ខេត្តកំពង់ចាម: លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្ថិភាព និងការអភិវឌ្ឍន៍សាខាខេត្តកំពង់ចាម អមដំណើរដោយ លោកជំទាវ ប៉ាង ដានី ប្រធានប្រតិបត្តិសមាគមនារីកម្ពុជាសាខាខេត្តកំពង់ចាម និងសមាជិក សមាគមនារីខេត្ត នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញសួរសុខទុក្ខ និងអំណរគុណដល់ប្រជាពលរដ្ឋរស់នៅឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម ។ដែលចាប់មុខរបបត្បាញហូល ផាមួងខ្មែរ ប្រឹងប្រែងបន្តថែរក្សាកេរ្តិ៍ដំណែល ត កូនចៅជាច្រើនជំនាន់ ហើយក៏អាចផ្តល់ឱ្យស្ត្រីមានឱកាសរកប្រាក់ចំណូលបន្ថែមមកផ្គត់ផ្គង់ជីវភាពគ្រួសារ ធ្វើយ៉ាងណារក្សាប្រពៃណីដូនតាយើងនេះហើយនៅគង់វង្សនាពេលអនាគត។
លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា បានសម្តែងនូវសមានចិត្តរីករាយ និងថ្លែងការកោតសរសើរដល់ បងប្អូនប្រជាពលរដ្ឋឃុំល្វេ ដែលចូលរួមការពារ អភិរក្ស នូវស្នាដៃសិប្បកម្មត្បាញហូល ដែលដូនតាខ្មែរ បានបន្សល់ទុកសម្រាប់ជាកេរដំណែលតកូនចៅជាច្រើនជំនាន់មក ហើយ ការបន្តប្រពៃណីតម្បាញហូលនេះ មិនត្រឹមតែចូលរួមលើកកម្ពស់ថែរក្សាវប្បធម៌ជាតិប៉ុណ្ណោះទេ។ ថែមទាំងផ្តល់ឱកាសការងារ ដើម្បីលើកកម្ពស់ជីវភាព និងលើកកម្ពស់ការប្រើប្រាស់ផលិតផលក្នុងស្រុកថែមទៀត ។
លោកជំទាវ ក៏បានលើកឡើងផងដែរថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជា បានរក្សា ការពារ សុខសន្តិភាព ជាម្លប់ដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់ ។ ដូច្នេះយើងទាំងអស់គ្នាត្រូវរួមគ្នាបន្តសាមគ្គីថែរក្សា ទប់ស្កាត់រាល់សកម្មភាព ដែលបង្កើតភាពវឹកវរដល់សង្គម ហើយងាកមក ប្រឹងប្រែងរកភាពរីកចម្រើនក្នុងគ្រួសារ និងភាពរុងរឿងដល់ប្រទេសជាតិយើង សម្រាប់បច្ចុប្បន្ន និងអនាគត។
ចំណែកលោកឡុច លីម មេឃុំល្វេវិញមានប្រសាសន៍ឲ្យដឹងនាល្ងាចថ្ងៃទី៣០ សីហាថា តាំងពីបុរាណមកបងប្អូនប្រជាពលរដ្ឋនៅឃុំល្វេ រាប់រយគ្រួសារនាំគ្នាត្បាញក្រមា ហូល ផាមួងលក់ដោយមានក្រុមឈ្មួញចុះទិញដល់តាមខ្នងផ្ទះតែម្ដង។ តែសព្វថ្ងៃនេះប្រជាជនប្រកបរបរអាជីពនេះនៅសល់ប្រមាណ ៣០ទៅ៤០គ្រួសារប៉ុណ្ណោះ។ព្រោះតែតម្លៃទីផ្សារហូលធ្លាក់ថ្លៃ ហើយការផលិតបានគឺចំណេញថវិកាតិច ដោយនៅសល់តែពលរដ្ឋភូមិព្រែកចង្ក្រាន មួយប៉ុណ្ណោះដែលបន្តអាជីពនេះ ព្រោះមានម៉ូយចុះទិញ។ កត្តាចុះថោកនេះដោយសារតែសូតទិញមកពីប្រទេសជិតខាងថ្លៃកាលពីមុនមានតម្លៃថោក ផលិតចេញជាហូល ផាមួង លក់បានថ្លៃ។មួយវិញទៀតឈ្មួញបាននាំចូលហូលផាមួងពីបរទេសមើលទៅដូចរបស់ខ្មែរតែតាមពិតគុណភាពចាញ់របស់ក្នុងស្រុកដាច់។ ជាមួយនោះលោកជំទាវញូងចរិយា បានស្នើដល់បងប្អូនប្រជាពលរដ្ឋនៅព្រៃចង្ក្រាន្ត បន្តសកម្មភាពផលិតហូល ផាមួងនេះបាន លោកជំទាវនិងជួយរកទីផ្សារជូនសម្រាប់សហគមន៍៕ រក្សាសិទ្ធដោយ ៖ ភ្នំប្រុសភ្នំស្រី







