ភ្នំពេញ ៖ ជនសង្ស័យ ២នាក់ដែលត្រូវបានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ ក្រោមការសង្ស័យថា បានធ្វើសកម្មភាពដើរទារលុយពីបងប្អូនប្រជាពលរដ្ឋលក់ដូរតាមកញ្ចែង កញ្ជើ ល្អី ក្នុងទឹកដីខណ្ឌពោធិ៍សែនជ័យ នោះត្រូវបានតំណាងអយ្យការសម្រចដោះលែងហើយ។
សមត្ថកិច្ច បានបញ្ជាក់ថា លោកព្រះរាជអាជ្ញារង សេង ម៉េងស្រ៊ុន តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រចដោះលែងជនសង្ស័យទាំង ២នាក់ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ម្សិលមិញ។
សូមជម្រាបជូនថា ជនសង្ស័យទី១ឈ្មោះ ថៃ ឈឿន អាយុ ៤០ឆ្នាំ មានទីលំនៅផ្ទះលេខ១៤ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា និងទី២ឈ្មោះ ចាន់ ម៉េន អាយុ៤៥ឆ្នាំ មានទៅលំនៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ក្រោមការបញ្ជាផ្ទាល់ពីលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌ ឃាត់ខ្លួនកាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ ខណៈពួកគេកំពុងដើរប្រមូលលុយពីប្រជាពលរដ្ឋលក់ដូរតាមកញ្រ្ចែង កញ្ជើ ល្អី បំពានសារាចរណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងសេចក្ដីណែនាំរបស់រដ្ឋបាលសាលារាជធានីភ្នំពេញ ដែលបានដាក់ចេញក្នុងពេលកន្លងមក ដើម្បីកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋ។
ជនសង្ស័យទាំង ២នាក់ខាងលើ បានធ្វើសកម្មភាពដើរប្រមូលលុយពីប្រជាពលរដ្ឋដែលរកស៊ីលក់ដូរ បន្លែ និងរបស់របរតាមតាមកញ្រ្ចែង កញ្ជើ ល្អី ជាច្រើនកន្លែង ស្ថិតនៅខាងក្រោយសួនកុមារពោធិ៍ចិនតុង ភូមិតាងួន១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ក្នុងមួយកន្លែងៗ ចន្លោះពី ៥,០០០រៀល ទៅ១០,០០០រៀល។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង ២នាក់ បានសារភាពថា ពួកខ្លួនពិតជាបានដើរប្រមូលលុយពីអ្នកលក់ដូរមែន តាមបញ្ជារបស់ឈ្មោះ កែវ វ៉ា មានអាយុ ៤៦ឆ្នាំ ដែលជាម្ចាស់ផ្ទះ ក្នុងមួយកន្លែង៥ពាន់ទៅ១ម៉ឺនរៀលពិតមែន។
ប្រភពពីប្រជាពលរដ្ឋ ដែលលក់តាមកញ្រ្ចែង កញ្ជើ ល្អី បានបញ្ជាក់ថា រាល់ថ្ងៃក្រុមជនសង្ស័យខាងលើបានធ្វើទុកបុកម្នេញពួកគាត់ជាខ្លាំង និងស្នើដោយទទូលដល់អាជ្ញាធរខណ្ឌ អាជ្ញាធររាជធានី ជាពិសេសសម្តេចប្រមុខរាជរដ្ឋាភិបាល មេត្តាចាត់វិធានការច្បាប់លើឈ្មោះ កែវ វ៉ា ជាម្ចាស់ផ្ទះឱ្យបានតឹងរ៉ឹង ដើម្បីកុំឱ្យពួកគេចេះតែធ្វើសកម្មភាពបំពានច្បាប់បន្តទៀត។
ប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងផ្ទះរបស់ឈ្មោះ កែវ វ៉ា នោះបានបញ្ជាក់ថា រាល់ថ្ងៃក្រៅពីសកម្មភាពទារភាស៊ីខុសច្បាប់ ក៏មានសកម្មភាពជូញដូរគ្រឿងញៀនខុសច្បាប់ពីសំណាក់ក្មេងទំនើងនៅក្បែររបងការដ្ឋានផ្ទះនោះផងដែរ៕







