Saturday, May 23, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តធុនយក្សដឹកទំនិញគេចពន្ធធ្ងន់ខ្ពស់កប់ពពក ក្រឡាប់ផ្ងារជើងច្រងាងៗ នៅភូមិព្រៃរបឹស ឆ្ពោះទៅច្រករបៀងប៉ុស្ត៍ច្រករបៀងធ្លកថ្មី និងចេញទៅវៀតណាម

ខេត្តស្វាយរៀង : រថយន្តធុនធំខ្នាតយក្សប្រភេទវ៉េអង ០១គ្រឿង ដឹកទំនិញធ្ងន់ខ្ពស់កប់ពពក បម្រុងឆ្លងដែនទៅប្រទេសវៀតណាម សង្ស័យជាទំនិញគេចពន្ធ ខណៈមកដល់កណ្តាលផ្លូវក្រឡាប់ផ្ងារជើងច្រងាងៗ ករណីនេះកើតឡើងនៅវេលាម៉ោង៩:១០នាទីព្រឹក ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ នៅលើកំណាត់ផ្លូវលំ ស្ថិតក្នុងភូមិព្រៃរបឹស ឃុំត្នោតស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា រថយន្តក្រឡាប់នេះប្រភេទវ៉េអង ពាក់ស្លាកលេខ កំពង់ស្ពឺ 3A-0499 ដឹកទំនិញខ្ពស់កំពពក លុះដល់ចំណុចកើតហេតុខាងលើ ក៏ក្រឡាប់ផ្ងារជើងតែម្តងសំណាងល្អ មិនបង្កឲ្យគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរតាមដងផ្លូវទេ។

ប្រភពបន្តថា ប៉ុន្មានខែចុងក្រោយនេះ គេឃើញរថយន្តយីឌុបធុនធំៗ ប្រភេទវ៉េអង ដឹកទំនិញលើសទម្ងន់ ផ្ទុកទំនិញចាប់ពី៤០ទៅ៥០តោន ធ្វើចរាចរណ៍លើផ្លូវកៅស៊ូ ឆ្លងកាត់ឃុំចំនួន០៤ គឺចេញពីផ្លូវជាតិលេខ១ ចំណុចភូមិដើមពោធិ ឃុំស្វាយតាយាន ស្រុកកំពង់រោទ៌ ឆ្លងកាត់ឃុំខ្សែត្រ ឃុំសំឡី ឆ្ពោះទៅ ភូមិធ្លកថ្មី ឃុំត្នោត ស្រុកកំពង់រោទិ៍ បង្កឲ្យបាក់ស្រុតផ្លូវក្រាលកៅស៊ូជាច្រើនកន្លែង ហើយបន្តទៅតាមផ្លូវលំជនបទ ឆ្លងកាត់ភូមិព្រៃរបឺស និងភូមិធ្លកថ្មី បង្កឲ្យបាក់ស្រុតផ្លូវក្លាយជារណ្តៅសំបុកមាន់ ពិបាកធ្វើដំណើរយ៉ាងខ្លាំងដោយសារតែរថយន្តធុនយក្សទាំងនេះបំផ្លាញ។

ប្រភពបន្តទៀតថា រថយន្តដឹកទំនិញទាំងនេះធ្វើចរាចរណ៍រាល់ថ្ងៃ ក្នុង១ថ្ងៃៗចាប់ពី៣គ្រឿងទៅ០៥គ្រឿង, ថ្ងៃខ្លះ១០គ្រឿងឯណោះ, ហើយរថយន្តដឹកទំនិញទៅ ផ្ទេរនៅលើផ្លូវលំជិតព្រំដែនត្រង់ចំណុចប៉ុស្ត៍ច្រករបៀងធ្លកថ្មីស្ថិតនៅភូមិធ្លកថ្មី ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ រថយន្តវៀតណាមបានឆ្លងដែនពីប្រទេសវៀតណាមចូលមកក្នុងដីខ្មែដើម្បីផ្ទេរទំនិញនៅក្នុងដីខ្មែរពេលថ្ងៃរហូតដល់វេលាម៉ោង៦និង៥០នាទីព្រលប់ ទើបដឹកចូលទៅប្រទេសវៀតណាម ដោយគ្មានសមត្ថកិច្ចជំនាញណាមករំខានឡើយ។

