Monday, May 25, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វេទិពិភាក្សាស្តីពី «សារៈសំខាន់នៃការធ្វើនិយ័តកម្មក្នុងការពង្រឹងប្រព័ន្ធសន្តិសុខសង្គម ប្រកបដោយគណនេយ្យភាព និងបរិយាបន្ន»

រាជធានីភ្នំពេញ ៖ ឯកឧត្តម ចន ណារិទ្ធ អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គនាយកនិយ័តករសន្តិសុខសង្គម ថ្លែងក្នុងវេទិកាពិភាក្សាស្តីពី “សារៈសំខាន់នៃការធ្វើនិយ័តកម្មក្នុងការពង្រឹងប្រព័ន្ធសន្តិសុខសង្គមប្រកបដោយគណនេយ្យភាព និងបរិយាបន្ន” នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤នៅសណ្ឋាគារ សាន់ & មូន។

ឯកឧត្តម ចន ណារិទ្ធ បានថ្លែងថា ការរៀបចំកម្មវិធីនៅថ្ងៃនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងរបស់សាធារណជន និងធ្វើបច្ចុប្បន្នភាពនៃការអនុវត្តរបបសន្តិសុខសង្គម និងការធ្វើនិយ័តកម្មក្នុងប្រព័ន្ធសន្តិសុខសង្គម ព្រមទាំងផ្តល់ជាវេទិកាដល់ភាគីពាក់ព័ន្ធ ទាំងអ្នករៀបចំគោលនយោបាយ និងធ្វើនិយ័តកម្ម, ប្រតិបត្តិករ, តំណាងនិយោជក-និយោជិត និងអង្គការសង្គមស៊ីវិល ព្រមទាំងសមាជិកដែលជាអ្នកទទួលប្រើប្រាស់សេវាសន្តិសុខសង្គម ផ្ទាល់ ពិភាក្សា ផ្តោះប្តូរយោបល់ និងចែករំលែកបទពិសោធន៍លើការផ្តល់ និងការទទួលប្រើប្រាស់ សេវាសន្តិសុខសង្គម ដែលជាធាតុចូលក្នុងការគិតគូរដាក់ចេញនូវវិធានការចាំបាច់នានាដើម្បីពង្រឹង និងធ្វើឱ្យប្រសើរឡើងនូវការអនុវត្តរបបសន្តិសុខសង្គម នាថ្ងៃខាងមុខដើម្បី រៀបចំកសាងប្រព័ន្ធសន្តិសុខសង្គមមួយដ៏រឹងមាំ ប្រកបដោយគណនេយ្យភាព និងបរិយាបន្ន។

