ភ្នំពេញ ៖ គណៈកម្មការចំពោះកិច្ចនៃការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់សម្ដេចធិបតី” បានអំពាវនាវព្រឹទ្ធាចារ្យកីឡាចាស់ៗបានចូលរួមព្រឹត្តិការណ៍នេះឱ្យបានច្រើន ដើម្បីមានឱកាសបង្ហាញទាំងក្បាច់គុន និងការរៀបចំខ្លួន ក្នុងន័យអភិរក្ស និងអភិវឌ្ឍយុទ្ធគុនខ្មែរ។ សម្រាប់ការប្រកួតមាន២ប្រភេទ គឺ ប្រយុទ្ធ និងសម្ដែង។ ចំពោះប្រភេទសម្ដែងមានពីចន្លោះអាយុ១៥ឆ្នាំដល់៧០ឆ្នាំ។
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានឹងរៀបចំការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់សម្ដេចធិបតី” ជារៀងរាល់ឆ្នាំចាប់ពីឆ្នាំ ២០២៤ តទៅ ដោយព្រឹត្តិការណ៍ដំបូងនឹងប្រព្រឹត្តទៅពីថ្ងៃទី១៨ ខែតុលា ឆ្នាំ ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ។
នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការរៀបចំព្រឹត្តិការណ៍ប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់សម្ដេចធិបតី” ដែលបានរៀបចំនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាកាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ឯកឧត្ដមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានថ្លែងថា ការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់សម្ដេចធិបតី” គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដោយគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ ព្រឹត្តិការណ៍នេះធ្វើឡើងដើម្បីគាស់រំលើងឡើងវិញនូវយុទ្ធគុនបុរាណរបស់បុព្វបុរសដូនតាខ្មែរគ្រប់ជំនាន់ក្រោមស្មារតីអភិរក្សដើម្បីអភិវឌ្ឍ, អភិវឌ្ឍដើម្បីអភិរក្ស មរតកគុនខ្មែរបុរាណ ។
ឯកឧត្ដមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី បានបន្តថា បន្ទាប់ពីទទួលបានអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពី សម្ដេចធិបតីនាយករដ្ឋមន្ត្រី លើការៀបចំការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណរួចមក គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានរៀបចំលិខិត នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ស្នើសុំអនុញ្ញាតជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីសម្ដេចធិបតីនាយករដ្ឋមន្ត្រីដើម្បីឱ្យសហព័ន្ធកីឡាយុទ្ធគុនខ្មែរចម្រុះកម្ពុជា សហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រសួង ស្ថាប័ន អាជ្ញាធពាក់ព័ន្ធ រួមទាំងផ្នែកឯកជនរៀបចំប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់សម្ដេចធិបតី” នេះ ។
បន្ទាប់ពីការស្នើសុំនេះទីស្ដីការគណៈរដ្ឋមន្ត្រីក៏បានចេញលិខិតលេខ ៨៣៨ សជណ.ពទ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ ២០២៤ ឯកភាពជាគោលការណ៍របស់រាជរដ្ឋាភិបាល អនុញ្ញាតឱ្យសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា សហការជាមួយ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជារៀបចំការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់សម្ដេចធិបតី” ជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ ២០២៤ តទៅ ដោយព្រឹត្តិការណ៍ដំបូងនឹងប្រព្រឹត្តិទៅពីថ្ងៃទី១៨ ខែតុលា ឆ្នាំ ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី










