ខេត្តសៀមរាប ៖ ក្រុមក្មេងទំនើងចំនួន ១០នាក់ សមត្ថកិច្ចរកឃើញ ៤នាក់ មានគ្រឿងញៀនដែលតែងតែបង្កអសន្តិសុខអុកឡុកនៅកណ្ដាលក្រុងសៀមរាប ត្រូវបានកម្លាំងនគរបាលក្រុងសៀមរាបបង្ក្រាបបានហើយ ដោយបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការបន្ត តាមនីតិវិធីច្បាប់ ។
តាមប្រភពពីសមត្ថកិច្ចនគរបាលជំនាញខេត្តសៀមរាប បានប្រាប់នៅថ្ងៃទី១១ ខែ សីហាឆ្នាំ២០២៤នេះថា ៖ កម្លាំងនគរបាលក្រុងសៀមរាប បានធ្វើការបង្ក្រាបក្មេងទំនើង ដែលតែងតែធ្វើសកម្មភាពបង្កអសន្តិសុខ នៅកណ្តាលក្រុងរហូតឈានដល់សៀមរាប និងធ្វើការឃាត់ខ្លួន បានជនសង្ស័យចំនួន១០នាក់ ដែលពាក់ព័ន្ធករណីអំពើលួចដោយប្រើហិង្សា(កាប់យកផ្លាកលេខ) និង ហិង្សាដោយ ចេតនាមានស្ថានទម្ងន់ ទោស ( វាយជនរងគ្រោះ និង ដុំថ្ម, ខ្សែ ក្រវាត់ មួកការពារ ) និងធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ( គប់ដុំថ្មលើតូប របស់អ្នកលក់ដូរ )។
ប្រភពបានបន្តថា ៖ ក្រុមក្មេងទំនើងបានបង្កហេតុ កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង០៣និង១៥នាទី ទៀបភ្លឺ នៅចំណុចខាងកើតវត្តពោធិលង្កា ស្ថិតក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប និងនៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង០២និង៥០នាទី នៅតូបលក់អីវ៉ាន់ចាបហួយ ស្ថិតក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប។
ជាមួយគ្នានេះ សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងមួយចំនួនរួមមាន៖ ម៉ូតូជិះធ្វើសកម្មភាពរបស់ជនសង្ស័យចំនួន០៣ គ្រឿង ដុំថ្ម០៧ដុំ ដាវ ១ដើម។
បើតាមប្រភពពីសមត្ថកិច្ចខេត្តសៀមរាបបានបញ្ជាក់ថា ៖ ក្នុង ចំណោមជនសង្ស័យទាំង១០នាក់ សមត្ថកិច្ចបានរកឃើញជនសង្ស័យចំនួន០៤នាក់ ដែលប្រើប្រាស់គ្រឿងញៀនខុសច្បាប់។
បច្ចុប្បន្នជនសង្ស័យព្រមទាំងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ដើម្បីបន្តអនុវត្តតាមនិតិវិធីច្បាប់៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី




