Tuesday, May 19, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ៖ ការពង្រឹកវិស័យសុខាភិបាលត្រូវផ្ដោតលើការយកចិត្តទុកដាក់មុខព្រួញធំៗចំនួន៤

រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃអង្គារ ទី១០ ធ្នូ ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបញ្ចុះបឋមសីលាបើកការដ្ឋានសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល នៅទីតាំងទី ៣ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។

គម្រោងមន្ទីរពេទ្យសាកលវិទ្យាល័យនេះនឹងរចនាឡើងតាមស្ដង់ដារអន្ដរជាតិ ជាមួយនិងឧបករណ៍ បច្ចេកវិទ្យាទំនើបបំផុត សម្រាប់ធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺ ជាពិសេសនឹងក្លាយជាកន្លែងសិក្សា ស្រាវជ្រាវ ដើម្បីទាក់ទាញអ្នកជំនាញ ដែលមានទេពកោសល្យកម្រិតជាតិ និងអន្ដរជាតិមកធ្វើការសហការគ្នា ប្រឹងប្រែង រុករកនវានុវត្ដន៍ថ្មីៗបន្ថែមទៀតនៅក្នុងវិស័យសុខាភិបាល។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលទី ៧ ក៏ដូចជា រាជរដ្ឋាភិបាលនីតិកាលមុនៗ បានចាត់ទុកការអភិវឌ្ឍមូលធនមនុស្សប្រកបដោយគុណភាពខ្ពស់, ពោល គឺមានសុខភាពល្អមាំមួន, ចំណេះដឹង និង ជំនាញពិតប្រាកដ, មានសីលធម៌ខ្ពស់ ជាអាទិភាពគន្លឹះមួយ និង ជាមូលដ្ឋានគ្រឹះ សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព និង បរិយាប័ន្ន តាមរយៈ ការលើកកម្ពស់ សុខភាព និង សុខុមាលភាពប្រជាជនគ្រប់រូប ឱ្យកាន់តែប្រសើរឡើងជាលំដាប់ ដោយផ្តោតលើការខិតខំប្រឹងប្រែងបន្តកាត់បន្ថយការឈឺ និង ស្លាប់បណ្តាលមកពីជំងឺ ។

សម្ដេចបវរធិបតីនាយករដ្ឋមន្ត្រី បានស្នើឱ្យក្រសួងសុខាភិបាលត្រូវគិតគូរលើផ្នែកពាក់ព័ន្ធទាំងអស់ទើបការព្យាបាលមានប្រសិទ្ធភាព។

សម្ដេចបវរធិបតីនាយករដ្ឋមន្ត្រី បានថ្លែងថា ការពង្រឹកវិស័យសុខាភិបាលត្រូវផ្ដោតលើការយកចិត្តទុកដាក់មុខព្រួញធំៗចំនួន៤គឺ៖ ទី១.ហេដ្ឋារចនាសម្ព័ន្ធ ទី២. ការបំពាក់ឧបករណ៍សម្ភារបរិក្ខារពេទ្យទំនើប ទី៣.ថ្នាំសង្កូវ និងទី៤.គឺ មនុស្ស។

