នៅថ្ងៃទី១៣-១៦ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ព្រំ សុភមង្គល អនុប្រធានអាជ្ញាធរមីន បានដឹកនាំក្រុមការងារចម្រុះ រួមមានអាជ្ញាធរមីន ទីស្តីការគណៈរដ្ឋមន្រ្តី អង្គភាពម៉ាពូ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យស្ថានភាព ចម្ការមីនទើបរកឃើញថ្មី ដោយប្រតិបត្តិករសកម្មភាពមីន ក្នុងខេត្តព្រះវិហារ ខេត្តសៀមរាប និងខេត្តកំពង់ធំ។
បេសកកម្មនេះ មានគោលបំណងចុះសិក្សានៅរាល់ទីតាំងចម្ការមីនរកឃើញថ្មី ដើម្បីប្រមូលព័ត៌មានធ្វើជាមូលដ្ឋាន ក្នុងការវាយតំលៃលើចម្ការមីនទាំងនោះ ដោយផ្អែកតាមបទដ្ឋានបច្ចេកទេសនានា មុនដាក់បញ្ចូលក្នុងប្រព័ន្ធទិន្នន័យថ្នាក់ជាតិរបស់អាជ្ញាធរមីន និងឈានទៅរៀបចំផែនការបោសសម្អាតនាពេលខាងមុខអោយបានឆាប់ ក្នុងការរួមចំណែកកាត់បន្ថយអត្រាគ្រោះថ្នាក់មីន/គ្រាប់ និងលុបបំបាត់ភាពភ័យខ្លាចរបស់សហគមន៍មូលដ្ឋាន។
អាជ្ញាធរមីន សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសប្រជាកសិករដែលកំពុងរស់នៅក្នុងតំបន់នោះ សូមមានការប្រុងប្រយ័ត្នខ្ពស់ កុំចូលទៅតំបន់ណាដែលមិនដឹងប្រវត្តិច្បាស់លាស់ និងត្រូវសាកសួរអាជ្ញាធរមូលដ្ឋានមុនចូលតំបន់នោះ និងសូមកុំប៉ះពាល់នៅពេលឃើញមីន ឬគ្រាប់មិនទាន់ផ្ទុះ ហើយត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច និងប្រតិបត្តិករបោសសម្អាតមីនដែលនៅជិតទីនោះ ដើម្បីធ្វើការបោសសម្អាត ឬយកគ្រាប់ទាំងនោះទៅកំទេចចោល៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី























