Saturday, May 23, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល ចុះទៅអន្តរាគមន៍ ក្នុងអំពើហិង្សា បែរជាត្រូវជនបង្កកាប់ត្រូវដៃឆ្វេងរងរបួសធ្ងន់ស្ទើរដាច់ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត

ខេត្តត្បូងឃ្មុំ: ហេតុការណ៍អំពើហិង្សាបានកើតឡើងនៅភូមិទី១៥ ឃុំជប់ ស្រុកត្បូងឃ្មុំ ពេលដែលកម្លាំងសមត្ថកិច្ចចុះទៅជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋដែលមានជម្លោះ។បែរជាត្រូវជនល្មើសប្រើកាំបិតដេញកាប់លើសមត្ថកិច្ចបណ្ដាលឲ្យត្រូវដៃខាងឆ្វេងរងរបួសធ្ងន់ហើយប៉ងកាប់ម្នាក់ទៀត តែសមត្ថកិច្ចប្រើសិទ្ធិការពារខ្លួនបាញ់ភ្ជុចដីផ្លាតត្រូវកំភួនជើងជនល្មើសដួលទើបចាប់ខ្លួនបាន។ ដែលនេះជាករណីកម្រកើតមាននាពេលកន្លងមកនៅលើទឹកដីខេត្តត្រើយខាងកើតទន្លេមេគង្គ។

សមត្ថកិច្ចមូលដ្ឋានប្រាប់ឲ្យដឹងនាព្រឹកថ្ងៃទី៣១សីហា ឆ្នាំ២០២៤ថា: ពេលដែលមានអំពើហិង្សាបានកើតឡើងប្រជាពលរដ្ឋនៅមូលដ្ឋានបានរាយការណ៍មកលោកនាយប៉ុស្តិ៍រដ្ឋបាលជប់ ដើម្បីឲ្យជួយអន្តរាគមន៍ គ្រាន់តែទទួលបានព័ត៌មានតាមទូរសព្ទភ្លាមក៏បានចាត់ឱ្យលោកនាយរងប៉ុស្តិ៍រដ្ឋបាលនិងមន្ត្រីពីរនាក់ ព្រមទាំងប្រជាការពារម្នាក់បានចុះទៅកាន់ផ្ទះកើតហេតុរបស់ជនរងគ្រោះឈ្មោះប្រាក់ ទ្រី នៅភូមិទី ១៥ ដើម្បីជួយអន្តរាគមន៍និងសួរនាំរកហេតុផល តែពុំដល់គោលដៅត្រឹមត្រូវផងត្រូវជនល្មើសស្ទាក់កាប់ប្រហារមកលើកម្លាំងសមត្ថកិច្ច។

