ភ្នំពេញ ៖ ឯកឧត្តមកើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានថ្លែងថា ក្រុមអគតិ និងពួកជ្រុលនិយម ដែលគ្រោងនឹងរៀបចំធ្វើបាតុកម្មប្រឆាំងរាជរដ្ឋាភិបាល នាថ្ងៃទី១៨សីហាខាងមុខនេះ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានត្រៀមកម្លាំងរួចជាស្រេច គឺមិនឲ្យកើតមានចលនាជ្រុលនិយមនេះ កើតមានជាដាច់ខាត។
ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី១ អាណត្តិទី៤ នាព្រឹកថ្ងៃ ទី១៥ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងឯកឧត្តមកើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាងឲ្យឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។
ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានមានប្រសាសន៍ថា៖ ក្នុងនាមសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ត្រូវយល់អោយបានច្បាស់ពីតួនាទីនិងភារកិច្ចរបស់ខ្លួន។ ក្រុមប្រឹក្សារាជធានីភ្នំពេញ និងរដ្ឋបាលរាជធានីភ្នំពេញ មានតួនាទីនិងភារកិច្ចរបស់ខ្លួនខុសគ្នាដាច់។
ឯកឧត្ដមបញ្ជាក់ថា ក្រុមប្រឹក្សារាជធានីភ្នំពេញ គ្មានការងារគ្រប់គ្រង សន្តិសុខ សណ្តាប់ធ្នាប់ឬបញ្ជាកងកម្លាំងអ្វីឡើយ។ ក្រុមប្រឹក្សាមានសិទ្ធិអំណាចត្រឹមតែលើកឡើងជាសំណើរ ទៅរដ្ឋបាលរាជធានីភ្នំពេញពីចំណុចខ្វះខាតដើម្បីអោយរដ្ឋបាលរាជធានីឬ រដ្ឋបាលខណ្ឌ កែលម្អរនិងអនុវត្តតាមតែប៉ុណ្ណោះ។ តែសម្រប់រដ្ឋបាលរាជធានីភ្នំពេញវិញ មានតួនាទី ភាកិច្ចច្រើន ជាអ្នករក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ អាចបញ្ជាកងកម្លាំងគ្រប់ប្រភេទបាន ក្នុងនាមជាប្រធានគណៈបញ្ជាការឯកភាព និងបំពេញការងាររដ្ឋបាលជាច្រើនទៀត។
ជាមូយគ្នានេះដែរ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញក៏បានលើកឡើងថា៖ រដ្ឋបាលរាជធានីភ្នំពេញ បានអនុវត្តការងារយ៉ាងល្អក្នុងការរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋនាពេលកន្លងមកនេះ។សូមអោយបន្តការងារនេះអោយកាន់តែល្អ ពិសេសទប់ស្កាត់អោយបានចំពោះ ចលនា ពួកជ្រុលនិយមដែលគ្រោងនឹងរៀបចំធ្វើបាតុកម្មប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់នាថ្ងៃទី១៨សីហាខាងមុខនេះ។ បន្ថែមពីនេះសមាជិកក្រុមប្រឹក្សារាជធានីក៏បានស្នើអោយរដ្ឋបាលរាជធានី បង្ការ ទប់ស្កាត់គ្រោះអគ្គីភ័យនិងគ្រោះធម្មជាតិផ្សេងៗ។
ជុំវិញការលើកឡើងរបស់សមាជិកក្រុមប្រឹក្សារាជធានី ឯកឧត្តមកើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងថា៖ ចំពោះការងារទប់ស្កាត់បទល្មើសនានា ជាមួយការងារថែរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងនាមគណៈបញ្ជាការឯកភាពរាជធានី យើងបានធ្វើឡើងជាប្រចាំ និងទទួលបានភាពកក់ក្តៅពីប្រជាពលរដ្ឋ។
ឯកឧត្តមកើត ឆែ បានបញ្ជាក់បន្ថែមទៀតថា ចំពោះក្រុមអគតិ និងពួកជ្រុលនិយម ដែលគ្រោងនឹងរៀបចំធ្វើបាតុកម្ម ប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់ នាថ្ងៃទី១៨សីហាខាងមុខនេះ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានត្រៀមកម្លាំងរួចជាស្រេចហើយ គឺមិនឲ្យកើតមានចលនាជ្រុលនិយមខាងលើនេះ កើតមានជាដាច់ខាត ដោយធានាថា កិច្ចការពារសន្តិសុខ សុវត្ថិភាព និងការរក្សាស្ថេរភាពនយោបាយ ធានាបាន១០០ភាគរយ។
ចំពោះការងារបង្ការ ទប់ស្កាត់គ្រោះធម្មជាតិ ឯកឧត្ដម កើត ឆែ បានលើកឡើងថា៖ យើងនឹងបន្តបម្រើប្រជាពលរដ្ឋឲ្យអស់លទ្ធភាព ក្នុងការបង្ការ ទប់ស្កាត់គ្រោះធម្មជាតិ ដូចជាការបាក់ដើមឈើ រលំប៉ាណូនិងគ្រោះលិចលង់ដោយជំនន់ទឹកភ្លៀងជាដើម៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី













