Friday, May 22, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមអភិសន្តិបណ្ឌិត និងអតីតប្រធានសភាជប៉ុន បង្ហាញការពេញចិត្តចំពោះផ្លែផ្កានៃទំនាក់ទំនងប្រទេសទាំងពីរ

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម FUJITA Yukihisa ឥស្សរជនជប៉ុនដែលធ្លាប់កាន់មុខតំណែងអនុរដ្ឋមន្ត្រី ក្រសួងហិរញ្ញវត្ថុ និងជាអតីតប្រធានសភាជប៉ុន បានវាយតម្លៃខ្ពស់ ចំពោះលទ្ធផលប្រកបដោយផ្លែផ្កា នៃកិច្ចសហប្រតិបត្តិការកន្លងមក រវាងប្រទេសកម្ពុជា និងជប៉ុន ទាំងវិស័យសេដ្ឋកិច្ច នយោបាយ និងសន្តិសុខ។ នេះបើតាមលទ្ធផលនៃជំនួបដែលបានធ្វើឡើងនៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤នេះ។

ក្នុងជំនួបនោះដែរ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលជានិច្ចកាល តែងយកចិត្តទុកដាក់ឧបត្ថម្ភគាំទ្រដល់​បុព្វហេតុសុខសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅកម្ពុជាឱ្យកាន់តែមានការរីកចម្រើនជាបន្តបន្ទាប់។ ឯកឧត្ដមអភិសន្តិបណ្ឌិត បានឆ្លៀតបញ្ជាក់ជូនភាគីជប៉ុនដែរថាទោះបីសម្រេចដកខ្លួនពីគម្រោងត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម ក៏ប្រទេសកម្ពុជា នៅតែបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងទំនាក់ទំនងផ្សេងៗទៀត ជាមួយប្រទេសជិតខាងជាធម្មតា។

ជាការឆ្លើយតប ឯកឧត្តម FUJITA Yukihisa បានថ្លែងអំណរគុណ ឯកឧត្ដមអភិសន្តិបណ្ឌិត ស​ សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានអនុញ្ញាតឱ្យ ចូលជួបសម្ដែងការគួរសម និងបានជម្រាបឯកឧត្តមអភិសន្តិបណ្ឌិតថា ជប៉ុនគាំទ្រការសម្រេចចិត្តរបស់កម្ពុជា ក្នុងនោះជប៉ុនក៏នឹងបន្តជួយគាំទ្រប្រទេសកម្ពុជា ក្នុងក្របខណ្ឌទ្វេភាគី ព្រមទាំងពិនិត្យលទ្ធភាពផ្ដល់នូវសម្ភារៈមួយចំនួន គាំទ្រដល់ការរៀបចំការបោះឆ្នោត នៅក្នុងប្រទេសកម្ពុជា។

ឯកឧត្តមអភិសន្តិបណ្តិត ស សុខា បានអរគុណចំពោះភាគីជប៉ុន ដែលបានបន្តរួមចំណែក ដើម្បីលើកស្ទួយជីវភាព និងកាត់បន្ថយភាពក្រីក្រ នៅតាមបណ្ដាព្រំដែន ក៏ដូចជាគាំទ្ររាល់ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×