ភ្នំពេញ ៖ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា – CMAC បានឲ្យដឹងថា រដូវវស្សាពោរពេញទៅដោយទឹកភ្លៀង ហើយតំបន់មួយចំនួនក៏កំពុងទទួលរងនូវការគំរាមកំហែងដោយសារទឹកជំនន់។ ជាសារដាស់តឿន ចំពោះប្រជាពលរដ្ឋទាំងអស់ សូមបងប្អូនត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់ ជាពិសេសបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមតំបន់ដែលសង្ស័យថាមីន សូមបង្កើនការប្រុងប្រយ័ត្នពេលធ្វើដំណើរ ព្រោះគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្រ្គាមអាចនឹងហូរតាមទឹក ឬផុសចេញពីដីដែលបានកប់ជាច្រើនឆ្នាំ។
សូមកុំប៉ះពាល់គ្រាប់មីនទាំងនោះ ហើយមេត្តាដាក់សញ្ញាសម្គាល់ និងសូមរាយការណ៍មកអង្គភាពស៊ីម៉ាក់ ប្រសិនបើលោកអ្នកប្រទះឃើញគ្រាប់មីន ហូរតាមទឹកទាំងនោះ។
របាយការណ៍សង្ខេបរបស់នាយកដ្ឋានផែនការ និងប្រតិបត្តិការស្តីអំពីរបាយការណ៍សមិទ្ធផលបោសសម្អាតមីន ក្នុងឆមាសទី១ (មករា-ឧសភា) ដើមឆ្នាំ២០២៤។ រយៈពេល៦ខែដើមឆ្នាំ២០២៤នេះ អង្គភាពស៊ីម៉ាក់បានធ្វើការបោសសម្អាតផ្ទៃដីចម្ការមីន និងចម្ការគ្រាប់សរុបចំនួន ១១២.៦៣៩.២៦០ ម៉ែត្រក្រឡា ក្នុងនោះរុករកឃើញនិងកម្ទេចចោលគ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទ សរុបចំនួន ៨៨៩.១២៩គ្រាប់ ក្នុងនោះគ្រាប់មីនប្រឆាំងមនុស្សចំនួន ៨.០៩២ គ្រាប់ មីនប្រឆាំងរថក្រោះចំនួន ១២៦គ្រាប់ មីនច្នៃចំនួន ៤គ្រាប់ គ្រាប់បែកទម្លាក់ពីយន្ដហោះនិងគ្រាប់បែកចង្កោមចំនួន ២៨គ្រាប់ រួមជាមួយគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន ៥២.៤៤៥គ្រាប់៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី















