កំពង់ធំ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤នេះ បានចុះពិនិត្យតំបន់លិចទឹកដោយទឹកជំនន់នៅឃុំកំពង់គោ ស្រុកកំពង់ស្វាយ ព្រមទាំងពិនិត្យការដ្ឋានសាងសង់ទំនប់ទឹកកំពង់គោ និងការដ្ឋានសាងសង់ទំនប់ស្ទាក់ទឹកស្ទឹងស្លាប់ នៅឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ។
សម្តេចធិបតីបានថ្លែងថា ទំនប់ស្ទាក់ទឹកទាំងពីរនេះ ពេលសាងសង់រួចរាល់អាចនឹងធានាទឹកសម្រាប់ការស្រោចស្រពផ្ទៃដីស្រែចម្ការបស់ប្រជាពលរដ្ឋប្រមាណជាង១២ ម៉ឺនហិចតានៅរដូវប្រាំង។
បើតាមការបញ្ជាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត, ទំនប់ស្ទាក់ទឹកស្ទឹងស្លាប់ ក៏នឹងដេីរតួនាទីក្នុងការពង្វាងទឹកធ្លាក់ពីស្ទឹងជីនិតប៉ែកខាងលើនៃខេត្តព្រះវិហារចូលទៅស្ទឹងសែន ដែលនឹងជួយកាត់បន្ថយហានិភ័យនៃការលិចលង់ក្រុងស្ទឹងសែន និងតំបន់ជុំវិញ។
ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ទំនប់ស្ទាក់ទឹកកំពង់គោ មានការងារសំខាន់ៗដូចជា សាងសង់សំណង់ស្ទាក់ទឹកកំពង់គោចំនួន ១កន្លែង និងស្តារស្ទឹងស្លាប់ប្រវែងប្រមាណ ៣០គីឡូម៉ែត្រ។ គម្រោងនេះ មានសមត្ថភាពស្ដុកទឹកបានប្រមាណ ៣០០លានម៉ែត្រគូប សម្រាប់បម្រើការស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលកសិកម្ម ដំណាំរួមផ្សំគ្រប់ប្រភេទ និងបម្រើដល់ការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងក្រុង-ស្រុកចំនួន ៥នៃខេត្តកំពង់ធំ ដែលរួមមានក្រុងស្ទឹងសែន ស្រុកកំពង់ស្វាយ ស្រុកសន្ទុក ស្រុកប្រាសាទបល្ល័ង្គ និងស្រុកសណ្តាន់។ ទន្ទឹមនឹងនេះបានដើរតួនាទីក្នុងការពង្វាងទឹកដែលធ្លាក់ពីប៉ែកខាងលើនៃខេត្តព្រះវិហារចូលទៅស្ទឹងសែន និងជួយកាត់បន្ថយហានិភ័យនៃការជន់លិចក្នុងក្រុងស្ទឹងសែន និងតំបន់ជុំវិញផងដែរ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី






















