ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា បានចេញសារលិខិត ក្នុងឱកាសប្រារព្ធទិវាអក្ខរកម្មជាតិ ៨ កញ្ញា ២០២៤។
សារលិខិត សម្តេចមហាបវរធិបតី បានដូចខាងក្រោមនេះ ៖ “ក្នុងឱកាសនៃការប្រារព្ធទិវាអក្ខរកម្មជាតិ ៨ កញ្ញា ២០២៤ ក្នុងនាមរាជ រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមសម្ដែងនូវក្តីសោមនស្សរីករាយ និងសូមចូលរួមប្រកបដោយភាព កក់ក្តៅជាមួយបងប្អូនជនរួមជាតិកម្ពុជាទាំងអស់នៅទូទាំងប្រទេស ដែលកំពុងរួមរស់ក្រោមម្លប់នៃសុខសន្ដិភាព ពេញលេញ មានការអភិវឌ្ឍលើគ្រប់វិស័យនិងពោរពេញដោយស្នាមញញឹម។ រយៈពេលមួយឆ្នាំដំបូង រាជរដ្ឋាភិបាល កម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បាននិងកំពុងបន្តបេសកកម្មដ៏ឧត្តុង្គឧត្តមរបស់ខ្លួន ដោយបានប្ដេជ្ញាចិត្តយ៉ាង មុតមាំ និងកាន់តែស្វាហាប់ប្រកបដោយថាមវន្ត ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ចំពោះជោគវាសនាប្រទេសជាតិ និងការបម្រើប្រជាពលរដ្ឋ ដើម្បីពន្លឿនកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងជំរុញការអនុវត្តកំណែទម្រង់ឱ្យកាន់តែ ស៊ីជម្រៅនិងទូលំទូលាយលើគ្រប់វិស័យ ដូចមានបញ្ជាក់ច្បាស់ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០ និងចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ នៅក្នុង
ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ការអភិវឌ្ឍធនធានមនុស្សនៅតែបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងរបៀបវារៈនៃការអភិវឌ្ឍ ជាតិរបស់កម្ពុជា។
ទិវាអក្ខរកម្មជាតិ ៨ កញ្ញា នៅឆ្នាំនេះ ប្រារព្ធឡើងក្រោមប្រធានបទ «អក្ខរកម្មជាមូលដ្ឋានគ្រឹះនៃចំណេះដឹង បំណិន និងនវានុវត្តន៍» ដែលបានគូសបញ្ជាក់អំពីតួនាទីដ៏សំខាន់នៃអក្ខរកម្ម ក្នុងការផ្តល់ភាពអង់អាចដល់ប្រជា ពលរដ្ឋគ្រប់រូប រួមទាំងជនងាយរងគ្រោះ កុមារនិងយុវជនធ្វើពលកម្មនៅក្រៅសាលារៀន កម្មករ កម្មការិនីរោងចក កុមារនិងយុវជនជនជាតិដើមភាគតិច ដើម្បីទទួលបានចំណេះដឹងមូលដ្ឋាន និងមានសមត្ថភាពរឹងមាំ ឈានឆ្ពោះទៅចាប់យកជំនាញវិជ្ជាជីវៈប្រចាំជីវិត ស្របតាមចំណង់ចំណូលចិត្តរបស់ខ្លួន សម្រាប់លើកកម្ពស់ជីវភាព និង ការចូលរួមក្នុងសកម្មភាពអភិវឌ្ឍសង្គម ឱ្យកាន់តែសកម្មនិងមាននិរន្តរភាព។