ឆ្លៀតក្នុងឱកាសនេះ,ឯកឧត្តម ចន ណារិទ្ធ បានរំលឹកអំពីសាវតានៃការបង្កើតនិយ័តករសន្តិសុខសង្គម ដើម្បីជំរុញការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមឱ្យ កាន់តែមានភាពរឹងមាំបន្ថែមទៀត រាជរដ្ឋាភិបាល បានអនុម័ត និងដាក់ឱ្យអនុវត្តក្របខណ្ឌ គោលនយោបាយជាតិគាំពារសង្គម២០១៦-២០២៥ ដោយផ្តោតជាសំខាន់លើការពង្រឹង អភិបាលកិច្ចជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមនៅកម្ពុជា។ ដើម្បីធានាបាននូវ ប្រតិតុល្យកា (check and balance) ក្នុងប្រព័ន្ធទាំងមូល, ក្របខណ្ឌគោលនយោបាយនេះ បានចង្អុលបង្ហាញឱ្យរៀបចំអភិបាលកិច្ចក្នុងប្រព័ន្ធគាំពារសង្គមកម្ពុជា ជាបីកម្រិត៖ (១) កម្រិតគោលនយោបាយដែលរួមមាន ការបង្កើតក្រុមប្រឹក្សាជាតិគាំពារសង្គម ដោយមានគណកម្មការប្រតិបត្តិ និងអគ្គលេខាធិការដ្ឋាន ជាសេនាធិការ (២) កម្រិតនិយ័តករ មាន និយ័តករសន្តិសុខសង្គម (ន.ស.ស.) និង (៣) កម្រិតប្រតិបត្តិករ ដែលរួមមាន បេឡាជាតិ សន្តិសុខសង្គម (ប.ស.ស.), មូនិធិជាតិជំនួយសង្គម (ម.ជ.ជ.) និងទីភ្នាក់ងារជាតិបញ្ជាក់ ចំណាយ។ យោងតាមការចង្អុលបង្ហាញនេះ ក្នុងឆ្នាំ២០២១ រាជរដ្ឋាភិបាលបានបង្កើត ន.ស.ស. តាមរយៈការដាក់ឱ្យអនុវត្តច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃអាជ្ញាធរសវា ហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) ដែលដំណាក់កាលដំបូងនេះ និងដើម្បីសន្សំថវិកាជាតិ, មុខងារជានិយ័តករ គឺជាតួនាទីបន្ថែមរបស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម។ ការធ្វើនិយ័តកម្មក្នុងប្រព័ន្ធសន្តិសុខសង្គម គឺមានគោលបំណងសំខាន់ចំនួន ៣ គឺ៖ (១) ការធានានូវប្រតិតុល្យការ ដើម្បីបង្កើនប្រសិទ្ធភាព និងភាពច្បាស់លាស់ក្នុងការប្រើប្រាស់ ថវិកាដែលបាន មកពីការបង់ភាគទានពីសមាជិក (២) ការរួមគ្នាកសាងនូវភាពរឹងមាំរបស់ប្រព័ន្ធ ដើម្បីអាចពង្រីកវិសាលភាព និងដើម្បីធានាបាននូវចីរភាពនៃប្រព័ន្ធ ព្រោះមិនត្រឹមត សម្រាប់បច្ចុប្បន្ននោះទេ គឺសម្រាប់ពេលអនាគតរបស់ប្រជាជន និងរបស់ជាតិ (៣) ការលុប បំបាត់ និងបន្សាបនូវព័ត៌មានក្លែងក្លាយ ការមួលបង្កាច់ និងការប្រឌិត ជាយថាហេតុ ដែលពាក់ព័ន្ធនឹងដំណើរការក្នុងប្រព័ន្ធសន្តិសុខសង្គម។

