Monday, May 25, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជាធ្វើជាម្ចាស់ផ្ទះជាលើកទី១ រៀបចំកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិនៃសហភាពប្រៃសណីយ៍អាស៊ីប៉ាស៊ីហ្វិក

សៀមរាប ៖ កម្ពុជាធ្វើជាម្ចាស់ផ្ទះជាលើកទី១ រៀបចំកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិនៃសហភាពប្រៃសណីយ៍អាស៊ីប៉ាស៊ីហ្វិក (APPU Executive Council Meeting – EC Meeting) ចាប់តាំងពីក្លាយជាសមាជិកនៃសហភាពនេះ នៅឆ្នាំ១៩៩៧ មក។

ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានអញ្ជើញជាអធិបតី ក្នុងពិធីបើកកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិនៃសហភាពប្រៃសណីយ៍អាស៊ីប៉ាស៊ីហ្វិក (APPU Executive Council Meeting – EC Meeting) នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ នៅខេត្តសៀមរាប ដោយមានការចូលរួមពីឯកឧត្តម METOKI Masahiko អគ្គនាយកសហភាពប្រៃសណីយ៍សកល ឯកឧត្តម Vinaya Prakash Singh អគ្គលេខាធិការសហភាពប្រៃសណីយ៍អាស៊ីប៉ាស៊ីហ្វិក តំណាងក្រសួងស្ថាប័ន និងអង្គភាពពាក់ព័ន្ធ សរុបប្រមាណ ២៨០រូប។

កិច្ចប្រជុំនេះ ធ្វើឡើងរយៈពេល៥ថ្ងៃ ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ នៅខេត្តសៀមរាប ដោយមានអ្នកចូលរួមពីប្រទេសចំនួន ២៤ ក្នុងចំណោមប្រទេសជាសមាជិកសរុបចំនួន ៣២, សហភាពប្រៃសណីយ៍សកល សហគមន៍ប្រៃសណីយ៍តាមតំបន់, សហករប្រៃសណីយ៍ និងអ្នកសង្កេតការណ៍ពីបណ្តាប្រទេសមួយចំនួន ក្នុងគោលបំណង ដូចខាងក្រោម៖

  • ពិនិត្យតាមដានការអនុវត្តការងារផ្សេងៗ ដែលកំណត់ដោយសេចក្តីសម្រេចនៃមហាសន្និបាត
  • ដាក់ចេញវិធានសម្រាប់ប្រតិបត្តិការសេវាប្រៃសណីយ៍អន្តរជាតិរវាងប្រទេសជាសមាជិក
  • រក្សាទំនាក់ទំនងជាមួយរដ្ឋបាលប្រៃសណីយ៍នៃប្រទេសសមាជិក
  • ពិនិត្យ និងអនុម័តផែនការថវិកាប្រចាំឆ្នាំ
  • ធ្វើទំនាក់ទំនងជាមួយស្ថាប័នពាក់ព័ន្ធវិស័យប្រៃសណីយ៍ក្នុងតំបន់និងសកល
  • រៀបចំប្រជុំ ដើម្បីសម្របសម្រួលផ្លាស់ប្តូរទស្សនៈគ្នា ក្នុងចំណោមប្រទេសសមាជិកក្នុងតំបន់ មុននឹងមហាសន្និបាតរបស់សហភាពប្រៃសណីយ៍សកល។

ថ្លែងក្នុងពិធីបើកនាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងអំពីសារៈសំខាន់របស់ប្រទេសជាសមាជិក ក្នុងការពង្រឹងការតភ្ជាប់បណ្តាញប្រៃសណីយ៍ ការធ្វើឌីជីថលនីយកម្មសេវាប្រៃសណីយ៍និងការពង្រឹងថ្នាលឌីជីថល សម្រាប់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ការចូលរួមគិតគូរដល់បរិស្ថានក្នុងប្រតិបត្តិការសេវាប្រៃសណីយ៍ ការកសាងសមត្ថភាពដល់បុគ្គលិកវិស័យប្រៃសណីយ៍ ដើម្បីសម្របខ្លួនតាមការវិវត្តនៃបច្ចេកវិទ្យានិងតម្រូវការអ្នកប្រើប្រាស់ និងការពង្រឹងភាពជាដៃគូជាមួយភាគីពាក់ព័ន្ធដើម្បីជំរុញនវានុវត្តន៍និងធ្វើឱ្យប្រសើរឡើងនៃសេវាប្រៃសណីយ៍។

សូមបញ្ជាក់ផងដែរថា កម្ពុជាបានក្លាយជាសមាជិកសហភាពប្រៃសណីយ៍សកល នៅឆ្នាំ១៩៥១ និងសហភាពប្រៃសណីយ៍អាស៊ី-ប៉ាស៊ីហ្វិក នៅឆ្នាំ១៩៩៧។ គិតមកដល់ពេលបច្ចុប្បន្ន សហភាពប្រៃសណីយ៍សកល មានប្រទេសជាសមាជិកសរុបចំនួន ១៩២ និង សហភាពប្រៃសណីយ៍អាស៊ី-ប៉ាស៊ីហ្វិក មានប្រទេសជាសមាជិកសរុបចំនួន ៣២៕ រក្សាសិទ្ធដោយ ៖​ សុទ្ធលី

×