Monday, May 25, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រីករាយទិវាសត្វដំរីពិភពលោក! សូមចូលរួមការពារសត្វដំរីដែលនៅសេសសល់ ជាពិសេសការពារទីជម្រកដ៏សំខាន់របស់ពួកវាសម្រាប់ការរស់រាន

ភ្នំពេញ ៖ បើតាមរបាយការណ៍របស់អង្គការ USAID បានឲ្យដឹងថា ដំរី គឺជាថនិកសត្វ រស់នៅជាហ្វូង មានភាពវៃឆ្លាត ហើយវាមានមាឌធំជាងគេក្នុងចំណោមសត្វលើគោកដទៃ។ នៅក្នុងធម្មជាតិ សត្វដំរីដើរតួនាទីដូចជាវិស្វករនៃប្រព័ន្ធអេកូឡូស៊ី ដោយមានមាឌធំសម្បើម ពេលវាធ្វើដំណើរ សត្វដំរីត្រួសត្រាយផ្លូវក្នុងព្រៃសម្រាប់សត្វតូចៗដទៃទៀត។ ដំរីដើរតួនាទីយ៉ាងសំខាន់ក្នុងការបែកខ្ញែកគ្រាប់ពូជនៅក្នុងព្រៃ និងត្រូវការជម្រកធម្មជាតិដែលមានទំហំធំសមរម្យដើម្បីចល័ត ស្វែងរកចំណី និងរស់រានមានជីវិត។

នៅកម្ពុជា មានដំរីមួយប្រភេទដែលមានឈ្មោះថា «ដំរីអាស៊ី» ជាប្រភេទសត្វជិតផុតពូជក្នុងបញ្ជីក្រហមអង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ និងកំពុងរងការគំរាមកំហែងពីការបាត់បង់ទីជម្រកទូទាំងពិភពលោក។ យោងតាមក្រសួងបរិស្ថាននៅ​កម្ពុជា ​មានដំរី​អាស៊ី​ចំនួន​ប្រមាណ​ពី​ ៤០០ ទៅ ៦០០ ក្បាល ដែល​ភាគ​ច្រើនរស់​​នៅក្នុង​តំបន់​ជួរភ្នំក្រវាញ​ តំបន់ខ្ពង់រាបខាងជើងទន្លេសាប និងតំបន់​ខ្ពង់​រាប​ភាគ​ខាង​កើតដែលជាតំបន់មានជីវៈចម្រុះសម្បូរបែប និងមានទីជម្រកអំណោយផលដល់ការរស់នៅរបស់សត្វដំរី និងសត្វព្រៃផ្សេងៗទៀត។

នៅតំបន់ជួរភ្នំក្រវាញកណ្តាល USAID មរតកបៃតង ដោយមានការសហការជាមួយ អង្គការអភិរក្សអន្តរជាតិកម្ពុជា Legacy Landscapes Fund និង P&G កំពុងធ្វើការរួមគ្នាជាមួយរាជរដ្ឋាភិបាលកម្ពុជា សហគមន៍មូលដ្ឋាន និងដៃគូអភិវឌ្ឍន៍ដើម្បីការពារសត្វព្រៃរួមទាំងដំរីអាស៊ី និងជម្រករបស់វាតាមរយៈគម្រោងរេដបូក។

សូមចូលរួមការពារសត្វដំរីដែលនៅសេសសល់ ជាពិសេសការពារទីជម្រកដ៏សំខាន់របស់ពួកវាសម្រាប់ការរស់រានតទៅមុខទៀតនៃសត្វដ៏កម្រនេះ៕ រក្សាសិទ្ធដោយ ៖​ សុទ្ធលី

×