បើតាមមហាជន ប្រាប់អ្នកសារព័ត៌មានយើងថា នៅចំណុចច្រករបៀងធ្លកថ្មីនេះ ឈ្មួញវៀតណាមតែងតែយករថយន្តឆ្លងដែនចូលមកដីខ្មែររៀងរាល់ថ្ងៃរង់ចាំ ឈ្មួញខ្មែរដឹកទំនិញមកផ្ទេរទំនិញដាក់រថយន្តវៀតណាមដឹកឆ្លងដែនទៅប្រទេសវៀតណាម។ ទំនិញរួមមាន ស្ករ.ស គ្រឿងអេឡិចត្រនិច បារីស៊ែត  ក្រណាត់គីប និងសំលៀកបំពាក់ សង្ស័យជាទំនិញគេចពន្ធ ដោយមិនឃើញមានសមត្ថកិច្ចជំនាញណាមកក្បែរទេ សង្ស័យត្រូវថ្នាំសណ្ដំឈ្មួញអស់ហើយមើលទៅ។

មហាជនបានរិះគន់ចំៗទៅលើអាជ្ញាធរមានសមត្ថកិច្ចថា បានបើកដៃឲ្យឈ្មួញប្រើប្រាស់រថយន្តដឹកទំនិញធុនធំប្រភេទវ៉េអងចំណុះចាប់ពី៤០តោនទៅ៥០តោន ធ្វើចរាចរណ៍នៅលើផ្លូវក្រាលកៅស៊ូ ដែលជាអំណោយរបស់ សម្តេចតេជោ ហ៊ុន សែន ជាចំណងដៃជូនប្រជាពលរដ្ឋស្រុកកំពង់រោទិ៍ធ្វើដំណើរនិងផ្លូវលំដែលរាជរដ្ឋាភិបាលសាងសង់ សម្រាប់ឲ្យប្រជាពលរដ្ឋ ធ្វើដំណើរ ជាពិសេស មន្ត្រីសោធននិវត្សន៍ ធ្វើដំណើរទៅទីតាំងផ្ទះ១០០ខ្នង ដែលរាជរដ្ឋាភិបាលបានសាងសង់ជូនមន្ត្រីសោធននិវត្ស ន៍នៅតាមបណ្តោយព្រំដែន ភូមិធ្លកថ្មី ឃុំត្នោត ស្រុកកំពង់រោទិ៍ និងភូមិតែងម៉ៅ ឃុំចន្ទ្រា ស្រុកចន្ទ្រា បច្ចុប្បន្នបង្កឲ្យបាក់ស្រុតផ្លូវថ្នល់ខូចក្រហេងក្រហូងក្លាយជាសំបុកមាន់ជាបណ្តើរៗហើយ បើគ្មានការទប់ស្កាត់ទេ គឺផ្លូវថ្នល់ត្រូវខូចអស់ជាមិនខាន។

ទាក់ទិនករណីនេះដែរ មិនអាចរកការបំភ្លឺពីលោកយ៉ន សុផល  ប្រធានវរៈការពារព្រំដែន លេខ៦០៩ បានទេរហូតមកដល់រសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤នេះ។ ចំណែក លោក ហេង សំបូរ ប្រធានសាខាគយ និងរដ្ឋាករ ខេត្តស្វាយរៀង បានប្រាប់អ្នកដារព័ត៌មានយើងតាមទូរស័ព្ទនៅវេលាម៉ោង២:០០នាទីរសៀល ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ថា លោកមិនបានដឹងទេ ។

នៅពេលអ្នកសារព័ត៌មានយើង សួរថា មានមន្ត្រីគយចុះប្រចាំការត្រួតពិនិត្យទំនិញនៅចំណុចប៉ុស្ត៍ច្រករបៀងធ្លកថ្មីដែរឬទេ ? លោក ហេង សំបូរ បិទទូរស័ព្ទភ្លាមៗ សង្ស័យមន្ត្រីគយបើកដៃឲ្យឈ្មួញដឹកទំនិញគេចពន្ធទៅដោយរលូនហើយទាន?! ប្រសិនបើសមត្ថកិច្ចបើកដៃឲ្យឈ្មួញនាំទំនិញគេចពន្ធរាល់ថ្ងៃបែបនេះ ពិតជាបាត់ចំណូលថវិកាជាតិច្រើនណាស់ទ៕ រក្សាសិទ្ធដោយ ៖ សុំ សុវណ្ណគីរី

×