ដើម្បីឱ្យមុខងារ និងភារកិច្ចនៃការធ្វើនិយ័តកម្មក្នុងប្រព័ន្ធសន្តិសុខសង្គម សម្រេចទៅបានជោគជ័យ ប្រកបដោយប្រសិទ្ធភាពខ្ពស់, ន.ស.ស. បានរៀបចំនូវផែនការអភិវឌ្ឍន៍ស្ថាប័ន និងផែនការសម្រាប់ការត្រួតពិនិត្យប្រតិបត្តិការរបបសន្តិសុខសង្គមបានយ៉ាងច្បាស់លាស់ដោយចាប់ផ្តើមឡើងពីការអភិវឌ្ឍន៍ស្ថាប័នជាដំណាក់កាល ស្របតាមផែនការអភិវឌ្ឍស្ថាប័ន របស់ ន.ស.ស., ក្នុងដំណាក់កាលដំបូង ដើម្បីសន្សំថវិកាជាតិ, អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិគាំពារសង្គម ត្រូវអនុវត្តមុខងារជានិយ័តករក្នុងប្រព័ន្ធសន្តិសុខសង្គមបន្ថែមលើ មុខងារបច្ចុប្បន្ន។ ជាដំណាក់កាលបន្ទាប់ និងចក្ខុវិស័យនាពេលអនាគត, ក្នុងស្ថានភាពដែល ការកសាងធនធានមនុស្សមានភាពគ្រប់គ្រាន់ និងការអភិវឌ្ឍក្របខណ្ឌគតិយុត្តមានភាពរឹងមាំ សា្ថប័ននិយ័តករនេះ នឹងត្រូវបំបែកជាស្ថាប័នមួយដាច់ដោយឡែកពីអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិគាំពារសង្គម ដូចនិយ័តករដទៃទៀតក្នុងក្របខណ្ឌអាជ្ញាធរសេវាហិរញ្ញវត្ថុ មិនមែនធនាគារផងដែរ ដើម្បីពង្រឹងការអនុវត្តតួនាទីរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព និង ឯករាជ្យភាពពេញលេញ ស្របពេលដែលប្រព័ន្ធសន្តិសុខសង្គមនៅកម្ពុជាកាន់តែរីកធំឡើងៗ ទាំងចំនួនសមាជិក និងទំហំទឹកប្រាក់នៃភាគទានដែលបានប្រមូល តាមរយៈការដាក់ឱ្យអនុវត្ត របបថ្មី និង/ឬ ការពង្រីករបប ខណៈដែលការចូលរួមរបស់ប្រជាជនក្នុងប្រព័ន្ធកាន់តែច្រើនឡើងៗ។ ជាយុទ្ធសាស្ត្រ, សម្រាប់ការត្រួតពិនិត្យប្រតិបត្តិការរបបសន្តិសុខសង្គម ន.ស.ស. បានរៀបចំផែនការអនុវត្តមុខងារនិយ័តកម្ម និងត្រួតពិនិត្យរបស់ខ្លួនជាបីដំណាក់កាល រួមមាន៖ ដំណាក់កាលទី១ ក្នុងឆ្នាំ២០២២ និងឆ្នាំ២០២៣, ន.ស.ស. ផ្ដោតសំខាន់លើ៖ (១) ការកសាងធនធានមនុស្ស តាមរយៈជំនួយបច្ចេកទេសរបស់ដៃគូនានា ដែលមានបទពិសោធន៍ខ្ពស់ និង (២) ការរៀបចំក្របខណ្ឌបទប្បញ្ញត្តិសំខាន់ៗ ពាក់ព័ន្ធ។

ដំណាក់កាលទី២ ក្នុងឆ្នាំ២០២៤ នេះ, ន.ស.ស. ផ្តោតជាសំខាន់លើ៖ (១) ការ ចាប់ផ្តើមអនុវត្តពេញលេញនូវមុខងារត្រួតពិនិត្យ វាយតម្លៃ និងផ្តល់ការឯកភាព លើការចុះកិច្ចព្រមព្រៀងរវាង ប.ស.ស. និងមូលដ្ឋានសុខាភិបាលឯកជន (រួមទាំងការផ្តល់សេវាសុខាភិបាល និងការទូទាត់ចំណាយសេវាសុខាភិបាល របស់មូលដ្ឋានសុខាភិបាល) ជាដៃគូររបស់ ប.ស.ស. អនុលោមតាមប្រកាស ស្តីពី “សេចក្ដីសម្រេចលេខ ០០៤ អ.ស.ហ.ស.ស.រ. ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ស្តីពី “ការកំណត់នីតិវិធី និងលក្ខខណ្ឌតម្រូវនៃការស្នើសុំការ ឯកភាពរបស់និយ័តករសន្តិសុខសង្គម ក្នុងការចុះកិច្ចព្រមព្រៀងប្រើប្រាស់ និង និងប្រតិបត្តិករផ្តល់សេវាសុខាភិបាលរវាងមូលដ្ឋានសុខាភិបាលឯកជនសន្តិសុខសង្គម” ដោយសារមុខងារនេះមានលក្ខណៈបច្ចេកទេសសាមញ្ញ ខណៈដែលការកសាងធនធានដើម្បីអនុវត្តមុខងារនេះក៏មានភាពសមស្រប, និង (២) ការរៀបចំសៀវភៅណែនាំស្តីពីការត្រួតពិនិត្យប្រតិបត្តិការរបប សន្តិសុខសង្គម និងផែនការកសាងមូលដ្ឋានសម្រាប់ការត្រួតពិនិត្យ (Baseline for Supervision) ដែលជាមូលដ្ឋានគ្រឹះនៃការអនុវត្តមុខងារត្រួតពិនិត្យឱ្យបាន ពេញលេញ និងមានប្រសិទ្ធភាព។

