Monday, May 25, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា បញ្ជាក់ថា ជនមួយចំនួនតូចយកសម្លេងឯកឧត្តមទៅបម្លែង និងផ្សព្វផ្សាយខុសពីការពិត គឺជាអំពើទុច្ចរិត

ភ្នំពេញ ៖ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានលើកឡើងថា ថ្មីៗនេះ មានជនមួយចំនួនតូច ដែលកំពុងជ្រុលខ្លួនប៉ុនប៉ងបំផ្លាញជាតិឯង បានព្យាយាមបង្កើតព័ត៌មានក្លែងក្លាយជាបន្តបន្ទាប់ ដើម្បីឈានទៅសម្រេចផែនការផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ជនមួយចំនួនតូចទាំងនោះ បានយកសារសំឡេងឯកឧត្តម ទៅបម្លែង និងផ្សព្វផ្សាយខុសពីការពិតថា ឯកឧត្តមរដ្ឋមន្ត្រី ជាអ្នកគាំទ្រទង្វើប្រាសចាកពីច្បាប់របស់ពួកគេ ដែលនេះជាអំពើទុច្ចរិតថ្មីមួយទៀត ដែលពួកគេបន្តប្រព្រឹត្តដោយមិនអៀនខ្មាស់ និងដោយគ្មានគិតពីសេចក្ដីសុខរបស់ប្រជាជនជាង១៧លាននាក់នៅមាតុប្រទេស។

តាមរយៈសារបញ្ជាក់ជូនជនរួមជាតិ នារាត្រីថ្ងៃទី១៥ ខែសីហានេះ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានលើកឡើងថា “សារបញ្ជាក់ជូនជនរួមជាតិ! ថ្មីៗនេះ មានជនមួយចំនួនតូច ដែលកំពុងជ្រុលខ្លួនប៉ុនប៉ងបំផ្លាញជាតិឯង បានព្យាយាមបង្កើតព័ត៌មានក្លែងក្លាយជាបន្តបន្ទាប់ ដើម្បីឈានទៅសម្រេចផែនការផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដោយក្នុងនោះ ក៏មានអ្នកយកសារសំឡេងខ្ញុំទៅបម្លែង និងផ្សព្វផ្សាយខុសពីការពិតថា ខ្ញុំជាអ្នកគាំទ្រទង្វើប្រាសចាកពីច្បាប់របស់ពួកគេ។ នេះជាអំពើទុច្ចរិតថ្មីមួយទៀត ដែលពួកគេបន្តប្រព្រឹត្តដោយមិនអៀនខ្មាស់ និងដោយគ្មានគិតពីសេចក្ដីសុខរបស់ប្រជាជនជាង១៧លាននាក់នៅមាតុប្រទេស។

ទន្ទឹមនឹងច្រានចោលព័ត៌មានក្លែងក្លាយដូចបានបញ្ជាក់មកនេះ ខ្ញុំក៏សូមផ្ញើសារដាស់តឿនទៅកាន់ជនរួមជាតិមួយចំនួនតូច ដែលកំពុងងប់ជ្រុលខ្លួនលុះដោយមនោគមវិជ្ជាបំផ្លាញជាតិ សូមមានការភ្ញាក់រលឹក និងដកខ្លួនចេញជាបន្ទាន់ ពីក្រុមអគតិមួយក្ដាប់តូចដែលកំពុងអុចអាលបងប្អូនពីក្រៅប្រទេស ដែលទីបំផុតគឺបងប្អូនទៅវិញទេ ដែលជាអ្នកប្រឈមនឹងចំណាត់ការច្បាប់ ប្រសិនបើជ្រុលខ្លួនប្រព្រឹត្តតាមការបំពងសំឡេងរបស់ជនទាំងនោះ។

ខ្ញុំ សូមបញ្ជាក់ថាជូនថា ថ្នាក់ដឹកនាំមន្ត្រីរាជការសុីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ រួមទាំងរូបខ្ញុំ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ គឺពួកយើងប្រឆាំងដាច់ខាតរាល់ការប៉ុនប៉ងណាមួយដើម្បីបំផ្លាញសុខសន្តិភាព។ យើងគ្មានជម្រើសអ្វី ក្រៅពីការអនុវត្តច្បាប់ ដោយស្រាវជ្រាវ ចាប់ខ្លួន និងបញ្ជូនរាល់ជនល្មើស ទៅកាន់ស្ថាប័នតុលាការ ដើម្បីទទួលខុសត្រូវចំពោះមុខច្បាប់នោះឡើយ!”៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×