រតិបត្តិការល្អដែលមានស្រាប់រវាងប្រទេសទាំងពីរ ក្នុងការគាំទ្របេក្ខភាពគ្នាទៅវិញទៅមកនៅក្នុងអង្គការអន្តរជាតិផ្សេងៗគ្នា។

ឯកឧត្ដមអគ្គនាយក ឈូក ប៊ុណ្ណា បានសម្តែងការកោតសរសើរចំពោះការគាំទ្ររបស់ប្រទេសម៉ារ៉ុកសម្រាប់បេក្ខភាពកម្ពុជា សម្រាប់សមាជិកគណៈកម្មាធិការ នៃគណៈកម្មការកសាងសន្តិភាព (OCPBC) សម្រាប់អាណត្តិ២០២៥-២០២៦ និងក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមរបស់ អ.ស.ប. (ECOSOC) សម្រាប់អាណត្តិ ២០២៨-២០៣០ និងបានសម្តែងអំណរគុណចំពោះម៉ារ៉ុក ដែលបានគាំទ្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅឆ្នាំ២០២៦។ ឯកឧត្តម KADIRI ក៏បានបញ្ជាក់ពីការបន្តគាំទ្របេក្ខភាពកម្ពុជាជាសមាជិកនៅក្នុងអង្គការទាំងពីរខាងលើ ហើយឯកឧត្តមក៏បានអះអាងជាថ្មីពី “ការគាំទ្រយ៉ាងសកម្ម” របស់ម៉ារ៉ុក ចំពោះបេក្ខភាពរបស់កម្ពុជា ជាអ្នកសង្កេតការណ៍នៃអង្គការសហប្រតិបត្តិការឥស្លាម (OIC)។

ឯកឧត្ដមអគ្គនាយកបានវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងយ៉ាងម៉ឺងម៉ាត់របស់ម៉ារ៉ុក ក្នុងការពង្រឹងការចូលរួមជាមួយអាស៊ានតាមរយៈភាពជាដៃគូសន្ទនាតាមវិស័យ និងបានលើកទឹកចិត្តការអនុវត្តទាន់ពេលវេលាលើវិស័យអាទិភាពដែលមាននៅក្នុងឯកសារកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងអាស៊ាន-ម៉ារ៉ុក (២០២៤-២០២៨) និងបានស្វាគមន៍ចំពោះការប្រកាសរបស់ភាគីម៉ារ៉ុក ក្នុងការផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់មជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន (ARMAC) និងដល់គណៈកម្មការទន្លេមេគង្គ (MRC) ដែលជាផ្នែកមួយនៃការរួមចំណែកយ៉ាងសកម្មរបស់ម៉ារ៉ុក ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអាស៊ាន និងមេគង្គ។

ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាក្នុងតំបន់ និងពិភពលោក ដែលជាកង្វល់រួមផងដែរ។
សហប្រធានទាំងពីរ បានពិភាក្សាអំពីសំណើគំនិតផ្តួចផ្តើមស្តីពីការបង្កើតគណៈកម្មការចម្រុះ ដើម្បីធ្វើជាយន្តការដ៏សំខាន់មួយសម្រាប់ត្រួតពិនិត្យ និងពិភាក្សាអំពីវិស័យអាទិភាពក្នុងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងបានឯកភាពចាប់ផ្តើមរៀបចំផែនទីបង្ហាញផ្លូវមួយ ដើម្បីជំរុញទំនាក់ទំនងទ្វេភាគីកម្ពុជា-ម៉ារ៉ុក ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ដូចដែលបានឯកភាពដោយរដ្ឋមន្ត្រីការបរទេសទាំងពីរ កាលពីឆ្នាំ២០២៣៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×