ព្រះរាជាណាចក្រកម្ពុជា បន្តប្រារព្ធទិវាអក្ខរកម្មជាតិ ៨ កញ្ញា នៅឆ្នាំនេះ ក្នុងគោលបំណងបង្កើនការយល់ ដឹងឱ្យកាន់តែទូលំទូលាយនៅទូទាំងប្រទេស អំពីសារៈសំខាន់នៃការងារអក្ខរកម្ម ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ការអភិវឌ្ឍសមត្ថភាពរបស់ប្រជាពលរដ្ឋគ្រប់រូប ប្រកបដោយថាមពល គុណភាព និងភាពជាពលរដ្ឋសកល ដើម្បីរួមចំណែកបង្កើនល្បឿននៃកំណើនសេដ្ឋកិច្ច និងធ្វើឱ្យសង្គមជាតិទាំងមូលរីកចម្រើនជឿនលឿនទៅមុខ ព្រមទាំងឆ្លើយតបទៅនឹងឱកាសនៃការប្រារព្ធទិវាអក្ខរកម្មអន្ដរជាតិ ឆ្នាំ២០២៤ ក្រោមប្រធានបទ «ការលើកកម្ពស់ ការអប់រំពហុភាសា៖ អក្ខរកម្មសម្រាប់ការយល់ដឹងគ្នាទៅវិញទៅមក និងសន្តិភាព»។ ជារួម ប្រធានបទដែលបាន ជ្រើសរើសសម្រាប់ទិវាអក្ខរកម្ម ឆ្នាំ២០២៤ សុទ្ធតែបានបង្ហាញពីតួនាទីសំខាន់របស់អក្ខរកម្ម ក្នុងការលើកកម្ពស់ និងការផ្ដល់ភាពអង់អាចដល់ប្រជាពលរដ្ឋគ្រប់រូប ទាំងចំណេះដឹង បំណិន និងនវានុវត្តន៍ សម្រាប់ការប្រាស្រ័យ ទាក់ទងគ្នា ការបណ្តុះភាពសុខដុមរមនានិងការឯកភាពគ្នា ការស្វែងរកគោលដៅរួម ការយល់ដឹងគ្នាទៅវិញទៅមកនិងការស្រឡាញ់និងថែរក្សាសន្តិភាព។
ព្រះរាជាណាចក្រកម្ពុជា បានបោះជំហានគួរឱ្យកត់សម្គាល់ក្នុងការលើកកម្ពស់អក្ខរកម្ម ដោយបានផ្សារភ្ជាប់ អក្ខរកម្មទៅនឹងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច និងការខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយភាពក្រីក្រ។ ជាក់ស្ដែង កំណើន សេដ្ឋកិច្ចយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជា ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ គឺជាកត្តាសំខាន់ក្នុង ការបង្កើនប្រាក់ចំណូលពលកម្ម និងការលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជនគ្រប់រូប។ ការកើនឡើង នៃសេដ្ឋកិច្ចនេះ ក៏បានជួយសម្រួលដល់ការផ្លាស់ប្តូររចនាសម្ព័ន្ធ ដោយផ្លាស់ប្ដូរកម្លាំងពលកម្មពីវិស័យកសិកម្ម ទៅវិស័យផលិតកម្មនិងសេវាកម្ម។ ការផ្លាស់ប្ដូរនេះ មិនត្រឹមតែនាំមកនូវផលិតភាពខ្ពស់និងប្រាក់ឈ្នួលកាន់ត ប្រសើរប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងបានបង្កើតបរិយាកាសមួយ ដែលការងារអក្ខរកម្មត្រូវបានទទួលស្គាល់កាន់ត ខ្លាំងឡើងថា ជាកត្តាជំរុញដ៏សំខាន់សម្រាប់បុគ្គលម្នាក់ៗ ក្នុងការចូលរួមយ៉ាងពេញលេញនៅក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច។ យោងតាមការអង្កេតសេដ្ឋកិច្ចសង្គមកម្ពុជានៅឆ្នាំ២០២១ កម្ពុជាសម្រេចបានអត្រាអក្ខរកម្មសម្រាប់ មនុស្សពេញវ័យ ៨៤.៧% និងចំណុចដៅសម្រេចឱ្យបាន ៩១.៥% នៅឆ្នាំ២០២៨ ដូចមានចែងក្នុងផែនការ យុទ្ធសាស្ត្រវិស័យអប់រំឆ្នាំ២០២៤-២០២៨ ដែលទាមទារឱ្យមានការខិតខំប្រឹងប្រែងរួមគ្នាពីគ្រប់ភាគីពាក់ព័ន្ធ។
