ភ្នំពេញ ៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ស្នើឲ្យពិនិត្យឡើងវិញទៅលើការផ្ដន្ទាទោសអ្នកបើកបរស្រវឹងបុកមនុស្សស្លាប់៤នាក់នៅស្ពានឫស្សីកែវ ក្រោយតុលាការកាត់ទោសដាក់ពន្ធនាគារ៥ឆ្នាំ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បញ្ជាឱ្យក្រសួងយុត្តិធម៌ ពិនិត្យនិងដាក់បណ្ដឹងឧទ្ធរណ៍ ករណីសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមផ្តន្ទាទោសជនជាប់ចោទពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្លាប់៤នាក់ និងរបួសអ្នកដទៃ នៅចំណុចស្ពានឬស្សីកែវ ដាក់ពន្ធនាគារកំណត់រយៈពេល ០៥” ប្រាំ “ ឆ្នាំ និងពិន័យជាប្រាក់ចំនួន ២០ ០០០ ០០០ “ម្ភៃលាន” រៀល ពីបទ “បើកបរស្ថិតក្នុងស្ថានភាពស្រវឹងបង្កគ្រោះថ្នាក់បណ្តាលឱ្យស្លាប់ និងរបួសអ្នកដទៃ” ប្រព្រឹត្តនៅចំណុចស្ពានឬស្សីកែវ ប្រសព្វផ្លូវជាតិលេខ៥ និងស្ពានឬស្សីកែវថ្មី ភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បញ្ជាឱ្យក្រសួងយុត្តិធម៌ ប្រើអំណាចអធិបញ្ជារបស់ខ្លួនតាមច្បាប់ ដោយផ្តល់គោលការណ៍ទៅព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ ប្តឹងទៅឧទ្ធរណ៍ ដើម្បីពិនិត្យលើករណីសាលាដំបូងរាជធានីភ្នំពេញប្រកាសសាលក្រមផ្តន្ទាទោសជនជាប់ចោទពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្លាប់៤នាក់ និងរបួសអ្នកដទៃ នៅចំណុចស្ពានឬស្សីកែវ ថាតើសាលក្រមនេះមានទម្ងន់គ្រប់គ្រាន់តាមច្បាប់ជាធរមានហើយនៅ។
សម្តេចធិបតី បានបញ្ជាក់ទៀតថា ករណីនេះគឺជាករណីគំរូមួយដល់អ្នក ដែលបើកបរក្នុងស្ថានភាពស្រវឹងដ៏ទៃទៀត។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាត់ទុកការផ្តន្ទាទោសឲ្យបុរសរូបនោះ ហាក់បីដូចជាមិនយុត្តិធម៌នោះឡើយហើយសម្តេចបានបញ្ជាឲ្យក្រសួងយុត្តិធម៌ធ្វើការសើរើចំពោះករណីនេះឡើងវិញ ដោយត្រូវប្រើសិទ្ធិអធិបញ្ជាក្នុងការប្ដឹងទៅសាលាឧទ្ធរណ៍។
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យធ្វើវិសោធនកម្មដាក់ទោសទណ្ឌឱ្យបានតឹងរឹង លើជនបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យមនុស្សស្លាប់។
បើតាមសេចក្តីប្រកាសព័ត៌មាន , អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ សូមជម្រាបជូនដល់សាធារណជនជ្រាបថា នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤នេះ ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសជាសាធារណៈ នូវសាលក្រមព្រហ្មទណ្ឌលេខ ៣៨៦៧ «វ» នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ នៅក្នុងសំណុំរឿងព្រហ្មទណ្ឌ លេខ ៤៩០ ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ បានសម្រេចផ្តន្ទាទោសជនជាប់ចោទឈ្មោះ នាង សំអូន ភេទប្រុស អាយុ ៥៦ឆ្នាំ ដាក់ពន្ធនាគារកំណត់រយៈពេល ០៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ចំនួន ២០០០០ ០០០ (ម្ភៃលាន) រៀល ពីបទ បើកបរស្ថិតក្នុងស្ថានភាពស្រវឹងបង្កគ្រោះថ្នាក់បណ្តាលឱ្យស្លាប់ និងរបួសអ្នកដទៃ ប្រព្រឹត្តនៅចំណុច ស្ពានឫស្សីកែវ ប្រសព្វផ្លូវជាតិលេខ៥ និងស្ពានឫស្សីកែវថ្មី ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានី ភ្នំពេញ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមមាត្រា ៨៣ កថាខណ្ឌទី២ ចំណុច ខ ចំណុច គ និងមាត្រា ៨៥ កថាខណ្ឌទី២ចំណុចខ ចំណុចគ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ សូមបញ្ជាក់ជូនថា ករណីនេះ ទោះបីជាដើមបណ្តឹងរដ្ឋប្បវេណី ទាំងអស់បានទទួលសំណង និងដកពាក្យបណ្តឹងរួចហើយក៏ដោយ ក៏ចៅក្រមជំនុំជម្រះបានប្រកាសទោសដាក់ពន្ធនាគារក្នុងកម្រិតអតិបរមានៃទោសដែលច្បាប់បានកំណត់ និងបានប្រកាសទោសបន្ថែមលើជនជាប់ចោទឈ្មោះ នាង សំអូន ដោយហាមឃាត់ចំពោះការបើកបរយានយន្តគ្រប់ប្រភេទរយៈពេល ៥ឆ្នាំ បន្ទាប់ពីបានអនុវត្តទោសចប់ក្នុងពន្ធនាគារ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី




