Monday, May 25, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកទឹកចិត្តដល់អ្នកសារព័ត៌មាន ឱ្យមានការផ្លាស់ប្តូរ ពីការសរសេរអត្ថបទព័ត៌មានបែបសន្តិសុខ ទៅជាការសរសេបែបព័ត៌មានសេដ្ឋកិច្ចវិញ

ភ្នំពេញ ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហាញនូវការគាំទ្រដែលចង់ផ្លាស់ប្តូរផ្នត់គំនិត របស់អ្នកសារព័ត៌មាន ឱ្យងាកពីការសរសេរព័ត៌មានបែបសន្តិសុខ  ទៅជាការសរសេរអត្ថបទព័ត៌មាន បែបផ្តល់ចំណេះដឹងពាក់ព័ន្ធទៅនឹងដំណើរ នៃការអភិវឌ្ឍរបស់ប្រទេសជាតិ ឬជាព័ត៌មានបែបសេដ្ឋកិច្ចវិញ ខណៈដែលកម្ពុជាកំពុងទទួលបាននូវកំណើនសេដ្ឋកិច្ចជាបន្តបន្ទាប់ ក្រោមនយោបាយ ឈ្នះ ឈ្នះ ដែលបានដាក់ចេញដោយសម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី។

អង្គពិធីនេះបានធ្វើឡើងនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ទីស្តីការក្រសួង មានការចូលរួមសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា (CEMEA) សហការជាមួយសមាគមសហព័ន្ធភ្នាក់ងារសេវាកម្មពន្ធដារកម្ពុជា (CTAFA) និងអ្នកសារព័ត៌មានប្រមាណ១៥០នាក់ មកពីបណ្ដាអង្គភាពសារព័ត៌មានានា។

ឯកឧត្តម នេត្រ ភក្ត្រា បានសម្តែងនូវការអរគុណចំពោះការលើកឡើង របស់វាគ្មិនដែលចង់ឱ្យមានការផ្លាស់ប្តូរ ហើយងាកមកសរសេរអត្ថបទការអភិវឌ្ឍរបស់ប្រទេស ដែលក្នុងនោះរឿងសេដ្ឋកិច្ចជាការសំខាន់ ខណៈដែលកម្ពុជាកំពុងមានកំណើនសេដ្ឋកិច្ចដ៏រឹងមាំមួយ ដើម្បីធ្វើការផ្លាស់ប្តូរនូវផ្នត់គំនិតរបស់អ្នកអាន អ្នកស្តាប់ ដែលធ្លាប់តែចូលចិត្តចំពោះដំណឹងបែបអសន្តិសុខ រឺការបរិហារកេរ្តិ៍គ្នា បែបជារឿងអាស្រូវរបស់បុគ្គលល្បីឈ្មោះឱ្យទៅជាការចង់អាន ចង់ស្តាប់នូវព័ត៌មាន ឬដំណឹងស្តីពីសេដ្ឋកិច្ចវិញ។

ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា នៅក្រោយពេលដែលកម្ពុជាមានសុខសន្តិភាពពេញលេញ ពោលគឺនៅក្រោយឆ្នាំ១៩៩៨ រហូតមកដល់មុនការផ្ទុះជំងឺកូវីដ-១៩ កម្ពុជាមានកំណើនសេដ្ឋកិច្ច ប្រមាណជាង ៧ភាគរយក្នុងមួយឆ្នាំ ដែលជាកំណើនមួយដ៏ខ្ពស់បើប្រៀបធៀបនឹងបណ្តាប្រទេសក្នុងតំបន់ ខណៈកំណើនសេដ្ឋកិច្ចនេះវាបានកើតចេញពីយុទ្ធសាស្ត្រអាទិភាពចំនួនបួនគឺ មនុស្ស  ផ្លូវ ទឹក និងភ្លើង ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលនូវយុទ្ធសាស្ត្រចតុកោណក្នុងរយៈពេល ២០ឆ្នាំ បានធ្វើឱ្យកម្ពុជាមានកំណើនសេដ្ឋកិច្ចខ្ពស់។

ឯកឧត្ដមរដ្ឋមន្រ្ដីបានបញ្ជាក់បន្ថែមថា កំណើននេះ ដោយបានតភ្ជាប់នូវហេដ្ឋារចនាសម្ព័ន្ធ និងផ្នែកច្បាប់ត្រូវបានពង្រឹង ដែលជាកត្តាដ៏សំខាន់ក្នុងការទាក់ទាញវិនិយោគិនជាតិ និងអន្តរជាតិឱ្យបណ្តាក់ទុននៅកម្ពុជាប្រកបដោយទំនុកចិត្ត ក្នុងពេលដែលកម្ពុជាមានសុខសន្តិភាព ស្ថិរភាព ខាងនយោបាយ  និងការអនុវត្តច្បាប់របស់កម្ពុជាមានលក្ខណៈល្អប្រសើរ ដែលនាំឱ្យមានកំណើនខាងការវិនិយោគជាបន្តបន្ទាប់ ដែលទាំងនេះហើយគឺជាប្រធានបទដ៏មាន សារៈសំខាន់នៅក្នុងការសរសេររបស់អ្នកសារព័ត៌មានយើង៕ រក្សាសិទ្ធដោយ ៖លោក សូ សុផល

×