ខេត្តស្វាយរៀង : សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានលើកឡើងថា ការបើកប្រាក់ឧបត្ថម្ភគោលនយោបាយដល់និវត្តជន អតីតយុទ្ធមិត្តបម្រើកងទ័ពឆ្នាំ១៩៧៨ នាពេលនេះ និងការបង្កើតគណៈយុទ្ធមិត្តបម្រើកងទ័ពឆ្នាំ១៩៧៨ គឺក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ជាមគ្គុទេសឯក និងជាស្ថាបនិកនយោបាយឈ្នះ ឈ្នះ ដែលមាន គោលដៅវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ រំដោះប្រទេសជាតិ សង្គ្រោះអាយុជីវិតប្រជាជនកម្ពុជា និងមានវិសាលភាពអនុវត្តតែចំពោះយុទ្ធជន យុទ្ធនារី ដែលបានចូលបម្រីកងទ័ព និងស្ថិតក្រោមការដឹកនាំ គ្រប់គ្រងបញ្ជាដោយផ្ទាល់របស់ សម្តេចតេជោ នាពេលនោះតែប៉ុណ្ណោះ។
ការលើកឡើងបែបនេះរបស់ សម្តេចកិត្តិសង្គហបណ្ឌិត នាយឧត្តមសេនីយ៍ ម៉ែន សំអន និងជាប្រធានគណៈយុទ្ធមិត្ត បម្រើកងទ័ពឆ្នាំ១៩៧៨ ធ្វើឡើងក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានកិត្តិយសគណៈយុទ្ធមិត្តបម្រើកងទ័ពឆ្នាំ១៩៧៨ ក្នុងឱកាសសម្តេចកិត្តិសង្គហបណ្ឌិតអញ្ជើញជា អធិបតីក្នុងពិធី ជួបជុំអតីតយុទ្ធមិត្តបម្រើកងទ័ពឆ្នាំ១៩៧៨ ចំនួន ៦៦៧នាក់ មកពី១៨ រាជធានី-ខេត្ត ដើម្បីបើកប្រាក់ឧបត្ថម្ភគោលនយោបាយ ១លើក ក្រោយពេលដាក់ឱ្យសោធននិវត្តន៍។ ពិធីជួបជុំបានរៀបចំឡើងនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ ។
សម្តេចកិត្តិសង្គហបណ្ឌិត បានផ្តាំផ្ញើដល់អង្គពិធីទាំងមូលដូចតទៅ ÷
- ត្រូវរួមគ្នាថែរក្សាសុខសន្តិភាព ការពារសមិទ្ធិផលរបស់រាជរដ្ឋាភិបាល និងសមិទ្ធិផល របស់គណបក្សប្រជាជនកម្ពុជាឱ្យនៅស្ថិតស្ថេរគង់វង្សសម្រាប់ទុកជាកេរដំណែលដល់កូនចៅជំនាន់ក្រោយ។
– ត្រូវអប់រំកូនចៅឱ្យក្លាយជា កូនល្អ សិស្សល្អ ពលរដ្ឋល្អនៅក្នុងសង្គមជាតិ រស់នៅ គោរពច្បាប់ចរាចរណ៍ និងចាកឆ្ងាយពីគ្រឿងញៀន ក្រុមក្មេងអន្ធពាល អនាធិបតេយ្យ ដែលបានបំផ្លាញសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈក្នុងសង្គមជាតិយើង។
– ចូលរួមការពារអនាម័យបរិស្ថានឱ្យបានស្អាត ដើម្បីខ្លួនយើង ដើម្បីទាំងអស់គ្នា និងដើម្បីកិត្តិយសមោទនភាពជាតិរបស់យើង។
ក្នុងពិធីនេះដែរ គេសង្កេតឃើញ អតីតយុទ្ធជនដែលទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលតែងតែបានគិតគូរដល់សុខទុក្ខអតីតកងទ័ពនាពេលនេះ ដោយបានបង្ហាញ អំពីការយកចិត្តទុក្ខដាក់ និងការទទួលខុសត្រូវខ្ពស់ អំពីជីវភាពរស់នៅរបស់កងទ័ព៕ ពិសិដ្ឋ CEN




























