Monday, May 25, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូន​មន្ត្រី​យោធា​ស័​ក្តិ​៤​កន្លះ​ម្នាក់ ទៅ​តុលាការ ពាក់​ព័ន្ធ​ករណី ឆបោករឿង​ស៊ីដាច់​ប្រាក់​ជិត​៣​ម៉ឺន​ដុល្លារ​ យក​ទៅ​រត់ការ​ឲ្យមនុស្ស២នាក់ចូល​ក្រប​ខ័ណ្ឌ​កងទ័ព

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០២៤ បាន​ធ្វើការ​ឃាត់ខ្លួន​មន្ត្រី​យោធា​ពាក់​ស័​ក្ត​៤​កន្លះ​ម្នាក់ បញ្ជូន​ទៅ​តុលាការ ពាក់​ព័ន្ធ​លើ​ពាក្យបណ្តឹង​ពី​បទ​ករណី ឆបោក ករណី​ស៊ីដាច់​ប្រាក់​គេ​ជិត​៣ ម៉ឺន​ដុល្លារ​អា​មេ​រិ​ក រឿង​យក​លុយពីជនរងគ្រោះ២នាក់ជិត៣ម៉ឺនដុល្លារ ទៅ​រត់ការ​ចូល​ក្រប​ខ័ណ្ឌ​កងទ័ព ។

មន្ត្រី​យោធា​នោះ​មានឈ្មោះ សេក សេង​ហុង ភេទ​ប្រុស អាយុ​៤៩ ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​២៤C ភូមិ​ត្រពាំង​ពោធិ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

សមត្ត​កិច្ច​នគរបាល​ព្រហ្មទណ្ឌ បាន​អនុវត្ត​តាម​ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន​របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាប់ខ្លួនមន្ត្រី​យោធា​ម្នាក់ ពី​បទ​ ៖ « ឆបោក »ប្រព្រឹត្ត​នៅផ្ទះ​លេខ​១១៩ ផ្លូវ​១១១​K ភូមិ​ក្បាល​ដំ​ដី សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ កាលពី​អំឡុង​ខែកក្កដា ឆ្នាំ ២០២១ ដែល​បទល្មើស​មាន​ចែង​ឲ្យ​ផ្តន្ទាទោស​តាម​បញ្ញតិ​មាត្រា ៣៧៧ និង​មាត្រា​៣៧៨ នៃ​ក្រមព្រហ្មទណ្ឌ ។

ដោយ​យល់​ឃើញ​ថា៖ តាម​ដីកា​បង្គាប់​ឲ្យ​ជនសង្ស័យ​ចូលខ្លួន ចុះ​ថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ​២០២៤ របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ជន​ត្រូវ​ចោទ​មិន​ព្រម​ចូលខ្លួន​តាម​ដីកា​កោះហៅ​របស់​តុលាការ​ទេ ដូច្នោះ​ដើម្បី​ធានា​ដល់​ការ​ស៊ើបសួរ​ឲ្យ​បាន​ពេញលេញ គប្បី​សម្រេច​នាំ​ខ្លួន​ឈ្មោះ សេក សេង​ហុង មក​ចំពោះ​មុខ​ចៅក្រម​ស៊ើបសួរ ដើម្បី​បំភ្លឺ​ការ​ពិត ។

សូម​បញ្ជាក់​ថា ៖ មន្ត្រី​យោធា​ពាក់​ស័​ក្ត​៤​កន្លះ​ម្នាក់​នេះ ត្រូវ​បាន​កម្លាំង​សមត្ត​កិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ធ្វើការ​ឃាត់ខ្លួន កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០២៤ នៅ​ចំណុច​សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ខណៈ​ជនសង្ស័យ​កំពុង​ធ្វើ​ដំណើរ​ទៅ​កន្លែងធ្វើការ ។

យោង​តាម​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា ៖ ឈ្មោះ សេក សេង​ហុង បាន​ប្រើ​ល្បិច​កល់​ទុច្ចរិត បញ្ចុះបញ្ចូល និង​ធ្វើការ​លួងលោម ឲ្យ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​រត់ការ​ចូល​ក្រប​ខណ្ឌ​កងទ័ព ដោយ​អួតអាង​ថា ៖ រូបគេ​មាន​សមត្ត​ភាព​គ្រប់គ្រាន់​ស្គាល់​អ្នកមាន​អំណាច អាច​រត់ការ​ចូល​ក្រប​ខណ្ឌ​កងទ័ព​បាន ហើយ​ជនសង្ស័យ​បាន​តម្រូវ​ក្នុង​មួយ​នាក់ ត្រូវ​ចំណាយ​ទឹកប្រាក់​១៣ ០០០ ដុល្លារ​អា​មេ​រិ​ក និង​អាច​ទទួល​បាន​ស័​ក្ត​២ ហើយ​បើសិនជា​ត្រូវ​ចំណាយ​អស់​ទឹកប្រាក់ ១៤ ០០០ ដុល្លារ វិញ នឹង​អាច​ទទួល​បាន​ស័​ក្ត​៣ ដោយ​ជនសង្ស័យ​បាន​បញ្ចុះបញ្ចូល​ឲ្យ​ក្រុម​គ្រួសារ​ជន​រងគ្រោះ​បំពេញបែបបទ ដើម្បី​សុំ​ចូល​ក្របខ័ណ្ឌ​កងទ័ព​។

ដោយ​ចាញ់បោក​ការ​លួងលោម ជន​រង​គ្រោះ​បាន​ជឿជាក់​លើ​ឈ្មោះ សេក សេង​ហុង ហើយ​បាន​ប្រគល់​ទឹកប្រាក់​សរុប​ចំនួន ២៧ ០០០ ដុល្លារ​អា​មេ​រិ​ក ឲ្យ​ទៅ​ជនសង្ស័យ ដោយ​ជនសង្ស័យ​បាន​ធានា​ថា នឹង​យក​ទៅ​រត់ការ​ចូល​ក្របខ័ណ្ឌ​កងទ័ព លើ​មនុស្ស២នាក់ ម្នាក់​ពាក់​ស័​ក្ត​២ និង​ម្នាក់​ពាក់​ស័​ក្ត​៣ ។

ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ​បញ្ជាក់​បន្ថែមទៀត​ថា ៖ បើ​គិត​មក​ដល់​ពេល​នេះ​គឺ​មាន​រយៈពេល​៣ ឆ្នាំ​ហើយ ជនសង្ស័យ​មិន​មានការ​ឆ្លើយ​តប​នូវ​អ្វី​ដូចដែល​គេ​បាន​សន្យា​នោះ​ទេ ផ្ទុយ​ទៅ​វិញ​ជនសង្ស័យ​តែងតែ​យក​ការ​ដោះសារ​មិន​ឈប់​នោះ​ឡើយ ទើប​ជន​រង​គ្រោះ​សម្រេច​ដាក់​ពាក្យបណ្តឹង​ទៅ​អយ្យការ​អម​សាលាដ​ដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×