Monday, May 25, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចមហាបវរធិបតី សូមឲ្យអាចារ្យ អាចារិនី ពុទ្ធបរិស័ទ ព្រះសង្ឃ និង អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជួយទប់ស្កាត់សកម្មភាពការយកសាសនាធ្វើអាជីវកម្ម

រាជធានីភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនី ទូទាំងប្រទេសលើកទី៩ នៅវិទ្យាស្ថានជាតិអប់រំ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ សីហា ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សូមអាចារ្យ អាចារិនី បង្កើនសាមគ្គីភាពល្អជាមួយពុទ្ធបរិស័ទ ព្រះសង្ឃ និង អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ហើយប្រកាន់ខ្ជាប់នូវក្រមសីលធម៌របស់ខ្លួន ជួយទប់ស្កាត់សកម្មភាពការយកសាសនាធ្វើអាជីវកម្ម។

សម្តេចមហាបវរធិបតី បានថ្លែងថា ការរៀបចំឱ្យមានការជួបជុំទូទាំងប្រទេសសម្រាប់អាចារ្យ អាចារិនី ជាគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមដល់ការលើកកម្ពស់ និង ការពង្រឹងវិស័យធម្មការនិងសាសនាឱ្យកាន់តែប្រសើរ។

សម្តេចបានបន្តទៀតថា ក្នុងន័យនេះ ក្រសួងធម្មការនិងសាសនា បានសិក្សាស្រាវជ្រាវ ដើម្បីចងក្រងឯកសារគោល និង ប្រមូលផ្តុំធនធានឧទ្ទេសាចារ្យ សម្រាប់រៀបចំវគ្គបណ្តុះបណ្តាលស្តីពីតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ ជូនអាចារ្យ អាចារិនី ជាបន្តបន្ទាប់។ ជាក់ស្តែង ក្រសួងបានបើកវគ្គបណ្តុះបណ្តាលបានចំនួន ៤៥វគ្គ ដោយមានសិក្ខាកាមជាអាចារ្យ អាចារិនី មកពីគ្រប់រាជធានី-ខេត្ត ទូទាំងប្រទេសមានចំនួន ១២ ៥១៧ អង្គ/នាក់ បាននិមន្តនិងអញ្ជើញចូលសិក្សារួចមកហើយ។ ក្នុងនាមរាជរដ្ឋាភិបាល គឺនៅតែបន្តគាំទ្រដល់ក្រសួងធម្មការនិង សាសនាឱ្យបន្តអនុវត្តការងារនេះឱ្យបានជាប់ជាប្រចាំ ព្រោះការបើកវគ្គបណ្តុះបណ្តាលនេះ គឺ ជាយន្តការដ៏មានប្រសិទ្ធភាពបំផុតសម្រាប់លុបបំបាត់នូវវិបត្តិអាចារ្យក្នុងសង្គមខ្មែរ ហើយឈានឆ្ពោះទៅរកការឯកភាពគ្នាទាំងកម្មពិធីនៅក្នុងពិធីសាសនា និង ពិធីមង្គលផ្សេងៗ ដើម្បីធានាបាននូវការអភិរក្ស ការអភិវឌ្ឍ វប្បធម៌ និង សាសនារបស់ជាតិ ។

បើតាមអនុសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណត, ដើម្បីចូលរួមដល់ការលើកកម្ពស់ និងការពង្រឹងវិស័យធម្មការនិងសាសនាឱ្យកាន់តែប្រសើរ, សម្ដេចធិបតី ផ្ដល់នូវទស្សនៈ និងអនុសាសន៍មួយចំនួន ដូចខាងក្រោម៖
ទី១. ក្រសួងធម្មការ និងសាសនា ត្រូវបន្តរៀបចំវគ្គបណ្តុះបណ្តាលអំពីតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ សម្រាប់អាចារ្យ អាចារិនី ដើម្បីបំពេញតម្រូវការ របស់ប្រជាជននៅទូទាំងប្រទេសចំពោះវិស័យដ៏សំខាន់នេះ។
ទី២. សូម អាចារ្យ អាចារិនី បង្កើនសាមគ្គីភាពល្អជាមួយពុទ្ធបរិស័ទ ព្រះសង្ឃ និង អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ហើយប្រកាន់ខ្ជាប់នូវក្រមសីលធម៌របស់ខ្លួន, ជួយទប់ស្កាត់សកម្មភាពការយកសាសនាធ្វើអាជីវកម្ម, បម្រើព្រះពុទ្ធសាសនាប្រជាជន
គ្រប់មជ្ឈដ្ឋាន រក្សាឱ្យបាននូវប្រពៃណីវប្បធម៌ដ៏ល្អផូរផង់របស់ខ្មែរយើង និង ចូលរួមចំណែកអប់រំ សំដៅលុបបំបាត់ការប្រើប្រាស់ និងការជួញដូរគ្រឿងញៀន អំពើហិង្សាក្នុងគ្រួសារ ការជួញដូរមនុស្សក្មេងទំនើងជាដើម។