ជាមួយនឹងការមកដល់ និងសារៈសំខាន់នៃឌីជីថលនីយកម្ម និងបញ្ញាសិប្បនិមិត្តនៅក្នុងការងារនិងការរស់ នៅប្រចាំថ្ងៃ តម្រូវឱ្យប្រជាពលរដ្ឋគ្រប់រូបចេះធ្វើការជាមួយនឹងព័ត៌មាននិងបច្ចេកវិទ្យា ដើម្បីទទួលបាននូវប្រយោជន៍ នៅក្នុងបរិយាកាសសេដ្ឋកិច្ចថាមវន្ត និងការការពារពីការគំរាមកំហែងនានា។ នៅក្នុងឱកាសដែលព្រះរាជាណាចក្រ កម្ពុជា ប្រារព្ធទិវាអក្ខរកម្មជាតិ និងចូលរួមអបអរសាទរទិវាអក្ខរកម្មអន្តរជាតិ ជារឿងសំខាន់ដែលយើងទាំងអស់គ្ន ត្រូវទទួលស្គាល់ថា អក្ខរកម្មនាពេលបច្ចុប្បន្ននេះ បានពង្រីកវិសាលភាពហួសពីការអាននិងការសរសេរតាមបែប ប្រពៃណី និងត្រូវទទួលយកវិមាត្រថ្មីនៃអក្ខរកម្មដែលរួមបញ្ចូលនូវភាពជាពលរដ្ឋសកល ការយល់ដឹងតាមបែប វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងតម្លៃនៃពិភពលោករបស់យើង។ ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការងារ អក្ខរកម្ម គឺមិនត្រឹមតែធានាឱ្យប្រជាពលរដ្ឋគ្រប់រូបមានសមត្ថភាពអាននិងសរសេរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបំពាក់បំប៉ននូវជំនាញនិងឱកាសសិក្សាពេញមួយជីវិត ដែលចាំបាច់សម្រាប់ការរស់នៅក្នុងពិភពលោកទំនើប ប្រកប ដោយបច្ចេកវិទ្យានិងវិទ្យាសាស្ត្រជឿនលឿន។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងអប់រំ យុវជន និងកីឡា ដែលបានអនុវត្តកម្មវិធីកំណែទម្រង់ស៊ីជម្រៅសម្រាប់វិស័យអប់រំយ៉ាងមានប្រសិទ្ធភាព និងភាព លេចធ្លោ ក្នុងការអនុវត្តគោលនយោបាយលើកកម្ពស់ការអប់រំនិងអក្ខរកម្ម។
ជាការគាំទ្រចំពោះប្រធានបទ «អក្ខរកម្មជាមូលដ្ឋានគ្រឹះនៃចំណេះដឹង បំណិន និងនវានុវត្តន៍» ទូល ព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមអំពាវនាវដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការជាតិ-អន្តរជាតិ ដៃគូអភិវឌ្ឍ សហគមន៍ និងប្រជាពលរដ្ឋគ្រប់រូប សូមយកចិត្តទុកដាក់ខ្ពស់ជាបន្តទៀតលើការងារអក្ខរកម្ម ក៏ដូចជាការងារអប់រំទាំងក្នុង ប្រព័ន្ធនិងក្រៅប្រព័ន្ធ និងមិនផ្លូវការ ដើម្បីបន្តចូលរួមលើកកម្ពស់ការងារអក្ខរកម្មនៅកម្ពុជា ឱ្យកាន់តែផុលផុស និងមានប្រសិទ្ធភាពនិងប្រសិទ្ធផល។ ជាមួយគ្នានេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមអំពាវនាវនិងដាក់ចេញនូវ អនុសាសន៍មួយចំនួនដូចខាងក្រោម៖
