រាជធានីភ្នំពេញ÷ឧត្តមសេនីយ៍ឯក ហែមសុវត្តិ អគ្គស្នងការរងទទួលដឹកនាំការងារប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម បានអញ្ជើញនិងដឹកនាំកិច្ចប្រជុំ ផ្សព្វផ្សាយការងារសន្តិសុខនិងសភាពការណ៍ថ្មីៗដល់កងកម្លាំងចំណុះនាយកដ្ឋានប្រឆាំងពាណិជ្ជកម្ម នៅសាលប្រជុំអគ្គស្នងការនគរបាលជាតិ ដោយធ្វើឡើងនារសៀលថ្ងៃទី១៤សីហា ឆ្នាំ២០២៤ សំដៅធ្វើយ៉ាងណាឱ្យមានប្រសិទ្ធភាព ប្រឆាំងនឹងក្រុមបះបោរពីសំណាក់ក្រុមអគតិប្រយោជន៍ការពារសន្តិសុខនិងសណ្ដាប់ធ្នាប់ឲ្យកាន់តែល្អប្រសើរ។
សូមបញ្ជាក់ថានៅក្នុងកិច្ចប្រជុំនោះ លោកឧត្តមសេនីយ៍ឯក បានពាំនាំយកនៅបទបញ្ជារបស់ថ្នាក់ដឹកនាំពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ផ្សព្វផ្សាយសភាពការណ៍សន្តិសុខដូចមានជូនខ្លឹមសារសំខាន់ៗខាងក្រោម៖
១. កងកម្លាំងនគរបាលជាតិទាំងអស់ត្រូវណែនាំ និងផ្សព្វផ្សាយខ្លឹមសារស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា ឡាវ វៀតណាម (DTA) ដែលប្រមុខរាជរដ្ឋាភិបាលបានបកស្រាយដល់ក្រុមគ្រួសារ មិត្តភក្តិ ឱ្យបានយល់ច្បាស់
២.ណែនាំដល់នាយកដ្ឋានឱ្យប្រមូលផ្តុំកម្លាំង ពិនិត្យរៀបចំសម្ភារៈ និងរៀបចំវេនប្រចាំការរងចាំទទួលបទបញ្ជាពីថ្នាក់ដឹកនាំ
៣.កងកម្លាំងនគរបាលជាតិ គឺជាកម្លាំងអព្យាក្រឹត្យ មានតួនាទីការពារសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈក្នុងសង្គម ត្រូវតែមានស្មារតីភាពរឹងមាំ ទោះក្នុងស្ថានភាពណាក៏ដោយ ដាច់ខាត ត្រូវការពាររាជរដ្ឋាភិបាលស្របច្បាប់តែមួយគត់ ដែលប្រសូតចេញពីការបោះឆ្នោតដោយត្រឹមត្រូវ សេរី និងយុត្តិធម៌
៤. កងកម្លាំងដែលត្រូវបានចាត់តាំងឱ្យប្រចាំការនៅតាមគោលដៅនានាដើម្បីទប់ស្កាត់ក្រុមចលនាប្រឆាំងបះបោរនេះ ត្រូវប្រកាន់ភ្ជាប់នូវអំពើអហឹង្សា ពីព្រោះក្រុមបាតុករតែងប្រើប្រាស់សកម្មភាពញុះញង់ឱ្យកើតមានហិង្សាដើម្បីរុញច្រាញស្ថានភាពកាន់ឱ្យកាន់តែក្តៅ
៥. ណែនាំដល់ក្រុមគ្រួសារ មិត្តភក្តិមិនត្រូវជឿតាមការញុះញង់ ពីសំណាក់ក្រុមជ្រុលនិយមក្នុងចេតនាអូសទាញ និងប្រមូលផ្តុំកម្លាំងធ្វើបាតុកម្មផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់៕ រក្សាសិទ្ធដោយ ៖ ភ្នំប្រុសភ្នំស្រី




