ដំណាក់កាលទី៣ ដែលនឹងធ្វើឡើងនៅក្នុងឆ្នាំ២០២៥ ខាងមុខនេះ, ន.ស.ស. នឹងចាប់ផ្តើមអនុវត្តមុខងារត្រួតពិនិត្យពេញលេញ លើប្រតិបត្តិការរបបសន្តិសុខ- សង្គមដែលគ្រប់គ្រង និងចាត់ចែងដោយ ប.ស.ស., ម.ជ.ជ. និងតួអង្គពាក់ព័ន្ធ។ ទន្ទឹមនេះផងដែរ, ចាប់តាំងពីការបង្កើតន.ស.ស. ឡើង, សមិទ្ធផលមួយចំនួនធំ ត្រូវបានសម្រេចដែលរួមមាន៖ ការកសាងមូលដ្ឋានគតិយុត្តរឹងមាំ ដើម្បីពង្រឹង សមត្ថភាពស្ថាប័ន និងជាមូលដ្ឋានគ្រឹះសម្រាប់អនុវត្តមុខងារ និងភារកិច្ច របស់និយ័តករ, ការកសាងនូវធនធានមនុស្សទាំងចំណេះ បរិមាណជាបន្តបន្ទាប់, ការកសាងនូវយន្តការការងារ និងកិច្ចសហប្រតិបត្តិ ការរវាងនិយ័តករ ប្រតិបត្តិករ និងភាគីពាក់ព័ន្ធ, ការពង្រឹងជំនឿទុកចិត្តរបស់ សមាជិក តាមរយៈការចូលរួមពង្រឹងជាបណ្តើរៗ នូវយន្តការនៃការផ្តល់សេវា សុខាភិបាលជូនសមាជិកតាមការអនុវត្តមុខងារ ពិនិត្យ វាយតម្លៃ និងផ្តល់ការឯកភាពដល់ការចុះកិច្ចព្រមព្រៀងប្រើប្រាស់ និងផ្តល់សេវាសុខាភិបាលរវាង ប.ស.ស. និងមូលដ្ឋានសុខាភិបាលឯកជន។

ក្នុងឆ្នាំបន្តបន្ទាប់ ន.ស.ស. នឹងបន្តពង្រឹងការអនុវត្តមុខងារ ភារកិច្ចរបស់ខ្លួនបន្ថែមទៀត ដើម្បីសម្រេចបាននូវចក្ខុវិស័យ បេសកកម្ម និង គុណតម្លៃ ដែលបានដាក់ចេញដោយស្ថាប័ន និយ័តករដែលឈរលើគោលការណ៍ចម្បង៣មានដូចជា (១) ការបំពេញការងារដើម្បីមាន សមិទ្ធកម្ម និងសមិទ្ធផលល្អប្រសើរសម្រាប់អ្នកទទួលផលក្នុងប្រព័ន្ធសន្តិសុខសង្គម ការសម្រេចចិត្តដោយយកផលប្រយោជន៍អ្នកទទួលផលក្នុងប្រព័ន្ធសន្តិសុខសង្គមជាចម្បង(២) និង (៣) ការគាំទ្រ ផ្តល់ការការពារ និងដោះស្រាយវិវាទ/ទំនាស់ជូនអ្នកទទួលផលក្នុងប្រព័ន្ធ សន្តិសុខសង្គមដោយស្មើភាព និងយុត្តិធម៌។