ទី១. ការអភិវឌ្ឍគោលនយោបាយ៖ ក្រសួង ស្ថាប័នពាក់ព័ន្ធត្រូវរៀបចំគោលនយោបាយ ក្របខ័ណ្ឌច្បាប់ ស្តង់ដា ឬយន្តការចាំបាច់នានា ដើម្បីពង្រីកវិសាលភាពនៃកម្មវិធីអក្ខរកម្មទៅដល់ទីកន្លែងដែលត្រូវការ ដើម្បីធានា បាននូវឱកាសសិក្សាពេញមួយជីវិតសម្រាប់ប្រជាពលរដ្ឋគ្រប់រូប ការស្ដារនីតិសម្បទាការងារ និងការកែប ជោគវាសនាប្រជាពលរដ្ឋតាមរយៈការអប់រំ។
ទី២. ការចូលរួមក្នុងសហគមន៍៖ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវចូលរួមយុទ្ធនាការប្រមូលសិស្សចូល រៀនឱ្យបានផុលផុស ចូលរួមអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមជ្ឈមណ្ឌលសិក្សា មជ្ឈមណ្ឌលសិក្សាសហគមន៍ មជ្ឈមណ្ឌលសិក្សាពេញមួយជីវិត មជ្ឈមណ្ឌលយុវជន និងគ្រប់គ្រងទិន្នន័យជនមានតម្រូវការ ក្នុងដែន សមត្ថកិច្ចរបស់ខ្លួនឱ្យបានល្អនិងគ្រប់ជ្រុងជ្រោយ ដើម្បីជំរុញនិងលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែល បាត់បង់ឱកាសរៀនសូតឬបោះបង់ការសិក្សា ឱ្យទទួលបានឱកាសរៀនសូត្រសាជាថ្មី ជាពិសេសត្រូវ ខិតខំបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ ដែលមានពិការភាពឬជនមានតម្រូវការពិសេស ឱ្យទទួល បានការសិក្សារៀនសូត្រប្រកបដោយសមធម៌និងបរិយាបន្ន។
ទី៣.ការចូលរួមរបស់យុវជននិងនិស្សិត៖ ក្មួយៗជាសិស្ស និស្សិតតាមគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន សហភាពសហព័ន្ធយុវជនកម្ពុជា ក្រុមយុវជនកាយរឹទ្ធិ យុវជនកាកបាទក្រហមកម្ពុជា និងសម្ព័ន្ធយុវជន ស្រឡាញ់សន្តិភាព ត្រូវសកម្មបន្តចូលរួមជួយបង្រៀនដោយស្ម័គ្រចិត្តដល់អ្នកមិនចេះអក្សរ ដែលស្ថិតក្នុង មូលដ្ឋានរបស់ក្មួយៗរស់នៅ។ បងប្អូនជនរួមជាតិ ដែលជាមាតាបិតាឬអ្នកអាណាព្យាបាល ក៏សូមជួយ ជំរុញបងប្អូនកូនចៅ ឱ្យខិតខំរៀនសូត្រឱ្យបានជាប់លាប់ និងទទួលលទ្ធផលល្អគ្រប់ៗគ្នា។
