Monday, May 25, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ ផ្ទុះការតវ៉ាសុំឱ្យសមត្ថកិច្ចចាប់មេតុងទីន ឈ្មោះ សាត ធីតា ប្រមូលយកលុយតុងទីនអស់ជាង៣០ម៉ឺនដុល្លារ

ខេត្តស្វាយរៀង : ប្រជាពលរដ្ឋរាប់រយនាក់ផ្ទុះការតវ៉ាសុំឱ្យអាជ្ញាធរមានសមត្ថកិច្ចអន្តរាគមន៍ដោះស្រាយ ករណីមេតុងទីន ឈ្មោះ សាត ធីតា បោកយកប្រាក់ពួកគាត់ជាកូនតុងទីនអស់ជាង ៣០ម៉ឺនដុល្លារ ហើយគេចខ្លួនទៅបាត់ ដែលហេតុការណ៍ផ្ទុះការតវ៉ានេះ កើតឡើងនៅវេលាម៉ោង ៤:៣០នាទី រសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ នៅចំណុចរង្វង់មូលរូបហនុមាណស្ថិតនៅភូមិខ្សែត្រ ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

បើតាមស្រ្តីម្នាក់ក្នុងចំណោមប្រជាពលរដ្ឋមកតវ៉ានេះបានប្រាប់អ្នកសារព័ត៌មានយើងថា  មេតុងទីន ឈ្មោះសាត ធីតា ភេទស្រី អាយុ៣០ឆ្នាំ មានទីលំនៅត្រង់ចំណុចផ្ទុះការតវ៉ាខាងលើ បានបោកយកប្រាក់
ពួកគាត់ជាកូនតុងទីនអស់ជាង ៣០ម៉ឺនដុល្លារ ដោយប្រើរូបភាព «ប្រកាស់បើកលេងតុងទីន តាម ”Facebook” ទំនាក់ទំនងតាមឆាត “Facebook” ថា តុងទីន មានពីរក្បាល ១អាទិត្យដេញម្តង, លេងដោយមានទំនុកចិត្តទំនួលខុសត្រូវខ្ពស់ បើចាប់អារម្មណ៍ឆាតមក តុងទីនមានក្បាល៥០ដុល្លារ និង២០ដុល្លារ។

ប្រភពនេះបន្តទៀតថា ប្រជាពលរដ្ឋក៏ជឿទុកចិត្ត បាននាំគ្នាចូលរួមលេងតុងទីន ជាមួយមេតុងទីនឈ្មោះ សាត ធីតា នេះ មានសមាជិក «កូនតុងទីន» ជាង១០០នាក់ ខ្លះលេងក្បាល៥០ដុល្លារ ខ្លះលេងក្បាល២០ដុល្លារ  មិននឹកស្មានថា ពេលប្រមូលបានប្រាក់ច្រើន ក៏គេចខ្លួន មិនបង់ឲ្យកូនតុងទីនវិញសោះ ទើបប្រជាពលរដ្ឋរងគ្រោះ លើកគ្នាមកតវ៉ានៅខាងមុខផ្ទះ មេតុងទីន សាត ធីតា  ដើម្បីសុំឲ្យអាជ្ញាធរមានសមត្ថកិច្ចអន្តរាគមន៍ដោះស្រាយ និងចាប់ឃាត់ខ្លួនមេតុងទីនរូបនេះ ឲ្យសងប្រាក់ឲ្យប្រជាពលរដ្ឋវិញ។

ទាក់ទិនករណីនេះដែរ សមត្ថកិច្ចប៉ុស្ត៍គបាលឃុំខ្សែត្របាន មានប្រសាសន៍ថា សូមឲ្យប្រជាពលរដ្ឋដាក់ពាក្យបណ្តឹងទៅតុលាការខេត្តស្វាយរៀងដោះស្រាយ ដោយករណីលេងតុងទីននេះ គឺខុសច្បាប់ គ្មានការអនុញ្ញាត ប្រព្រឹត្តដូចជាល្បែងស៊ីសង  ឯជនសង្ស័យ ឈ្មោះ សាត ធីតា រងការចោទប្រកាន់ពីប្រជាពលរដ្ឋប្រើល្បិចឆបោក ដោយប្រើរូបភាព លេងតុងទីន។ ចំណែកប្រជាពលរដ្ឋមិនបានសុំច្បាប់អនុញ្ញាតឬ រាយការណ៍ ជូនអាជ្ញាធរ មានសមត្ថកិច្ចទេ ពេលមេតុងទីនបោកយកប្រាក់ទៅបាត់ ទើបមកប្តឹងសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានឲ្យជួយអន្តរាគមន៍ដោះស្រាយ ដូច្នេះសូមប្រជាពលរដ្ឋដាក់ពាក្យបណ្តឹងទៅសាលាដំបូងខេត្តស្វាយរៀងទៅ។

សមត្ថកិច្ចសូមអំពាវនាវដល់ប្រជាពលរដ្ឋ ទាំងអស់មេត្តាពិចារណា ការលេងតុងទីន គឺមិនស្ថិតក្នុងការគ្រប់គ្រងរបស់ច្បាប់នោះទេ សូមកុំលេងតុងទីន ទោះបីតុងទីនមានមេប្រមូលប្រាក់ផ្ទាល់ ឬលេងតុងទីន តាម Facebook តាមឆាតក៏ដោយ គឺផុយស្រួយ ក្នុងការចាញ់បោកគេណាស់ ជនខិលខូចប្រើប្រាស់គ្រប់រូបភាពដើម្បីបោកប្រាស់យកប្រាក់ពីប្រជាពលរដ្ឋ ដូច្នេះសូមប្រុងប្រយ្នត័ បើមានការណ៍សង្ស័យ សូមរាយការណ៍ជូនសមត្ថកិច្ច មុនពេលសម្រេចចិត្តចូលរួមបណ្តាក់ទុនធ្វើអ្វីមួយ, តាមរូបភាព Facebook ខ្ចីប្រាក់ ឬចងការប្រាក់តាមប្រពន្ធ័ អនឡាញ ជាពិសេស ការលេងតុងទីន គឺជាការខុសច្បាប់៕ សុំ សុវណ្ណគីរី

×