លោក តាន់ វិសាល តំណាង អង្គការអុកស្វាម បានថ្លែងថា អ្នកម្តាយរបស់ខ្ញុំ តែងតែលើកទឹកចិត្តឱ្យខ្ញុំ ឲ្យចូលធ្វើជាគ្រូបង្រៀន ដោយលើកឡើងពីសុវត្ថិភាពការងារ ឱកាសបាននៅក្បែរផ្ទះ និងលទ្ធភាពទទួលបានប្រាក់សោធន ពេលចូលនិវត្តន៍។ ខ្ញុំគិតថា ភ្ញៀវកិត្តិយសនៅទីនេះមួយចំនួន ក៏ប្រហែលជាទទួលបានការលើកទឹកចិត្តបែបនេះដែរ។ ប៉ុន្តែបច្ចុប្បន្ននេះ ជាមួយនឹងការយកចិត្តទុកដាក់ និងការវិនិយោគលើសុខុមាលភាព និងប្រព័ន្ធគាំពារសង្គម ទាំងមន្រ្តីរាជការសាធារណៈ និងកម្មករនិយោជិតវិស័យឯកជន គឺសុទ្ធតែគ្របដណ្តប់ក្រោមគោលនយោបាយជាតិ និងទទួលបានរបបប្រាក់សោធនស្មើភាពគ្នា។ ខ្ញុំបាទជឿជាក់ថានាពេលខាងមុខ ពលរដ្ឋយើងក៏អាចទទួលបានអត្ថប្រយោជន៍ នីកម្មភាពការងារ និងអត្ថប្រយោជន៍ថែទាំ ដូចប្រទេសឧស្សហកម្មជឿងលឿនមួយចំនួនផងដែរ។

អង្គការអុកស្វាម សូមធ្វើការកោតសរសើរ និងអបអរដល់កិច្ចប្រឹងប្រែង និងសមិទ្ធផលសំខាន់ៗ ក្នុងការកសាង និងពង្រឹងប្រព័ន្ធគាំពារសង្គមនៅកម្ពុជា។ សមិទ្ធផលទាំងនោះ អាចឆ្លុះបញ្ចាំងតាមរយៈការដាក់ឱ្យអនុវត្តន៍៖ របបសន្តិសុខសង្គម និងជំនួយសង្គម ជាបន្តបន្ទាប់ ការផ្តល់ជូន ប័ណ្ណសមធម៌សុខភាពដល់អ្នកធ្វើការក្នុងវិស័យកម្សាន្ត កម្មវិធីផ្តល់សាច់ប្រាក់ឧបត្ថម្ភសម្រាប់សមាជិក ប.ស.ស. ជាស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម ២(ពីរ) ឆ្នាំ របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ។ បន្ថែមលើនេះទៀត រាជរដ្ឋាភិបាលនីតិកាលទី៧ ក៏បានសម្រេចដាក់ចេញនូវ «យុទ្ធសាស្ត្របញ្ចកោណ» ដំណាក់កាលទី១ ដែលជាកម្មវិធីនយោបាយរបស់ខ្លួនសម្រាប់ឆ្នាំ២០២៣-២០២៨ ដែលក្នុងចំណោមបាវចនាទាំង៥ ប្រព័ន្ធគាំពារសង្គម ត្រូវបានចាត់ទុកថាជាសសរស្តម្ភចម្បងមួយ ដើម្បីសម្រេចបាននូវចក្ខុវិស័យ កម្ពុជាឆ្នាំ២០៥០។ ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាជាតិគាំពារសង្គម និងក្រសួងសុខាភិបាលក៏បានដាក់ឱ្យអនុវត្តផងដែរនូវ «ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥» ។
កិច្ចអន្តរាគមន៍ផ្នែកគោលនយោបាយនេះ បានចូលរួមកាត់បន្ថយភាពក្រីក្រ លើកកម្ពស់គុណភាពសុខាភិបាល និងសុខុមាលភាពប្រជាពលរដ្ឋ ក៏ដូចជាការពង្រឹងលទ្ធភាពរបស់ពលរដ្ឋ និងស្ថាប័នរដ្ឋក្នុងការឆ្លើយតបទៅនឹងផលប៉ះពាល់នានាដែល បណ្តាលពីគ្រោះធម្មជាតិ វិបត្តិសេដ្ឋកិច្ច និងជំងឺរាតត្បាតសកល ដូចជាវីរ៉ុសកូវីដ-១៩ ជាដើម។ នេះសបញ្ជាក់យ៉ាងច្បាស់ថាកម្ពុជាបាននឹងបន្តបោះជំហានទៅមុខជាលំដាប់ និងប្រកបដោយភាពជឿជាក់ លើវិស័យគាំពារសង្គមរបស់ខ្លួន។
ខណៈដែលគោលនយោបាយគាំពារសង្គមនៅកម្ពុជា បាននឹងកំពុងបោះជំហានទៅមុខយ៉ាងរលូនពិតមែនក្តី កម្ពុជាយើងនៅមានចំណុចអាទិភាពជាច្រើនទៀតផងដែរ ដែលជំរុញឱ្យយើងសហការគ្នាពិនិត្យ និងដោះស្រាយ។ បញ្ហាប្រឈមទាំងនោះរួមមាន៖ ក). ភាពចាំបាច់ក្នុងការពង្រឹងយន្តការគណនេយ្យភាពសង្គមក្នុងប្រព័ន្ធគាំពារសង្គម ខ).ការចុះបញ្ជិការ និងបង់វិភាគទានរបស់រោងចក្រសហគ្រាស គ). ការគ្របដណ្តប់ និងអត្ថប្រយោជននៃរបបសន្តិសុខសង្គម ឃ).គុណភាព និងសេវាសុខាភិបាល និង ង). កញ្ចប់ថវិកាវិនិយោគរបស់រដ្ឋ។

