ភ្នំពេញ ៖ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា កំពង់ផែរាម គ្មានវត្តមានកងទ័ពចិនឈរជើង ដូចពាក្យចចាមអារ៉ាមទេ ប៉ុន្តែកម្ពុជាបានប្រែក្លាយកំពង់ផែរាមទៅជាកំពង់ផែទឹកជ្រៅដើម្បីសម្រួលដល់ការដឹកជញ្ជូន។
លោកបណ្ឌិតសភាចារ្យ បានថ្លែងយ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញចូលរួមក្នុងកម្មវិធីដែលរាជបណ្ឌិត្យសភាកម្ពុជា សហការជាមួយនឹងអគ្គស្ថានីយ៍វិទ្យុនិងទូរទស្សន៍មជ្ឈិមចិន រៀបចំកិច្ចសន្ទនាស្តីពី ដំណើរថ្មីនៃកំណែទម្រង់ប្រទេសចិន កាលានុវត្តភាពថ្មីនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន កាលពីរសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យនៃរាជបណ្ឌិត្យសភាកម្ពុជា និងឯកឧត្ដម WANG Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា។
ថ្លែងតាមរយៈវីដេអូ ឯកឧត្តម Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និង ទូរទស្សន៍មជ្ឈិមចិន បានថ្លែងថា សម័យប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិននីតិកាលទី២០ ដែលទើបបញ្ចប់ទៅដោយជោគជ័យនៅរដ្ឋធានីប៉េកាំង គឺជាជំហាននៃយុគសម័យថ្មី ដែលទំនើបកម្មបែបផែនចិន។ ឯកឧត្ដមបានលើកឡើងអំពីប្រសាសន៍ឯកឧត្ដម ស៊ី ជីនពីង ដែលលើកឡើងថា កំណែទម្រង់និងការបើកទូលាយ ដែលជាបដិវត្តន៍ទី២របស់ចិន មិនត្រឹមតែបានកែប្រែប្រទេសចិនទេ តែក៏បានជះឥទ្ធិពលជ្រាលជ្រៅដល់ពិភពលោកផងដែរ។ ការធ្វើឱ្យស៊ីជម្រៅគ្រប់ជ្រុងជ្រោយនូវកំណែទម្រង់របស់ចិននៅក្នុងយុគសម័យថ្មី ជាមធ្យោបាយគន្លឹះ ដែលប្រើប្រាស់ទំនើបកម្មបែបផែនចិន ជំរុញគ្រប់ជ្រុងជ្រោយនូវការងើបឡើងវិញនៃប្រជាជាតិ និងកិច្ចកសាងប្រទេសជាតិដ៏ខ្លាំងក្លា ហើយក៏នឹងផ្ដល់ជំនួយថ្មីដល់មាគ៌ាស្វែងរកការធ្វើទំនើបកម្មនិងប្រព័ន្ធសង្គមកាន់តែល្អរបស់មនុស្សជាតិ ផ្ដល់កាលានុវត្តភាពថ្មីដល់គ្រប់ប្រទេសទាំងអស់។
នៅក្នុងឱកាសថ្លែងសុន្ទរកថាគន្លឹះ ឯកឧត្ដម WANG Wenbin បានបង្ហាញសេចក្ដីសោមនស្សចំពោះការរៀបចំកិច្ចសន្ទនានាឱកាសនេះ ដែលឯកឧត្ដមបានជួបនឹងបញ្ញវន្តនិងអ្នកសារព័ត៌មានកម្ពុជា ដើម្បីចែករំលែកព័ត៌មានដ៏អស្ចារ្យនៃកំណែទម្រង់របស់សាធារណរដ្ឋប្រជាមានិតចិន និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា នៅក្រោយប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិននីតិកាលទី២០ ដែលពាក់ព័ន្ធនឹងកំណែទម្រង់ប្រទេសចិន។ ឯកឧត្ដមបានលើកឡើងនូវប្រវត្តិនៃកិច្ចប្រជុំពេញអង្គនៃបក្សកុម្មុយនីស្តចិននាពេលកន្លងមក និងកិច្ចប្រជុំពេញអង្គនៃបក្សកុម្មុយនីស្តចិននាខែកក្កដាថ្មីៗនេះថា គឺជាបង្អួចសំខាន់មួយសម្រាប់បរទេសដែលអាចស្វែងយល់ពីប្រទេសចិន ដែលបើកចំហរ ហើយគេពិតជាបានមើលឃើញប្រទេសចិន នៅក្នុងវឌ្ឍនភាពថ្មី ការចាត់ចែងការងារដោយផ្ទាល់ និងជំរុញដោយផ្ទាល់ ហើយសម្រេចបានដោយជោគជ័យលើកំណែទម្រង់គ្រប់វិស័យ សម្រាប់ការផ្លាស់ប្ដូរជាប្រវត្តិសាស្ត្រ ជាប្រព័ន្ធ និងជារួម។
