ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីភាព ពិធីផ្លាស់ប្តូរអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងធនាគារទាំង០៨ នៅវិមានសន្តិភាពព្រឹកថ្ងៃសុក្រ ទី៩ សីហា ២០២៤។
សម្តេចមហាបវរធិបតី បានមានប្រសាសន៍ថា “ខ្ញុំសូមអរគុណធនាគារទាំងអស់ ដែលបានសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅក្នុងការចាប់ផ្តើម និងការអនុវត្តគម្រោងថ្នាក់ជាតិដ៏មានសារៈសំខាន់នេះ រហូតយើងអាចផ្លាស់ប្តូរអនុស្សារណៈយោគយល់គ្នា នាថ្ងៃនេះ”។
សម្តេចធិបតី បានថ្លែងថា គោលបំណងនៃអនុស្សារណ:យោគយល់គ្នានេះ គឺកិច្ចសហការជាយុទ្ធសាស្ត្រ និងការយោគយល់គ្នារវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងធនាគារគំរូទាំង ៨ នេះ គឺដើម្បីផ្តល់ឥណទានគាំទ្រដល់ពលករ និងសិក្ខាកាម ដែលត្រូវទៅធ្វើការនៅបរទេសឱ្យទទួលបានទំហំឥណទានដ៏សមស្របជាមួយអត្រាការប្រាក់សមរម្យ និងមានលក្ខខណ្ឌឥណទានល្អប្រសើរ សម្រាប់ចំណាយលលើការបំពេញឯកសារ និងសេវាកម្មផ្សេងៗ មុននឹងចេញដំណើរទៅធ្វើការនៅបរទេស។
ក្នុងនោះរួមមាន៖ ១- ធនាគារ ខេប៊ីប្រាសាក់ ម.ក (KB PRASAC Bank Plc), ២- ធនាគារ អ៊ូរី (ខេមបូឌា) ម.ក (Woori Bank Cambodia រឺ WBC, ៣- ធនាគារប្រៃណីយ៍កម្ពុជាម.ក, ៤- ធនាគារកាណាឌីយ៉ា (Canadia Bank) ៥- ធនាគារ អេស៊ីលីដា (ACLEDA Bank) ៦- ធនាគារ វឌ្ឍនៈអាស៊ី ចំកាត់ (ABA) ៧- ធនាគារ វឹង (ខេមបូឌា) ម.ក (Wing Bank) និង ៨- ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក (SBI LY HOUR PLC)៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី



















