Monday, May 25, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្រ្តីជាន់ខ្ពស់ក្រសួងយុត្តិធម៌ ចុះសិក្សាស្រាវជ្រាវដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅតំបន់ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាល នៅតាមបណ្តាខេត្តចំនួន ៤

ភ្នំពេញ ៖ នាថ្ងៃចន្ទ ទី១២ ខែសីហា ឆ្នាំ២០២៤, លោកជំទាវ ជា វាសនា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិកនៃ អ.ដ.ក. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក. បានអញ្ជើញដឹកនាំមន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. ចំនួន ១៣រូប និងមន្រ្តីនៃអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. មួយចំនួន ធ្វើដំណើរឆ្ពោះទៅកាន់ខេត្តរតនគិរី ដើម្បីចុះទៅមូលដ្ឋានផ្ទាល់របស់ប្រជាពលរដ្ឋ នៅតំបន់ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាល។

បេសកកម្មដែលដឹកនាំដោយលោកជំទាវ ជា វាសនា នាឱកាសនេះ ត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ក្នុងគោលបំណងធ្វើការសិក្សាស្រាវជ្រាវទៅលើអភិក្រមដែលមានប្រសិទ្ធភាព និងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅតំបន់ភូមិភាគឦសាន ដោយផ្តោតសំខាន់ទៅលើកិច្ចសហការជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការចូលរួមដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅតំបន់ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាលប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព។

គម្រោងចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅតំបន់ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាល គឺជាគម្រោងមួយដែលបង្កើតឡើងក្រោមការផ្តួចផ្តើមដោយ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី និងជាប្រធាន អ.ដ.ក. ដោយបានគិតគូរយកចិត្តទុកដាក់ដល់ការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ ពិសេសជនជាតិដើមភាគតិច និងប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយាល ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការបង្កើតឡើងនូវ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលជាយន្តការបន្ថែមថ្មីមួយទៀត ទៅលើយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដែលមានស្រាប់ដទៃទៀត។

សូមបញ្ជាក់ផងដែរថា គម្រោងចុះសិក្សាស្រាវជ្រាវនៅតំបន់ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាលនេះ នឹងត្រូវធ្វើឡើងនៅតាមបណ្តាខេត្តចំនួន ៤ (បួន) គឺ៖ ខេត្តរតនគិរី, ខេត្តមណ្ឌលគិរី, ខេត្តក្រចេះ, និងខេត្តស្ទឹងត្រែង៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×