Monday, May 25, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមរដ្ឋមន្រ្តី ហែម វណ្ណឌី ជំរុញអភិក្រមគាំទ្រធុរកិច្ច នៅពេលមន្ត្រីចុះជួបវិស័យឯកជនក្នុងមូលដ្ឋាន

ភ្នំពេញ ៖ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល និងពិភាក្សាការងារជាមួយ មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តព្រៃវែង និងរាជធានីភ្នំពេញ ដោយផ្តោតលើតួនាទីសំខាន់របស់មន្ទីរក្នុងការអភិវឌ្ឍឧស្សាហកម្ម និងធុរកិច្ចក្នុងមូលដ្ឋាន។

ឯកឧត្តមបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចធិបតី នាយក​រដ្ឋមន្ត្រីជូនដល់មន្ត្រីទាំងអស់ និងបានរំលេចពីបេសកកម្មរបស់ក្រសួងក្នុងការសម្រេចឱ្យបាននូវសមិទ្ធផល​សំខាន់ថ្មីៗសម្រាប់​រាជរដ្ឋាភិបាល​អាណត្តិទី៧។ ឯកឧត្តមបានលើកទឹកចិត្តថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ឱ្យស្វែងយល់ស៊ីជម្រៅពីយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ជាពិសេសទាក់ទងនឹងអាណត្តិកិច្ចរបស់ក្រសួង ព្រមទាំងសេវាសាធារណៈសម្រាប់គាំទ្រវិស័យឯកជន។

ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ការធ្វើពិពិធកម្មសេដ្ឋកិច្ចគឺជាស្នូលនៃយុទ្ធសាស្ត្រកំណើនរបស់​កម្ពុជា ហើយមន្ទីរជាតួអង្គដ៏សំខាន់ក្នុងការជំរុញដំណើរការនេះទៅមុខ។ ឯកឧត្តមបានលើកឡើងថា៖​ “ការធ្វើ​ពិពិធកម្ម​ពាក់ព័ន្ធនឹងក្រសួង-ស្ថាប័នជាច្រើន ប៉ុន្តែក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវា​នុវត្តន៍ មានតួនាទីស្នូលក្នុងការសម្របសម្រួលគ្រប់គ្រងការអភិវឌ្ឍវិស័យកម្មន្តសាល និងឧស្សាហកម្ម។”

ឯកឧត្តមបានលើកឡើងពីសារៈសំខាន់នៃការពង្រឹងសមត្ថភាពរបស់មន្ទីរឧស្សាហកម្ម ក្នុងការផ្តល់ប្រឹក្សា​ដល់​​វិស័យ​ឯកជន ពិសេសទាក់ទងនឹងបច្ចេកវិទ្យា និងគ្រឿងម៉ាស៊ីនដែលលើកកម្ពស់គុណភាព និង​ផលិត​ភាព។ ឯកឧត្តមបានណែនាំឱ្យបង្កើតយន្តការចែករំលែកទិន្នន័យក្នុងចំណោមមន្ទីរក្រោមរដ្ឋបាលរាជធានី-ខេត្ត ក៏ដូចជាការចែករំលែកទិន្នន័យជាមួយក្រសួង ដោយធ្វើយ៉ាងណាឱ្យមានលំហូរទិន្នន័យ​កាន់​តែប្រសើរ ដើម្បីលើកកម្ពស់ការធ្វើសេចក្តីសម្រេច​ចិត្ត និងគោលនយោបាយដែលមានព័ត៌មានច្បាស់លាស់។

ឯកឧត្តមបានណែនាំមន្ទីរទាំងពីរ ពិសេសនៅរាជធានីភ្នំពេញ ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ​និងធុរកិច្ចរបស់កម្ពុជា និងមានរោង​ចក្រ-សហគ្រាសរាប់ពាន់ទីតាំង ឱ្យបន្តនវានុវត្តន៍ ក្នុងរបៀបរបបការងាររបស់ខ្លួន ដោយលើកជា​ឧទាហរណ៍អំពីការដំឡើង​ឧបករណ៍​ចាប់សញ្ញា (sensor) សម្រាប់សុវត្ថិភាពឧស្សាហកម្ម ដើម្បីតាមដានកំដៅ និងកម្រិតបំពុល ដោយបញ្ជូនទិន្នន័យភ្លាមៗទៅកាន់ប្រព័ន្ធកណ្តាល ដើម្បីកាត់បន្ថយការចុះផ្ទាល់។

ឯកឧត្តមបាន​ប្រៀប​ធៀបការបណ្តុះធុរកិច្ចទៅនឹងការលូតលាស់របស់ដើមឈើ ដោយលើកឡើងថា៖ “យើងមិនត្រូវទៅអង្រួនដើមឈើ ពេលដែលវាទើបចាប់ផ្តើមលូតលាស់នោះទេ។ អ្វីដែលយើងត្រូវធ្វើគឺពូនជ្រុំ ស្រោចទឹក ដាក់ជី និងថែទាំវាឱ្យបានទៀងទាត់។ ក្រសួងកំពុងជំរុញអភិក្រមគាំទ្រធុរកិច្ច មិនមែនរំខានទេ នៅពេលដែលមន្ត្រីចុះជួបវិស័យឯកជនក្នុងមូលដ្ឋាន។”

អភិក្រមនេះឆ្លុះបញ្ចាំងកំណែទម្រង់របស់រាជរដ្ឋាភិបាល ដែលបានលុបបំបាត់ការចុះអធិការកិច្ច​ច្រើន​លើក ដោយបង្កើតយន្តការអធិការកិច្ចអន្តរក្រសួងរួម ដែលមានការសម្របសម្រួល និងធ្វើ​ឡើង​តែ​មួយ​ដង​ក្នុង​មួយ​ឆ្នាំ។

ទន្ទឹមនឹងនោះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យមន្ទីរទាំងពីរ ស្វែងរកឱកាស និងកំណត់សក្តានុ​ពល​បង្កើតតម្លៃ​បន្ថែមនៅក្នុងភូមិសាស្ត្ររបស់ខ្លួន ដោយលើឧទាហរណ៍នៃតម្រូវការវត្ថុធាតុដើមក្នុងវិស័យកាត់ដេរ ដូចជា ក្រណាត់ អំបោះ ឡេវ និងធាតុចូលផលិតកម្មផ្សេងទៀត ព្រមទាំងលើកទឹកចិត្តឱ្យមន្ទីរប្រមូល និងចែក​រំលែក​ទិន្នន័យនេះឱ្យបានទូលំទូលាយ។

ចំពោះការដឹកនាំស្ថាប័ន ឯកឧត្តមបានលើកឡើងពីការគ្រប់គ្រងខ្លួនឯង ដូចជាការមានវិន័យផ្ទាល់ខ្លួន ការអភិវឌ្ឍសមត្ថភាពជាបន្តបន្ទាប់ និងការថែរក្សាសុខភាព។ ឯកឧត្តមក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការផ្តល់ភាពយុត្តិធម៌ និងឱកាសស្មើគ្នា ដោយកំណត់តួនាទី និងទំនួលខុសត្រូវច្បាស់លាស់ ព្រមទាំងភាពចាំបាច់នៃការរៀបចំផែនការបន្តវេន្តឱ្យបានត្រឹមត្រូវ ដើម្បីធានាបាននូវនិរន្តរភាព និង​ប្រសិទ្ធភាពយូរ​អង្វែង​របស់ស្ថាប័ន៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×