និន្នាការសកលឆ្ពោះទៅរកសេដ្ឋកិច្ច និងការងារបៃតង និងការប្រើប្រាស់ថាមពលស្អាត និងកកើតឡើងវិញ គឺជារបត់ដ៏ថ្មីមួយ ដែលទាមទារឱ្យយើងយកចិត្តទុកដាក់ និងវិនិយោគឱ្យកាន់តែច្រើន លើវិស័យគាំពារសង្គម និងការងារសមរម្យ ដើម្បីធានាអន្តរកាលប្រកបដោយយុត្តិធម៌» នៅកម្ពុជា។ ហើយការបន្តពង្រឹងកិច្ចសហការគ្នា និងកិច្ចសន្ទនាសង្គម រវាងនិយតករ និងប្រតិបត្តិករសន្តិសុខសង្គម ជាមួយតំណាងអង្គការសង្គមស៊ីវិល ថ្នាក់ដឹកនាំសមគមន៍ និងតំណាងកម្មករនិយោជិត គឺនៅតែជាយន្តការដ៏សំខាន់ និងមានប្រសិទ្ធិភាពមួយ ដើម្បីស្តាប់កង្វល់ និងសំណូមពរនានា ដែលជាជំនួយស្មារតីដល់ការតាក់តែងគោលនយោបាយសុខសង្គមសង្គម ឱ្យបានស៊ីជម្រៅ និងប្រកបដោយបរិយាបន្ន។

អង្គការអុកស្វាម មានសុទិដ្ឋិនិយមខ្ពស់ថា កម្ពុជានឹងអាចសម្រេចបាននូវការកសាង និងធានានូវប្រព័ន្ធគាំពារសង្គមមានបរិយាបន្ន និងជឿនលឿនមួយនាពេលខាងមុខ ដោយប្រកាន់ខ្ជាប់នូវអភិក្រម «មិនទុកនរណាម្នាក់ចោល» ឡើយ។ ដែលនេះ គឺជាបេសកកម្មរបស់យើងទាំងអស់គ្នា ដើម្បីទាំងអស់គ្នា៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×