Monday, May 25, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមរដ្ឋមន្ដ្រីឌិត ទីណា៖ ក្រសួងនឹងជួយសមាគមមូលនិធិអភិរក្សដំរីខ្មែរអៃរាវត្តា លើផ្នែកបច្ចេកទេសនិងអ្នកជំនាញក្នុងការថែទាំ បង្កាត់ពូជដំរី

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី​១២ ខែសីហា​ ឆ្នាំ​២០២៤​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្ត្រីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសមជាមួយសមាគមមូលនិធិអភិរក្សដំរីខ្មែរអៃរាវត្តា (Airavata Elephant Foundation) នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ និងកោតសរសើរចំពោះសមាគមក្នុងការពិនិត្យលទ្ធភាពសហការធ្វេីការជាមួយគ្នាទាំងលក្ខណៈច្បាប់ និងលក្ខណៈបច្ចេកទេស ដើម្បីឱ្យមានភាពប្រសើរឡើងក្នុងការអភិរក្សដំរីស្រុកនៅកម្ពុជា។

នៅក្នុងការងារនេះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់សមាគមឱ្យគិតគូរផ្តោតសំខាន់លេីសុខុមាលភាពដំរីឱ្យបានល្អ ត្រូវមានផែនការច្បាស់លាស់ ដើម្បីធានានូវប្រសិទ្ធភាព និងគិតគូរអំពីលទ្ធភាពបង្កកំណើត និងបង្កាត់ពូជ ដើម្បីបង្កើនបរិមាណនៃសត្វដំរីនេះ នៅក្នុងធម្មជាតិ។

ចំពោះការស្វែងរកការសហការផ្សេងៗ ឯកឧត្តមរដ្ឋមន្ដ្រីបានគូសបញ្ជាក់ថា ក្រសួងនឹងជួយសមាគមលើផ្នែកបច្ចេកទេសនិងអ្នកជំនាញក្នុងការថែទាំ បង្កាត់ពូជ ព្រមទាំងជំរុញការផ្សព្វផ្សាយ និងលើកទឹកចិត្តគាំទ្រក្នុងការទាក់ទាញប្រជាជនអ្នកស្រឡាញ់ចូលចិត្តសត្វដំរី ឱ្យក្លាយជាសមាជិកកត្តិយសនៃសមាគមខ្មែរអៃរាវត្តា៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×