ក្នុងន័យនេះ សម្ដេចបវរធិបតីនាយករដ្ឋមន្ត្រី ចង់ឃើញប៉ុស្ដិ៍សុខភាព មណ្ឌលសុខភាព និងមន្ទីរពេទ្យនានា មានអគារ មានថ្នាំសង្កូវ មានសម្ភារប្រើប្រាស់ និងមានគ្រូពេទ្យមានសមត្ថភាពខ្ពស់ ចេះប្រើប្រាស់បច្ចេកវិទ្យាទំនើប។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នឹងដើរតួនាទីសំខាន់ក្នុងការបណ្តុះបណ្តាលធន ធានមនុស្សនៅក្នុងវិស័យសុខាភិបាល តាមរយៈការរៀន ការបង្រៀន និងការស្រាវជ្រាវខាងផ្នែកវិទ្យាសាស្ត្រសុខាភិបាល ដែលនឹងនាំមកនូវរបកគំហើញខាងវិទ្យាសាស្ត្រ និងនវានុវត្តន៍ថ្មីៗសម្រាប់ធាតុចូលយ៉ាងសំខាន់ក្នុងការធ្វើបច្ចុប្បន្នភាពគោលនយោបាយសុខាភិបាលឈានទៅដល់ការសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកលនៅឆ្នាំ២០៣៥ ខណៈដែលមន្ទីរពេទ្យមួយនេះនឹងត្រូវបំពាក់នូវឧបករណ៍ពេទ្យទំនើបទាន់សម័យស្របតាមស្តង់ដាអន្តរជាតិ និងត្រូវប្រើប្រាស់ជាអគារពហុមុខងារសម្រាប់ផ្តល់សេវាថែទាំ ធ្វើរោគវិនិច្ឆ័យ និងព្យាបាលជម្ងឺជូនពលរដ្ឋតាមតម្រូវការដែលកំពុងមានការកើនឡើង។

សម្តេចធិបតីនាយករដ្ឋមន្ត្រីបានបន្តថា សេវាសុខាភិបាលគឺពិតជាសំខាន់សម្រាប់ប្រជាពលរដ្ឋរបស់យើង នរណាៗក៏ត្រូវការសុខាភាព ដូច្នេះការធានាបាននូវការផ្តល់សេវាសុខាភិបាលល្អ និងគ្រប់គ្រាន់គឺ ជាការសំខាន់ ហើយថាការគិតគូទុកជាមុនក្នុងការសាងសង់ និងបំពាក់ឧបករណ៍ពេទ្យទំនើបទាន់សម័យគឺជារឿងមួយរឹតតែសំខាន់ គឺជាការគិតគូសម្រាប់រយៈពេលវែង ហើយថាចំពោះឧបករណ៍ទំនើបៗសម្រាប់ការព្យាបាលយើងត្រូវតែនាំចូលមក ខណៈដែលកម្ពុជាក៏កំពុងតែបំពាក់ឧបករណ៍ផ្សេងៗ សម្រាប់ការព្យាបាលជម្ងឺមហារីកនៅតាមបណ្តាមន្ទីរពេទ្យមួយចំនួន ក្នុងនោះក៏មាននៅមន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដែលកំពុងធ្វើពិធីបើកការដ្ឋានសាងសង់នាពេលនេះផដែរ។

សម្តេចនាយករដ្ឋមន្ត្រីបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ក្រសួងសុខាភិបាល សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល សាស្ត្រាចារ្យ គ្រូពេទ្យ មន្ត្រី បុគ្គលិកសុ ខាភិបាលគ្រប់លំដាប់ថ្នាក់ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងារនៅក្នុងវិស័យដ៏មានសារៈសំខាន់នេះ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ ជាតិ អន្តរជាតិ និងអង្គការមិនមែនរដ្ឋាភិបាល ដែលបាន និងកំពុងចូលរួមចំណែកដល់វឌ្ឍនភាពនៃវិស័យសុខាភិបាលកម្ពុជា ជាពិសេសការខិតខំប្រឹងប្រែងរួមគ្នានាពេលកន្លងទៅក្នុងការបង្ការ ទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩។ ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមប្រជាជនកម្ពុជា សម្តេចធិបតីនាយក រដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនកូរ៉េចំពោះការជួយឧបត្ថម្ភគាំទ្រ ក៏ដូចជាការសហការល្អក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ហើយដែលថ្ងៃនេះសាធារណរដ្ឋកូរ៉េក៏បានផ្តល់នូវឥណទាន ដើម្បីកសាងនូវសមិទ្ធផលដ៏ធំថ្មីមួយទៀតនៅក្នុងវិស័យសុខា ភិបាលរបស់កម្ពុជាដែលមានតម្លៃរហូតទៅដល់៦០លានដុល្លារអាម៉េរិក ដែលវាជាទំហំធំ តែយើងត្រូវ តែវិនិយោគ ព្រោះវាជាការសំខាន់៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×