ទី៤. អក្ខរកម្មនិងការអភិវឌ្ឍជំនាញនៅកន្លែងធ្វើការ៖ ប្រធានរោងចក្រ សហគ្រាស និងក្រុមហ៊ុនឯកជន សូម ជួយជំរុញបើកថ្នាក់អក្ខរកម្ម គួបផ្សំជាមួយថ្នាក់បំប៉នមុខជំនាញវិជ្ជាជីវៈផ្សេងៗ ដល់បងប្អូនកម្មករ កម្មការិនី ដើម្បីជាប្រយោជន៍របស់ពួកគេផង និងជាប្រយោជន៍ដល់ម្ចាស់រោងចក្រ សហគ្រាសផង ដោយយើង ទាំងអស់គ្នាត្រូវចងចាំថា “មានអក្ខរកម្ម មានការគិតគូរ និងការសម្រេចចិត្តបានត្រឹមត្រូវ” “មានអក្ខរកម្មនាំឱ្យការអភិវឌ្ឍសហគមន៍កាន់តែរីកចម្រើន” “ មានអក្ខរកម្ម មានសុខដុមជីវិតទាំងបុគ្គល គ្រួសារ និង សង្គម” ជាពិសេស “អក្ខរកម្មជាមូលដ្ឋានគ្រឹះនៃចំណេះដឹង បំណិន និងនវានុវត្តន៍”។
ទី៥. ការពង្រឹងភាពជាដៃគូ៖ ដៃគូអភិវឌ្ឍ និងអង្គការមិនមែនរដ្ឋាភិបាលទាំងអស់ ត្រូវបង្កើនកិច្ចសហការ និងពង្រឹងភាពជាដៃគូជាមួយគ្រឹះស្ថានសិក្សាសាធារណៈ ដើម្បីបន្តជួយឧបត្ថម្ភគាំទ្រដល់គ្រប់កម្មវិធី អប់រំ ជាពិសេសកម្មវិធីអក្ខរកម្មផ្សារភ្ជាប់នឹងការអប់រំវិជ្ជាជីវៈ ធានាបាននូវប្រតិបត្តិការប្រកបដោយ ប្រសិទ្ធភាពនិងនិរន្តភាព។
ទី៦. តួនាទីរបស់សា្ថប័នសាសនា៖ វត្តអារាម និងវិហារសាសនានានា ត្រូវបំផុសចលនាព្រះសង្ឃ បព្វជិត សាសនា តាជី ដូនជី ចូលរួមជំរុញកម្មវិធីអក្ខរកម្មវិជ្ជាជីវៈឱ្យកាន់តែខ្លាំងក្លាថែមទៀត តាមរយៈការទេសនា អប់រំអំពីសារប្រយោជន៍នៃការសិក្សារៀនសូត្រ តម្លៃសីលធម៌ ចរិយាធម៌ និងការលើកកម្ពស់វប្បធម៌រស់នៅជាពលរដ្ឋសកល។
ទី៧. ការផ្សព្វផ្សាយ និងការចូលរួមរបស់ប្រព័ន្ធផ្សព្វផ្សាយ៖ ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ទាំងស្ថាប័នរដ្ឋនិងឯកជន សូមជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវរាល់កម្មវិធីអក្ខរកម្ម ដើម្បីឱ្យប្រជាពលរដ្ឋយើងមានការយល់ដឹង កាន់តែទូលំទូលាយ ក្រោមប្រធានបទ “អក្ខរកម្មជាមូលដ្ឋានគ្រឹះនៃចំណេះដឹង បំណិន និង នវានុវត្តន៍”។
ជាថ្មីម្តងទៀត ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមថ្លែងនូវអំណរគុណដល់គ្រប់ក្រសួង ស្ថាប័ន អង្គការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ សប្បុរសជននានា ព្រះសង្ឃ ចាស់ព្រឹទ្ធាចារ្យ បព្វជិតសាសនា សហគមន៍ និងប្រជាពលរដ្ឋទាំងអស់ ដែលបាននិងកំពុងជួយឧបត្ថម្ភគាំទ្រយ៉ាងសកម្មដល់ការងារអក្ខរកម្ម នាពេលកន្លងមកនេះ និងសូមបន្តជួយឧបត្ថម្ភគាំទ្រផ្ដល់កិច្ចសហការល្អតទៅទៀត ដើម្បីបុព្វហេតុអភិវឌ្ឍវិស័យ
អប់រំបណ្ដុះបណ្តាលមូលធនមនុស្សនិងការអភិវឌ្ឍនៅកម្ពុជា”៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី






