ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងតបតាមការអញ្ជើញរបស់មូលនិធិ GX Foundation នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ ចូលរួមកម្មវិធី «GX Foundation Khmer Cuisine Charity Dinner» ក្នុងគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ម្ហូបអាហារខ្មែរ និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ដើម្បីកៀរគរស្វែងរកការគាំទ្រសម្រាប់ជួយសកម្មភាពសប្បុរសធម៌នៅកម្ពុជា ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ ដល់ ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ នៅតំបន់រដ្ឋបាលពិសេសហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន។
គួរបញ្ជាក់ថា កាលពីជាងមួយខែមុន ក្រសួងទេសចរណ៍ បានរៀបចំ “ពិព័រណ៍ម្ហូបអាហារកម្ពុជា-ចិន” ប្រព្រឹត្តទៅកាលពីថ្ងៃទី២៦-២៧ ខែតុលា នៅខេត្តសៀមរាប ក៏ដើម្បីផ្សព្វផ្សាយអាហាររបស់កម្ពុជាផង និងទាក់ទាញសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់ប្រទេសទៅកាន់ទីផ្សារអន្តរជាតិផង ជាពិសេសប្រទេសចិន ដោយមានការចូលរួមដាក់តាំងបង្ហាញម្ហូបអាហារល្បីៗរបស់កម្ពុជា និងចិនចំនួនប្រមាណ១០០ស្តង់ឯណោះ។
មន្ត្រីនៃក្រសួងទេសចរណ៍ បានបង្ហាញថា ព្រឹត្តិការណ៍ «GX Foundation Khmer Cuisine Charity Dinner» នៅតំបន់រដ្ឋបាលពិសេសហុងកុងនេះ គឺជាផ្នែកមួយនៃយុទ្ធនាការផ្លាស់ប្ដូរទេសចរកម្ពុជា-ចិន សម្រាប់ឆ្នាំខាងមុខៗទៀត ជាពិសេសកម្មវិធីផ្លាស់ប្តូរប្រជាជន និងប្រជាជន ដែលបានរៀបចំព្រឹត្តិការណ៍រួមគ្នាជាច្រើនរួចទៅហើយ។ ស្ដីពីអាហារវិញ គឺជាផលិតផលទេសចរណ៍ដ៏សំខាន់មួយនៅពេលដែលភ្ញៀវទេសចរទៅដល់គោលដៅណាមួយពួកគេត្រូវញ៉ាំម្ហូបអាហារនៅទីនោះ ដូច្នេះម្ហូបអាហារខ្មែរនៅតំបន់រដ្ឋបាលពិសេសហុងកុង ក៏ជាការចូលរួមចំណែកក្នុងការទាក់ទាញទេសចរចិនផងដែរ។
យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ឱ្យដឹងថា ពេញមួយឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសចំនួន ៥.៤លាននាក់ កើនឡើង ១៣៩.៥ភាគរយ បើធៀបនឹងឆ្នាំ ២០២២។ ក្នុងនោះដែរភ្ញៀវទេសចរចិន ឈរនៅលំដាប់ទី៣ ដែលមានប្រមាណ ៥៤៧ ៧៩៨នាក់។ ភ្ញៀវទេសចរណ៍ពីបណ្ដាប្រទេសនានា ជាពិសេសភ្ញៀវទេសចរចិន ពិតជាបានចូលរួមចំណែក ក្នុងការជំរុញ កំណើនសេដ្ឋកិច្ចកម្ពុជា, បង្កើនចំណូលដោយប្រយោល និងដោយផ្ទាល់រាប់លានដុល្លារ បង្កើតការងារជួនប្រជាជនកម្ពុជារាប់លាននាក់៕ ពិសិដ្ឋ CEN

