ទី៣. សម្តេចធិបតី លើកទឹកចិត្តដល់ អាចារ្យ អាចារិនី ដែលមានតួនាទីជាគណៈកម្មការ អាចារ្យវត្ត សូមបង្កើនកិច្ចសហការល្អជាមួយព្រះសង្ឃ ហើយប្រកាន់ភ្ជាប់ ស្មារតីជានិច្ចថា អាចារ្យ អាចារិនី គឺជាសេនាធិការ ឬជាវេយ្យាវច្ចករ (អ្នកបម្រើ ព្រះសង្ឃ) ដូច្នេះមិនត្រូវសម្តែងសកម្មភាពណាមួយមិនថាដោយកាយក្តី វាចាក្តី ចិត្តក្តី ដែលមិនសមរម្យចំពោះព្រះសង្ឃ ដែលជាហេតុនាំឱ្យកើតមាននូវវិវាទធ្វើ ឱ្យប៉ះពាល់ដល់គុណតម្លៃ និងសេចក្តីថ្លៃថ្នូររបស់វត្ត ក៏ដូចជាកិត្យានុភាពនៃ ព្រះពុទ្ធសាសនាជាតិយើងឡើយ។

ទី៤. សូម អាចារ្យ អាចារិនី រក្សាឱ្យបាននូវគុណធម៌ខ្ពស់ ចៀសវាងការប្រព្រឹត្តខុស- ឆ្គងដោយប្រការណាមួយ ការប្រកាន់បក្សពួក និន្នាការនយោបាយ រើសអើង វណ្ណៈ ដែលធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់អាចារ្យ អាចារិនី។

ទី៥. សូម ក្រសួងធម្មការ និងសាសនា ត្រូវធ្វើបច្ចុប្បន្នភាពលើ ឯកសារសម្រាប់ បង្រៀន ធ្វើយ៉ាងណាឱ្យការប្រតិបត្តិនៅក្នុងសាសនពិធី និងពិធីអាពាហ៍ពិពាហ៍ មានការឯកភាពគ្នា។ ទន្ទឹមនេះ ក្រសួងធម្មការ និងសាសនា ត្រូវសហការ ជាមួយគ្រប់ភាគីពាក់ព័ន្ធ ក្នុងការបណ្តុះបណ្តាល និងតម្រង់ទិសដល់តួអង្គប្រតិបត្តិករ ក្នុងការអនុវត្តនូវពិធីកម្មសាសនា និងពិធីផ្សេងៗ។

ទី៦. ក្រសួងធម្មការ និងសាសនា ត្រូវរៀបចំឡើងវិញឱ្យមានសមាគមអាចារ្យខ្មែរ ដើម្បីធ្វើយ៉ាងណាធានានិរន្តរភាព ក្នុងការកសាងបាននូវមូលធនអាចារ្យប្រកប ដោយសមត្ថភាព និងចំណេះដឹងខ្ពស់ ចូលរួមថែរក្សា ការពារព្រះពុទ្ធសាសនា ប្រពៃណី ទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ជាតិឱ្យបានគង់វង្សជានិច្ចនិរន្តរ៍។

ទី៧. សូម អាចារ្យ អាចារិនី បន្តប្រព្រឹត្តឱ្យបានត្រឹមត្រូវទៅតាមធម៌វិន័យសាសនា និង សីលធម៌សង្គម កសាងខ្លួនឱ្យក្លាយទៅជាបុគ្គលដែលទទួលបាននូវការគោរព ស្រឡាញ់ និងការជឿទុកចិត្តពីប្រជាជនមហាជននៅមូលដ្ឋាន។ ក្នុងនាមជា អាចារ្យ អាចារិនី ក្រៅពី មានតួនាទីដឹកនាំ រៀបចំពិធីកម្មផ្សេងៗ, សូមចូលរួម សកម្មភាពសង្គមនានា តាមរយៈការផ្តល់ការអប់រំប្រជាជន យុវជន កូនចៅរបស់ ប្រជាពលរដ្ឋ ឱ្យវៀរចាកអំពើអបាយមុខផ្សេងៗ, ដូចជា គ្រឿងញៀន សកម្មភាពក្មេងទំនើង ល្បែងស៊ីសង អំពើហិង្សា និងការជួញដូរមនុស្សជាដើម ដើម្បីរួមចំណែកដល់ការពង្រឹង ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×