សមត្ថកិច្ចមូលដ្ឋានប្រាប់បន្តឲ្យដឹងទៀតថា ស្របពេលដែលកម្លាំងនគរបាលជិះម៉ូតូតាមដងផ្លូវលំ នៅចម្ងាយប្រមាណ ៥០ម៉ែត្រ ដល់ផ្ទះរបស់ជនបង្កឈ្មោះស្រស់ តែជននេះជាមុខសញ្ញាប្រើប្រាស់ថ្នាំញៀនផងនោះ បានពួនស្ទាក់នៅគម្ពោធព្រៃ ស្របពេលកម្លាំងសមត្ថកិច្ចមកដល់ក៏បានទាញកាំបិតផ្គាក់ កាប់លើកញ្ចឹងករបស់មន្ត្រីប៉ុស្តិ៍ តែបានលើកដៃឆ្វេងរងត្រូវរបួសដាច់ដៃ ចេញឈាមស្រោចពេញខ្លួនប្រាណ។ បន្ទាប់មកជនបង្កបានដេញកាប់លើនាយរងប៉ុស្តិ៍រដ្ឋបាលម្នាក់ ដែលចុះទៅអន្តរាគមន៍តែសំណាងកាប់ជាច្រើនកាំបិតពីក្រោយមិនត្រូវ ជាមួយនោះនាយរងប៉ុស្តិ៍បានប្រើសិទ្ធិការពារខ្លួនបាញ់ភ្ជុចដីមួយគ្រាប់។ធ្វើឲ្យគ្រាប់កាំភ្លើងផ្លាតត្រូវកំភួនជើងឆ្វេងរបស់ជនល្មើសឈ្មោះស្រស់ ក៏ដួលទៅលើដីទើបសមត្ថកិច្ចចាប់ខ្លួនបាន។សូមបញ្ជាក់ថា នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង៤និង៣០នាទីល្ងាច ចំណុចមុខផ្ទះឈ្មោះ អ៊ិន យ៉េង ភេទស្រី អាយុ៦៥ឆ្នាំ ស្ថិតនៅភូមិ១៥ ឃុំជប់ ស្រុកត្បូងឃ្មុំ មានជនសង្ស័យឈ្មោះ យ៉េង ស្រស់ ភេទប្រុស អាយុ២៧ឆ្នាំ បានយកកាំបិតកាត់លើបុរសឈ្មោះទ្រី អាយុ៥៤ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិ១៥ ឃុំជប់ ស្រុកត្បូងឃ្មុំ បណ្ដាលឲ្យរងរបួសក្បាល ០១កន្លែងត្រង់សៀតផ្កាខាងឆ្វេង(ដេរ៤ថ្នេរ) មូលហេតុជនសង្ស័យខឹងនឹងជនរងគ្រោះ កាន់ក្បាលបងប្រុសរបស់ខ្លួន។ បន្ទាប់ពីទទួលបណ្ដឹងពីជនរងគ្រោះ ឈ្មោះ ប្រាក់ ទ្រី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជប់ ចំនួន ០៣នាក់ ដោយសហការជាមួយកម្លាំងប្រជាការពារ ០១នាក់ បានចុះអត្តរាគមន៍ភ្លាមៗ ដល់កន្លែងកើតហេតុ នៅវេលាម៉ោង៥និង២៦នាទីល្ងាច ស្រាប់តែជនសង្ស័យឈ្មោះ យ៉េង ស្រស់ ខាងលើ បានធ្វើសកម្មភាពដេញកាប់នឹងកាំបិតផ្គាក់ដដែល កាប់មកលើកម្លាំងសមត្ថកិច្ច បណ្ដាលឲ្យរងរបួសម្នាក់លោកអនុសេនីយ៍ឯក កែវ សុភ័ក្រ មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលជប់ ត្រង់កំភួនដៃ ឆ្វេង ០១កន្លែង(កម្រិតធ្ងន់) និងបន្តដេញកាប់លើលោកអនុសេនីយ៍ទោ ត្រា សុណារិន ជានាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលជប់ ពីក្រោយជាច្រើនកាំបិត តែមិនបណ្ដាលឲ្យរងរបួស ភ្លាមៗនោះកម្លាំងសមត្ថកិច្ច បានប្រើវិធានការកាពារខ្លួនបំផ្ទុះអាវុធ០១គ្រាប់ បំបុកដី បណ្ដាលឲ្យផ្លាតគ្រាប់ត្រូវជនសង្ស័យត្រង់កំភួនជើងខាងស្តាំ ០១កន្លែង ហើយជនសង្ស័យ ក៏ត្រូវបានសមត្ថកិច្ច ចាប់ខ្លួនបានដាក់ខ្នោះនៅចំណុចមុខផ្ទះកើតហេតុ ក្នុងពេលនោះ ក៏មានឈ្មោះ យ៉េង ស្រីនាង ភេទស្រី អាយុ២៩ឆ្នាំ ជាតិខ្មែរ និងឈ្មោះ យ៉េង សុខឃីម ភេទប្រុស អាយុ៣៤ឆ្នាំ ជាតិខ្មែរ ទាំងពីរនាក់រស់នៅភូមិកើតហេតុ ត្រូវជាបងបង្កើតរបស់ជនសង្ស័យ បានមករារាំងកម្លាំងសមត្ថកិច្ចយើង ដោយបានដណ្ដើមជនសង្ស័យពីសមត្ថកិច្ច ជិះម៉ូតូឌុបគេចចេញពីកន្លែងកើតហេតុ រហូតដល់ចំណុចផ្លូវជាតិលេខ៧ ភូមិវាលកណ្ដៀង ឃុំជប់ ស្រុកត្បូងឃ្មុំ ទើបកម្លាំងសមត្ថកិច្ច ស្ទាក់ចាប់ជនសង្ស័យបានទាំង០៣នាក់បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ។

លោកវរៈសេនីយ៍ឯកសាំ ហេង អធិការនគរបាលស្រុកត្បូងឃ្មុំបញ្ជាក់ថាបច្ចុប្បន្នជនសង្ស័យឈ្មោះ យ៉េង ស្រស់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ មិត្តភាព កម្ពុជា-ចិន ខេត្តត្បូងឃ្មុំ ចំណែកលោកអនុសេនីយ៍ឯក កែវ សុភ័ក្រ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាព កម្ពុជា ចិន ខេត្តត្បូងឃ្មុំផងដែរ។ ដោយបានការឯកភាពពីលោក ឧត្តមសេនីយ៍ស្នងការ និងបានការសម្របសម្រួលពីលោក សូ សុវិទ្យា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ បានអនុញ្ញាតឲ្យកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ឃាត់ខ្លួនជនសង្ស័យទាំង០៣នាក់ខាងលើ ដើម្បីចាត់ការតាមនីតិវិធី។ នាយរងប៉ុស្តិ៍ដែលរងគ្រោះត្រូវដៃខាងឆ្វេងបានបញ្ជូនបន្តមកសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ចាមតែស្ថានភាពរបស់ធ្ងន់ក៏បញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ៕ រក្សាសិទ្ធដោយ ៖ ភ្នំប្រុសភ្នំស្រី

×