ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤នេះ ក្លិបអ្នកកាសែតកម្ពុជា បានដឹកនាំអ្នកសារព័ត៌មានជាង ៥០នាក់ មកពី៣៦ស្ថាប័ន ធ្វើដំណើរឆ្ពោះទៅកាន់ខេត្តពោធិ៍សាត់ ក្នុងបេសកកម្មសារព័ត៌មាន ដើម្បីផ្សព្វផ្សាយទ្រង់ទ្រាយធំ ពីសក្ដានុពលទេសចរណ៍ធម្មជាតិ និងការអភិវឌ្ឍខេត្តពោធិ៍សាត់។
បើតាមសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ក្លិបអ្នកកាសែតកម្ពុជា បានបញ្ជាក់ថា, ដូចការគ្រោងទុក ថ្ងៃនេះក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានដឹកនាំអ្នកសារព័ត៌មានមកពីស្ថាប័ន ផ្សេងៗ រួមមានទាំងសារព័ត៌មានជាភាសាខ្មែរ, អង់គ្លេស, ចិន, និងវៀតណាម សរុបចំនួនជិត៦០នាក់ មកពី ៣៧ស្ថាប័ន ឆ្ពោះទៅកាន់ខេត្តពោធិ៍សាត់ចាប់ពីថ្ងៃទី១៦ ដល់១៨ ខែសីហា ឆ្នាំ២០២៤។ នេះជាបេសកកម្ម លើកទី៥ហើយរបស់ ក.អ.ក បន្ទាប់ពីបេសកកម្មដ៏មានសារប្រយោជន៍បែបនេះត្រូវបានធ្វើឡើងនៅខេត្ត ព្រះសីហនុ, កែប, សៀមរាប និងរមណីយដ្ឋានឋានសួគ៌បូកគោ។
បេសកកម្មសារព័ត៌មាននេះ គឺដើម្បីចូលរួមផ្សព្វផ្សាយទ្រង់ទ្រាយធំស្តីពី សក្តានុពលទេសចរណ៍ ធម្មជាតិ និងការអភិវឌ្ឍថ្មីៗនៅលើទឹកដីខេត្តពោធិ៍សាត់ បន្ទាប់ពីខេត្តមួយនេះត្រូវបានគេដាក់រហ្សសនាមថា ជា «បុប្ផាលាក់ខ្លួន»។
លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានថ្លែងថា បេសកកម្មលើកនេះ ជាយុទ្ធនាការ ផ្សព្វផ្សាយទ្រង់ទ្រាយធំដែលមិនធ្លាប់មានពីមុនមកនៅលើទឹកដីភាគពាយ័ព្យមួយនេះ។ សក្ដានុពលធម្មជាតិ ថ្មីៗ ប្លែកៗ និងសម្បូរបែប រួមទាំងការអភិវឌ្ឍលើវិស័យនានា ដូចជាការវិនិយោគលើវិស័យអគ្គិសនី រោងចក្រតម្លើងរថយន្ត និងការអភិរក្សតំបន់បៃតង។ ល។
នៅក្នុងខេត្តពោធិ៍សាត់ដែលធ្លាប់ជាខេត្តក្រីក្រមួយ នៅក្នុងប្រទេសកម្ពុជា និងជាខេត្តដែលធ្លាប់គ្របដណ្តប់ដោយគ្រាប់មីន នឹងត្រូវបានអ្នកសារព័ត៌មានរំលេច នៅលើទំព័រសារព័ត៌មានរាប់សិបស្ថាប័ន និងច្រើនភាសា ហើយនឹងចែកចាយទូលាយទាំងក្នុងនិងក ប្រទេសដែលអាចរួមចំណែកយ៉ាងសំខាន់ដល់ការស្រូបយកភ្ញៀវទេសចរជាតិ និងអន្តរជាតិបន្ថែមទៀត។
ក.អ.ក នឹងព្យាយាមរៀបចំបេសកកម្មសារព័ត៌មានបែបនេះជាបន្តបន្ទាប់ទៅកាន់ទីកន្លែងផ្សេងៗជា ច្រើនទៀត ហើយរំពឹងថា ទាំងស្ថាប័នរដ្ឋ និងវិស័យឯកជននឹងបន្តគាំទ្រដល់បេសកកម្មរបស់ ក.អ.ក ដើម្បី ជាប្រយោជន៍ដល់សង្គម និងប្រជាជាតិយើង៕ រក្សាសិទ្ធដោយ ៖សុទ្ធលី



