ភ្នំពេញ៖ឯកឧត្ដមឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានណែនាំឲ្យកងពលតូចលេខ៧០ និងមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ដែលមានតួនាទីក្នុងការបាញ់ថ្នាំសម្លាប់មូស សូមបាញ់នៅតំបន់ដែលមានហានិភ័យខ្ពស់ដើម្បីបង្ការទប់ស្កាត់ជំងឺគ្រុនឈាម ជូនប្រជាពលរដ្ឋ នៅមូលដ្ឋានរាជធានីភ្នំពេញ។ ការណែនាំបែបនេះបានធ្វើឡើងនារសៀលថ្ងៃទី១៧សីហានេះ ខណៈឯកឧត្ដមអញ្ជើញជាអធិបតីក្នុងពិធីបើក យុទ្ធនាការបាញ់ថ្នាំសម្លាប់មូសតាមខណ្ឌ សង្កាត់ ភូមិ និង សហគមន៍ ក្នុងរាជធានីភ្នំពេញនៅសាលារាជធានីភ្នំពេញ។
ឯកឧត្ដមឃួង ស្រេង បានផ្ញើរសារជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញទាំអស់ សូមជឿជាក់លើរាជរដ្ឋាភិបាលដោយអាជ្ញាធរ និងកងកម្លាំងរបស់យើងបានយកអស់កម្លាំងកាយចិត្ត ដើម្បីបំរើផលប្រយោជន៍ប្រជាពលរដ្ឋ។ជាក់ស្តែងនៅពេលនេះ កម្លាំងរបស់យើងមួយចំនួនធំ កំពុងការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងការទប់ស្កាត់ក្រុមអគតិ និងពួកជ្រុលនិយម ដែលគ្រោងនឹងរៀបចំធ្វើបាតុកម្ម ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ នាថ្ងៃទី១៨សីហាខាងមុខនេះ ហើយកម្លាំងរបស់យើងមួយចំនួនទៀតបានយកមកប្រើប្រាស់ ក្នុងការបង្ការនិងទប់ស្កាត់ជម្ងឺគ្រុនឈាមទៅតាមការណែនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្ដមអភិបាលបន្តថា៖ កងពលតូចលេខ៧០ និងមន្ទីរសុខាភិបាលរាជធានីភ្នំពេញ សូមបាញ់ថ្នាំសម្លាប់មូសនេះ អោយបានគ្រប់ទីកន្លែងនៅក្នុងមូលដ្ឋានរាជធានីភ្នំពេញពិសេសនៅតំបន់ដែលមានហានិភ័យខ្ពស់ ដើម្បីបង្ការទប់ស្កាត់ជំងឺគ្រុនឈាម ជូនប្រជាពលរដ្ឋ។
ឯកឧត្ដម លើកឡើងទៀតថា៖ ការងារបាញ់ថ្នាំសម្លាប់មូសនេះមើលទៅតូចទេ តែវាបានផ្តល់ផលប្រយោជន៍ច្រើនសំរាប់ប្រជាពលរដ្ឋ ពោលគឺបាញ់ថ្នាំសម្លាប់មូស អាចបង្ការទប់ស្កាត់ជម្ងឺគ្រុនឈាម បើយើងមិនបានបង្ការទប់ស្កាត់ទេ វានឹងធ្វើអោយក្មេងមានជម្ងឺគ្រុនឈាម កាលណាកើតមានជម្ងឺគ្រុនឈាមលើកូនរបស់ខ្លួនហើយ យើងត្រូវខាតបង់ពេលវេលាក្នុងការមើលថែកូនផង និងត្រូវខាតបង់លុយកាក់ថែមទៀត។
ក្នុងនោះដែរលោកវេជ្ជបណ្ឌិតងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា៖ សំរាប់ថ្ងៃតំបូងនៃយុទ្ធនាការបាញ់ថ្នាំសម្លាប់ មូសនេះ ក្រុមការងារបានបែងចែកជាក្រុមចុះបាញ់នៅ ក្នុងមូលដ្ឋានខណ្ឌចំនួន៧ រួមមាន៖ ខណ្ឌមានជ័យ ,ខណ្ឌសែន សុខ ,ខណ្ឌពោធិសែនជ័យ ,ខណ្ឌឬស្សីកែវ , ខណទួលគោក ,ខណ្ឌបឹងកេងកង និងខណ្ឌដូនពេញ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី


