ជាមួយគ្នានេះដែរ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានថ្លែងក្នុងឱកាសបើវេទិកាកិច្ចសន្ទនានេះថា កម្ពុជា-ចិន បានមានទំនាក់ទំនងជាមួយគ្នាអស់រយៈពេលជាង២ពាន់ឆ្នាំកន្លេងទៅហើយ ហើយភស្តុតាងដែលជាសាក្ខីភាពនេះគឺ ចម្លាក់នៅលើជញ្ជាំងប្រាសាទបាយ័ន ដែលគូសបញ្ជាក់អំពីវត្តមានចិននៅកម្ពុជា ពិសេសអ្នកការទូតចិនគឺលោក ជីវ តាក្វាន់ ដែលអ្នកបានកត់ត្រានូវប្រវត្តិសាស្ត្រនិងស្ថានភាពរស់នៅរបស់ប្រជាជនខ្មែរ ពិសេសនៅក្នុងសម័យអង្គរ ហើយស្នាដៃរបស់លោក ក៏បានក្លាយជាឯកសារដ៏សំខាន់មួយបន្ថែមទៀត នៅក្នុងការសិក្សាប្រវត្តិសាស្ត្រខ្មែរផងដែរ។ ឯកឧត្ដមបណ្ឌិតសភាចារ្យបានផ្ដល់អនុសាសន៍ថា កម្ពុជានិងចិនអាចពង្រឹងទំនាក់ទំនងនឹងគ្នាតាមរយៈវិស័យទេសចរណ៍ ដែលឯកឧត្ដមបណ្ឌិតសភាចារ្យសង្ឃឹមថា ប្រព័ន្ធផ្សព្វផ្សាយចិននឹងផ្សព្វផ្សាយអំពីសក្ដានុពលទេសចរណ៍របស់កម្ពុជា ពិសេសទេសចរណ៍វប្បធម៌ដ៏សម្បូរបែប ដែលប្រទេសកម្ពុជាជាប្រទេសមានវប្បធម៌ដ៏ចំណាស់មួយនៅអាស៊ីអាគ្នេយ៍។
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ក៏បានបានជំរុញឱ្យភាគីទាំងពីរ កម្ពុជា-ចិន ត្រូវបង្កើនកិច្ចសហប្រតិបត្តិការតាមរយៈការផ្ដល់ព័ត៌មានឱ្យគ្នាទៅវិញទៅមក ដោយឯកឧត្ដមបានថ្លែងសង្កត់ធ្ងន់ថា ការផ្សព្វផ្សាយព័ត៌មានទៅកាន់ប្រជាជនទាំងពីរ កម្ពុជា-ចិន និងការជំរុញការផ្លាស់ប្ដូរប្រជាជននិងប្រជាជន គឺជាយន្តការដ៏សំខាន់នៅក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី កម្ពុជា-ចិន។
បណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា ពិភពលោកនាពេលបច្ចុប្បន្ននេះមានសង្រ្គាមចំនួន៤ សំខាន់ៗ ដែលជាប្រកួតប្រជែងរបស់មហាអំណាច ហើយនាំឲ្យកម្ពុជាក្លាយជាតាបប៊ីយែរបស់មហាអំណាច។ ដូច្នេះកម្ពុជា-ចិន ចិន ត្រូវតែធ្វើកិច្ចសហប្រតិបត្តិការ និងចែករំលែកព័ត៌មាន ឱ្យគ្នាទៅវិញទៅមក លើគ្រប់វិស័យដើម្បីក្លាយជាត្បូងពេជ្រដ៏ល្អ នៅក្នុងបរិបទនៃការប្រកួតប្រជែងដ៏តានតឹងរបស់ពិភពលោកនេះ។
សម្រាប់លោកបណ្ឌិតសភាចារ្យ ទន្ទឹមនឹងកិច្ចសហប្រត្តិបត្តិការរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល ទំនាក់ទំនងរវាងប្រជាជន និងប្រជាជនក៏សំខាន់ខ្លាំងណាស់ដែរ។ នាពេលបច្ចុប្បន្ននេះ ប្រជាជនខ្មែរស្គាល់ចិន ស្គាល់ប្រពៃណី វប្បធម៌ចិន ប៉ុន្តែប្រជាជនចិននៅមិនទាន់ស្គាល់ពីខ្មែរច្រើននៅឡើយ។ ដូច្នេះខាងក្រសួងឃោសនាការរបស់ចិន នឹងចាប់ផ្ដើមបកប្រែវប្បធម៌របស់កម្ពុជា ជាភាសាចិន ហើយដាក់តាមកាប៉ាវយន្តហោះដើម្បីឲ្យគេស្គាល់ពីកម្ពុជា ហើយរាជបណ្ឌិត្យសភាកម្ពុជា នឹងចូលរួមលើកិច្ចការងារនេះផងដែរ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី












